website_news:2019160101

មេភូមិភាគ ៥ខ្មែរ និងមេការពារព្រំដែនច័ន្ទបូរី-ត្រាតថៃសន្យារឹតបន្តឹងបទល្មើសតាមព្រំដែនប្រទេសទាំងពីរឲ្យកាន់តែប្រសើរ

http://bayontv.com.kh/ 15/01/2019

បាត់ដំបង៖ ឧត្ដមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោកឧត្ដមនាវីត្រី បាំរ៉ុងរ៉ាក់ សៈការ៉ាត់កាណុន មេបញ្ជាការរងកងកម្លាំងការពារព្រំដែនថៃច័ន្ទបូរី-ត្រាតបានសន្យារួមគ្នាថានឹងរឹតបន្តឹង និងទប់ស្កាត់បទល្មើសនៅតាមព្រំដែននៃប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាពិសេសគ្រឿងញៀន និងការនាំចូលនូវរថយន្តចង្កូតស្ដាំតែម្តង។

ការអះអាងរបស់ភាគីទាំងពីរនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នេះនៅលើទឹកដីយោធភូមិភាគ៥ ខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំថ្នាក់យោធភូមិភាគនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំភាគីទាំងពីរបានសម្ដែងការស្វាគមន៍ នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងយោធភូមិភាគទី៥ និងកងកម្លាំងការពារព្រំដែនច័ន្ទបូរី-ត្រាត ក៏ដូចជាចំណងមេត្រីភាពមិត្តភាពកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិន្ទថៃ ដូចអ្វីដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចង់បាន។ នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានអះអាងរួមគ្នាថា «ត្រូវតែខិតខំការពារ និងទប់ស្កាត់នូវបទល្មើសតាមព្រំដែន ដូចជាការឆ្លងដែនខុសច្បាប់, ការជួញដូរគ្រឿងញៀន, ការនាំចូលនូវរថយន្តចង្កូតស្តាំ, ប្រឆាំងភេរវកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀតឲ្យកាន់តែមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យស្របទៅតាមសុឆន្ទៈរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលចង់ឃើញនូវព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដ៏ប្រសើរនោះ»។

នៅក្នុងកិច្ចប្រជុំនោះដែរភាគីទាំងពីរ ក៏បានសន្យានឹងខិតខំធ្វើយ៉ាងណា ដើរតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជំរុញឲ្យកងទ័ពតាមក្រវាត់ព្រំដែនកម្ពុជា-ថៃជួបប្រាស្រ័យគ្នាឲ្យបានញឹកញាប់ ក្នុងគោលបំណងបង្កើនមិត្តភាពស្និតស្នាល តាមរយៈលេងនូវកីឡារួមគ្នា និងជួបពិភាក្សាគ្នាជាដើមនោះ៕

website_news/2019160101.txt · Last modified: 2019/01/16 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki