website_news:2019150812

ក្នុងឆមាសទី១ មានសាកសពពលករខ្មែរ៧១នាក់ បញ្ជូនមកកម្ពុជាវិញ

https://thmeythmey.com/ 14, Aug 2019 , 10:59 pm

ភ្នំពេញ៖ ក្នុងឆមាសទី១ មានពលករខ្មែរ៧១នាក់ ដែលទៅធ្វើការនៅក្រៅប្រទេស បានបាត់បង់ជីវិត។ សពពលករទាំងនោះ បានបញ្ជូនមកកម្ពុជាជាផ្លូវការ ធ្វើបុណ្យតាមប្រពៃណី។ នេះបើតាមរបាយការណ៍ស្តីពីការប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣នៃក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ។

របាយការណ៍ បានបង្ហាញថា មានពលករខ្មែរជាង២ម៉ឺននាក់ ដែលបានបញ្ជូនត្រឡប់មកខ្មែរវិញ ដោយសារតែពួកគេជួបនឹងបញ្ហាផ្សេងៗក្នុងអំឡុងពេលបំពេញការងារ។ ដំណើរវិលត្រឡប់របស់ពលករខ្មែរទាំងនោះ មានការជួយជ្រុមជ្រែងពីក្រសួងបរទេស ក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ដែលបានសង្គ្រោះទាន់ពេលវេលា។ បើតាមរបាយការណ៍ដដែល មានពលករកម្ពុជា២១.៧៤៦នាក់ ស្រី ៩.៤២៥នាក់ ដែលបានវិលត្រឡប់មកខ្មែរវិញ ក្នុងនោះមានពលករខ្មែរ២១.៦៥៨នាក់ ត្រូវបានបញ្ជូនមកពីប្រទេសថៃ។ របាយការណ៍ដដែល បានបន្ថែមថា ក្នុងមួយឆមាសកន្លងទៅនេះ មានពលករកម្ពុជាដែលជួបគ្រោះថ្នាក់បង់បាត់ជីវិត ចំនួន៧១សាកសព ក្នុងនោះស្រី១២នាក់ និងកុមារម្នាក់ ត្រូវបានបញ្ជូនមកមាតុភូមិវិញ ដោយមិនគិតពីសាកសពដែលត្រូវបានបូជា ឬមិនបានរាយការណ៍នៅប្រទេសគោលដៅទេ។

គួរបញ្ជាក់ថា កាលពីឆមាសទីមួយ ឆ្នាំ២០១៨ អាជ្ញាធរបរទេសបានបញ្ជូនពលករខ្មែរខុសច្បាប់ជិត២ម៉ឺននាក់ពីប្រទេសចំនួន១៨។ ក្នុងនោះអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់សរុប១៩,៣៧៩នាក់៕

website_news/2019150812.txt · Last modified: 2019/08/15 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki