website_news:2019160103

ស្ត្រីបម្រើការងារតាមផ្ទះ ទទួលប្រាក់ខែមិនសូវច្រើន តែជួបបញ្ហាប្រឈមច្រើន

https://thmeythmey.com/ 16, Jan 2019 , 8:59 am

ភ្នំពេញ៖ ស្ត្រីបម្រើការងារតាមផ្ទះ ងាយនឹងប្រឈមការទទួលរងនូវអំពើហិង្សា និងការបៀតបៀនផ្លូវកាយ និងផ្លូវចិត្ត ពីផ្ទះម្ចាស់។ បើតាមការបញ្ជាក់របស់ អ្នកស្រី យឹម សុធី ប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះ។ អ្នកស្រី យឹម សុធី បញ្ជាក់ទៀតថា ស្ត្រីដែលងាយនឹងទទួលរងការបៀតបៀនផ្លូវភេទ ភាគច្រើនជាស្ត្រីទន់ខ្សោយដែលខ្វះការអប់រំ និងខ្វះការអនុវត្តច្បាប់ការពារស្ត្រីនៅម៉ោងការងារ។ តាមរយៈកម្មវិធី «ស្ត្រីកម្ពុជា គាំទ្រសន្តិភាព និងការបញ្ឈប់សង្គ្រាម» ដែលរៀបចំដោយ គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព(IWPG) អ្នកស្រី យឹម សុធី ប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះ មានក្តីព្រួយបារម្ភ ចំពោះស្ត្រីដែលបម្រើការងារតាមផ្ទះដែលជួបបញ្ហាផ្សេងៗ ដូចជា ស្ត្រីត្រូវបានគេបៀតបៀនផ្លូវភេទ រំលោភសិទ្ធិម៉ោងការងារ និងស្ត្រីដែលទទួលរងការចោទប្រកាន់ពីម្ចាស់ផ្ទះ។ បញ្ហាទាំងនេះ អ្នកស្រី នឹងព្យាយាមដោះស្រាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យស្ត្រីទាំងនោះ រួមគ្នាចេះតវ៉ារកយុត្តិធម៌ ដើម្បីលុបបំបាត់ការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត។ អ្នកស្រី បានអះអាងថា ប្រសិនស្ត្រីបម្រើការងារតាមផ្ទះ មានបញ្ហាផ្សេងៗពីម្ចាស់ផ្ទះ ឬតាមកន្លែងការងារ ខាងអង្គការសមាគមអ្នកបម្រើការងារតាមផ្ទះរបស់ខ្លួន នឹងមានវិធានការដោះស្រាយរវាងនិយោជក និងនិយោជិតដោយសន្តិវិធី។ អ្នកស្រី យឹម សុធី ប្រាប់ថា៖«ស្ត្រីជួបបញ្ហាធ្ងន់ធ្ងរជាមួយនិយោជក យើងក៏មានការការពារពួកគាត់ ដោយដោះស្រាយតាមច្បាប់ផងដែរ។ លើសពីនេះ យើងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយពីបញ្ហាផ្សេងៗដែលកើតមានឡើងចំពោះស្ត្រី ធ្វើយ៉ាងណា ឲ្យស្ត្រីបានយល់ដឹងពីការការពារខ្លួន មុននឹងទៅបម្រើការងារតាមផ្ទះ និងចេះដោះស្រាយបញ្ហាជាមួយម្ចាស់ផ្ទះខ្លួនឯងផងដែរ»។ ប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះរូបនេះបន្ថែមថា ស្ត្រីដែលបម្រើការងារតាមផ្ទះ មានប្រមាណជាង៦០០នាក់ បានសហការជាមួយសមាគមអ្នកបម្រើការងារតាមផ្ទះ ហើយពួកគេទទួលបានប្រាក់ខែគោល ចាប់ពី១៥០ ដល់១៧០ដុល្លារក្នុងមួយខែ។

ថ្វីដ្បិតស្ត្រីទទួលបានប្រាក់ខែគោលជិត២០០ដុល្លារ និងមានកន្លែងស្នាក់នៅ និងការហូបចុកល្អ ពិតមែន ប៉ុន្តែស្ត្រីដែលមានអាយុចន្លោះ៣០ឆ្នាំ នៅមិនទាន់ទទួលបានសិទ្ធិការពារខ្លួននៅឡើយទេ។«ទោះបីច្បាប់ទើបតែចេញមែន ប៉ុន្តែការអនុវត្តច្បាប់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ពួកគេនៅតែទទួលបានការមាក់ងាយ និងការស្តីបន្ទាសពីម្ចាស់ផ្ទះដដែល»។ នេះការលើកឡើងរបស់អ្នកស្រី យឹម សុធី ជាមួយនឹងការស្នើឲ្យរាជរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីច្បាប់អន្តរជាតិ ដើម្បីការពារស្ត្រីឲ្យមានសន្តិភាព និងសុខសុវត្តិភាពស្ត្រីក្នុងម៉ោងការងារ។ ស្ត្រីដែលបម្រើការងារតាមផ្ទះទូទាំងរាជធានី-ខេត្ត មានជាង២៥ម៉ឺននាក់។ ស្ត្រីទាំងនោះធ្វើការជាស្ត្រីមើលថែកូន បោសសំអាតផ្ទះ បោកសម្លៀកបំពាក់ ធ្វើម្ហូប លាងចានជាដើម។ ខេត្តដែលមានស្ត្រីបម្រើការងារតាមផ្ទះច្រើនជាងគេ គឺខេត្តពោធិ៍សាត់ កំពង់ធំ និងក្រចេះ ហើយពួកគេមានអាយុចាប់ពី១៨ឆ្នាំ ដល់៥០ឆ្នាំ។ ស្ត្រីមួយចំនួនទៀត ក៏បានចំណាកស្រុកទៅក្រៅប្រទេស ធ្វើការជាអ្នកបម្រើតាមផ្ទះផងដែរ។ ជាមួយគ្នាផងដែរ រដ្ឋាភិបាល បានចាត់ទុកការងារបម្រើតាមផ្ទះ ជាការងារគ្មានថ្ងៃឈប់សម្រាកដូចនឹងការងារផ្សេងៗនោះទេ។ រដ្ឋាភិបាល ក៏បានស្នើឲ្យម្ចាស់ផ្ទះទាំងអស់ ផ្ដល់ប្រាក់បៀវត្សឲ្យបានខ្ពស់ ដល់អ្នពួកគេ ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ប្រមុខរដ្ឋាភិបាល ក៏កំពុងរកដំណោះស្រាយលើបញ្ហាកម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនេះផងដែរ៕

website_news/2019160103.txt · Last modified: 2019/01/16 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki