website_news:2019160102

ស្ត្រីម្នាក់សុំឧទ្ធរណ៍បន្ថយទោស រឿងបើកម៉ាស្សាបង្កប់សេវាផ្លូវភេទ

https://www.postkhmer.com/ គឹម សារុំ | Publication date 16 January 2019 | 09:41 ICT

ភ្នំពេញៈ ស្ត្រីជាប់ចោទម្នាក់កាលពីម្សិលមិញបានទទួចសុំដល់ចៅក្រមនៅសាលាឧទ្ធរណ៍ឲ្យបន្ថយទោសដល់ខ្លួនពាក់ព័ន្ធករណីបើកហាងម៉ាស្សាបង្កប់សេវាបម្រើផ្លូវភេទ ប្រព្រឹត្តកាលពីឆ្នាំ ២០១៥ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈសំណុំរឿងនេះត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ៦ ឆ្នាំ។ តាមកំណត់ហេតុរបស់តុលាការបង្ហាញថា ស្ត្រីជាប់ចោទឈ្មោះ លឹម ណៃអន អាយុ ៣៨ ឆ្នាំបានបើកកន្លែង ម៉ាស្សាកោសជប់ ១ កន្លែង មានយីហោ ៩៩៩ ស្ថិតនៅក្នុងភូមិសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយត្រូវបាននគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញចុះបង្ក្រាបបានកាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៥។ កំណត់ហេតុបន្តថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនបាននារីម៉ាស្សាកោសជប់សរុប ៥ នាក់ប៉ុន្តែក្រោយមកសមត្ថកិច្ចបានដោះលែង ៤ នាក់វិញ ដោយឃាត់ខ្លួនទុកតែស្ត្រីជាម្ចាស់ហាងម្នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ សមត្ថកិច្ចបានឆែកឆេរក្នុងហាងម៉ាស្សាហើយរកឃើញស្រោមអនាម័យទាំងប្រើរួចនិងមិនទាន់ប្រើមួយចំនួន។

កាលពីនៅដំណាក់កាលនគរបាលយុត្តិធម៌ ស្ត្រីជាប់ចោទឈ្មោះ លឹម ណៃអន រូបនេះ បានប្រាប់សមត្ថកិច្ចថាគាត់បាន បើកកន្លែងម៉ាស្សាកោសជប់ពិតមែន ក៏ប៉ុន្តែគាត់មិនបានបើក បម្រើសេវាផ្លូវភេទទេ។ ប៉ុន្តែអាចកូនចៅរបស់គាត់លួចប្រើប្រាស់សេវានេះព្រោះពួកគេធ្លាប់ ឲ្យកម្រៃដល់គាត់ម្នាក់ ១ ម៉ឺនរៀល ក្រោយពីបម្រើសេវាផ្លូវភេទជាមួយភ្លៀវរួច។ ប៉ុន្តែពេលខ្លះពួកគេ (នារីម៉ាស្សា) ក៏លួចទៅរួមភេទ ជាមួយភ្លៀវនៅខាងក្រៅដែរ។ សំណុំរឿងនេះត្រូវសាលាដំបូងបើកសវនាការកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៦ និងប្រកាសសាលក្រមនៅថ្ងៃទី ២៧ ខែឆ្នាំដដែល ដោយផ្តន្ទាទោសស្ត្រីជាប់ចោទដាក់ពន្ធនាគារ ៦ ឆ្នាំចោទពីបទសញ្ចារកម្មមានស្ថានទម្ងន់ទោសដោយទាក់ទងនឹងចារីតាមបញ្ញត្តិមាត្រា ២៧ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទនិងមាត្រា ២៨៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញស្ត្រីជាប់ចោទ លឹម ណៃអន បានប្រាប់ចៅក្រមថា៖ «ខ្ញុំប្តឹងមកសាលាឧទ្ធរណ៍ពេល នេះដោយសារខ្ញុំចង់ឲ្យសាលាឧទ្ធរណ៍បន្ថយទោសដល់ខ្ញុំព្រោះ ខ្ញុំមានកូនតូចនៅក្នុងបន្ទុក ៣ នាក់គ្មានអ្នកថែទាំហើយពួកគេ មិនបានរៀនសូត្របានត្រឹមត្រូវទេ។ ម្យ៉ាងម្តាយខ្ញុំចាស់ជរាហើយ។ ខ្ញុំដឹងថា ខ្ញុំមានកំហុស»។

លោកព្រះរាជអាជ្ញា ជុំ សែនសទ្ធា តំណាងមហាអយ្យការសន្និដ្ឋានថា៖ «ស្ត្រីជាប់ចោទបានទទួលស្គាល់កំហុសហើយការប្តឹងមកឧទ្ធរណ៍ដោយសារគាត់ចង់សុំតុលាការបន្ថយទោសដល់គាត់។ ប៉ុន្តែខ្ញុំសូមតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដដែល ហើយចំពោះការស្នើសុំបន្ថយទោសរបស់ជនជាប់ចោទសូមក្រុមប្រឹក្សាពិចារណាតាមច្បាប់ចុះ»។

ទោះយ៉ាងណា លោក លី វីរៈ មេធាវីការពារសិទ្ធិឲ្យស្ត្រីជាប់ចោទសន្និដ្ឋានថា ពាក់ព័ន្ធអំពើសញ្ជារកម្មនេះ គឺកូនក្តីលោកមិនបានដឹងថានារីម៉ាស្សាទាំងនោះលួចទៅបម្រើសេវារួមភេទទេហើយកូនក្តីរបស់លោកក៏គ្មានចេតនាក្នុងរឿងនេះដែរ។ លោកបញ្ជាក់ប្រាប់ចៅក្រមថា៖ «ហាងរបស់កូនក្តីខ្ញុំគ្រាន់តែបើកបម្រើម៉ាស្សាកោសជប់ទេតែនារីម៉ាស្សាបានលួចបម្រើសេវាផ្លូវភេទ។ ម្យ៉ាងកូនក្តីខ្ញុំមានកូនតូចដែលត្រូវការម្តាយមើលថែទាំនិងម្តាយចាស់ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះមេត្តាសម្រេចតាមការស្នើសុំរបស់កូនក្តីខ្ញុំផង»។

បន្ទាប់ពីជំនុំជម្រះ លោកស្រី ចាន់ ម៉ាឌីណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងថា សាលដីកានៃសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី ២៨ ខែមករា ខាងមុខ៕

website_news/2019160102.txt · Last modified: 2019/01/16 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki