website_news:2019160507

ជីវិតពលករខ្មែរមួយក្រុមធ្វើការនៅលើទូកនេសាទថៃជិត២០ឆ្នាំ

https://www.rfa.org/khmer/news/ ដោយ ជី វិតា 2019-05-15

យោងតាមទិន្នន័យក្រៅផ្លូវការ ពលករខ្មែរធ្វើការនៅគ្រប់វិស័យ នៅប្រទេសថៃមានជិតលាននាក់។ ពួកគេចាកចេញឆ្ងាយពីគ្រួសារជាទីស្រឡាញ់របស់ខ្លួនដោយសាររកការងារនៅក្នុងស្រុកធ្វើមិនបាន ខ្លះទៀតថែមទាំងមានជំពាក់បំណុលគេ និងខ្លះទៀតត្រូវគេរឹបអូសយកដីស្រែ មិនអាចមានមុខរបរចិញ្ចឹមជីវិតបាន។

ពលករខ្មែរមួយក្រុមមានគ្នាចំនួន៦នាក់ ធ្វើការនៅលើទូកនេសាទថៃមួយ ខំប្រឹងធ្វើការមិនហ៊ានឈប់សម្រាក ដែលអ្នកខ្លះធ្វើជិត២០ឆ្នាំហើយ ដើម្បីរកប្រាក់ចិញ្ចឹមគ្រូសារ និងដោះបំណុល ក្នុងនោះមានពលករម្នាក់មានប្រពន្ធពោះធំជិតដល់ថ្ងៃសម្រាលកូនផង។ សម្បុរស្រអែម រាងស្គម តែមាំ ឈរនៅលើទូកនេសាទដែលកំពុងបញ្ឆេះម៉ាស៊ីន ដៃម្ខាងកាន់មួក ឯដៃម្ខាងទៀតធ្វើកាយវិការ ពលករឈ្មោះ ចាន់ សុផល រៀបរាប់ប្រាប់អាស៊ីសេរីថា លោកមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានចាកចេញពីផ្ទះទៅធ្វើជាកម្មករនៅលើទូកនេសាទថៃប្រមាណ២០ឆ្នាំហើយ។ លោកថា បន្ទាប់ពីរកការងារធ្វើមិនបាននៅកម្ពុជា ក៏សម្រេចចិត្តប្រថុយផ្សងព្រេងទៅរកការងារធ្វើនៅប្រទេសជិតខាងនេះ ហើយយូរៗម្តងទើបបានទៅលេងក្រុមគ្រួសារនៅឯស្រុកកំណើត ព្រោះត្រូវខិតខំធ្វើការសន្សំលុយដែលរហូតមកដល់ពេលនេះ លោកបានសងបំណុលគេរួចហើយ។

ពលករវ័យ៤០ឆ្នាំប្លាយរូបនេះ បន្តថា បើមានការងារធ្វើនៅកម្ពុជា លោកមិនចាកចេញពីភូមិកំណើតទេ៖ «ខ្ញុំគ្មានដើមទុនរកស៊ីក៏ចងការលុយគេមករកស៊ីនៅឯថៃនេះ ហើយដោះគេរួចហើយក៏នៅជាប់តែនឹងថៃនេះ បានជាប់ប្រពន្ធថៃនេះ។ ឱ្យតែមានការងារនៅខ្មែរ ដែលអាចធ្វើឱ្យមានជីវភាពរស់នៅគ្រប់គ្រាន់មិនចាំបាច់មកធ្វើការនៅថៃទេ»។ កាលពីថ្ងៃទី១០ ខែឧសភា ពលករខ្មែរទាំង៦នាក់នោះបានរៀបចំសម្ភារៈឡើងទូក រួមមានអង្ករ ប្រេងម៉ាស៊ូត ប៊ីដុងសម្រាប់ដាក់ក្លាសសេត្រីរាប់រយប៊ីដុង និងឧបករណ៍ជាច្រើនផ្សេងទៀតនៅលើទូកដែលចតនៅច្រាំងសមុទ្រ ក្នុងតំបន់បាងយ៉ាផេក ស្រុកមឿង ខេត្តសមុទ្រសាខន (Samutsakorn)ដើម្បីត្រៀមចេញដំណើរទៅសមុទ្រជាប់ប្រទេសម៉ាឡេស៊ី។ ទូកនេសាទដែលពលករខ្មែរមួយក្រុមនេះធ្វើការ មិនមែនជាទូកសម្រាប់ចាប់ត្រីផ្ទាល់ពីសមុទ្រនោះទេ ប៉ុន្តែជាទូកសម្រាប់ប្រមូលទិញផលនេសាទពីទូកនេសាទផ្សេងទៀត។

លោក ចាន់ សុផល រៀបរាប់ថា ទូករបស់លោកត្រូវចំណាយពេលធ្វើដំណើរជាច្រើនថ្ងៃទើបដល់គោលដៅ ហើយត្រូវដេករង់ចាំទូកនាំទិន្នផលនេសាទមកប្រគល់ឱ្យជាច្រើនថ្ងៃទៀត។ សម្ភារៈដែលពួកគេជញ្ជូនដាក់លើទូកដែលមានចំណុះរាប់សិបតោន និងមានកម្ពស់២ជាន់នោះ គឺមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងពេលធ្វើដំណើរ និងមួយចំនួនទៀតជាបញ្ញើរបស់អ្នកនេសាទនៅដែនសមុទ្រប្រទេសម៉ាឡេស៊ី។ លោកថា ជើងនេះទូកនេសាទរបស់ពួកគេត្រូវចេញដំណើរនៅថ្ងៃទី១២ ខែឧសភា ហើយចំណាយពេលប្រមាណ១ខែ ទើបត្រឡប់មកដល់ដីគោកនៅខេត្តសាមុទ្រសាខនវិញ៖ «ផ្ញើទៅឱ្យគេនៅលើទូកឯណោះខ្លះ ខ្លួនឯងខ្លះព្រោះអីគេផ្តាំទិញផ្ញើទៅឱ្យគេ។ ទៅច្រើនថ្ងៃចង់មួយខែ។ ធ្វើនៅទីនេះគ្មានអ្វីដែលសំខាន់ទេ គ្រាន់ដើរស្វានត្រីយកដាក់ក្នុងហង់ (បន្ទប់) ហើយដល់ពេញអស់យើងដាក់ទឹកកករួចបិទរួចហើយក៏ត្រឡប់មកវិញ ហើយប្រហែល៧ថ្ងៃនេះគឺ យើងមានធ្វើអីទេ គឺយើងសម្រាករហូតនៅលើទូក ពេលមកដល់ប្រទេសថៃ ក៏ចាប់ផ្ដើមធ្វើការមួយថ្ងៃតាំងពីព្រឹករហូតយប់តែម្ដង»។ ពលកររូបនេះ មានប្រពន្ធជាជនជាតិថៃ និងបានរស់នៅជាមួយគ្នាជិត១០ឆ្នាំហើយ ប៉ុន្តែមិនទាន់មានកូនទុកជាចំណងដៃនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយចុះ លោកនៅតែចង់ធ្វើការរស់នៅនៅប្រទេសថៃជាមួយប្រពន្ធដោយមិនចង់ត្រឡប់ទៅស្រុកកំណើតវិញទេ ព្រោះគ្មានការងារធ្វើ ។

ចំណែកពលករម្នាក់ទៀត គឺលោក ជា ខន ប្រាប់អាស៊ីសេរីថា លោកធ្វើការនៅលើទូកនេសាទថៃជិត២០ឆ្នាំហើយដែរ គឺតាំងតែពីលោកមានអាយុ១៦ឆ្នាំ មកទល់សព្វថ្ងៃលោកអាយុ៣៥ឆ្នាំហើយ។ ជាពលករលើទូកនេសាទថៃមកពីខេត្តកំពង់ធំ លោក ជា ខន និយាយថា លោករកប្រាក់មិនទាន់គ្រប់គ្រាន់សម្រាប់យកទៅធ្វើដើមទុននៅស្រុកកំណើតនៅឡើយទេ។ ទោះជាយ៉ាងណា ដោយការខិតខំធ្វើការមិនខ្លាចនឿយហត់ និងការសន្សំសំចៃក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ លោកអាចមានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ និងសង់ផ្ទះបានមួយខ្នង៖ «តាំងពីខ្ញុំចុះទូកមកខ្ញុំទៅផ្ទះវិញខ្ញុំបានប្រាក់ធ្វើផ្ទះហើយការប្រពន្ធរួចបាននាំប្រពន្ធមករកស៊ីនៅថៃវិញ ហើយថ្មីៗនេះខ្ញុំទៅផ្ទះទិញដីទុកសម្រាប់ឱ្យកូនខ្ញុំបាន១ប្លង់ ២ប្លង់ដែរព្រោះដីស្រែដីអីរបស់ខ្ញុំគេយកអស់ហើយ គេថាយកចែកឱ្យអ្នកក្រីក្រ។ គេឈូសឆាយដីរបស់ខ្ញុំអស់ មិនមានធ្វើស្រែធ្វើអីនឹងគេឯណាកើត អ៊ីចឹងក៏រត់ទៅធ្វើការនៅថៃ»។ លោក ជា ខន ប្រាប់ថា ការចុះទូកជើងនេះលោកមិនបានចុះទៅជាមួយពលករដទៃទេ ព្រោះត្រូវនៅមើលថែទាំប្រពន្ធពោះធំជិតដល់ថ្ងៃសម្រាលកូនហើយ។ ពលករសម្បុរខ្មៅរាងក្រអាញរូបនេះបន្តថា កន្លងទៅនៅពេលចុះទូកម្ដងៗ លោកតែងព្រួយបារម្ភខ្លាំង ព្រោះទុកប្រពន្ធមានផ្ទៃពោះនៅបន្ទប់ជួលក្នុងខេត្តសាមុទ្រសាខន ម្នាក់ឯង ព្រោះត្រូវធ្វើដំណើរជាច្រើនសប្ដាហ៍នៅលើផ្ទៃសមុទ្រ ដែលមិនអាចយកប្រពន្ធទៅជាមួយបាន៖ «ចេញទូកទៅបែកគ្នា ១ខែ ឬ១ខែជាងទើបជួបគ្នាម្ដង។ ជួបគ្នាបាន១អាទិត្យ ឬ១អាទិត្យជាង ក៏ចេញទៅបែកគ្នាសាថ្មីទៀត។ ពេលធ្វើការម្តងៗនឹករលឹកដល់ការរស់នៅជាមួយប្រពន្ធកូន ប៉ុន្តែធ្វើម៉េច បើដោយសារតែភាពក្រីក្រហើយ។ ទូកគឺចុះរហូតទៅដល់ច្រាំងប្រទេសម៉ាឡេស៊ីណាបង»។ទោះជាយ៉ាងណា ពលកររូបនេះបន្តថា ពួកគាត់សំណាងណាស់ដែលបានថៅកែជនជាតិថៃមិនធ្វើបាបពលករខ្មែរដូចនៅកន្លែងផ្សេងៗទេ ។ ការប្រឈមខ្លាំងរបស់ពួកគាត់ គឺលំបាកត្រង់ធ្វើការនៅឆ្ងាយពីគ្រួសារ។ លោកថា នឹងខំធ្វើការសន្សំប្រាក់មួយរយៈទៀតដើម្បីធ្វើដើមទុន ហើយនាំប្រពន្ធកូនត្រឡប់ទៅរស់នៅស្រុកកំណើតវិញ ព្រោះធ្វើការនៅក្នុងប្រទេសថៃហត់នឿយខ្លាំង មិនមានសេរីភាពពេញលេញ និងខ្វះភាពកក់ក្ដៅពីបងប្អូនញាតិសន្ដាននៅស្រុកខ្មែរទៀតផង។

មន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកប្រទេសថៃ លោក ចាន់ វិសាល ប្រាប់អាស៊ីសេរីថា កន្លងមកខាងស្ថានទូតបានជួយពលករខ្មែរធ្វើការនៅលើទូកនេសាទថៃជាច្រើនករណីដែលរងគ្រោះ ប៉ុន្តែលោកមិនបានបញ្ជាក់មានករណីបែបណាខ្លះដែលពួកគេជួបប្រទះនោះទេ៖ «សាច់រឿងវាមានជាករណីៗបង អីចឹងទាល់តែខ្ញុំទៅមើលតើសាច់រឿងវាយ៉ាងមិចខ្លះ ធម្មតាយើងដោះស្រាយមានទាំងអស់នឹងបងណាស់»។

ប្រធានមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករហៅកាត់ (LPN) ប្រចាំនៅខេត្តសាមុទ្រសាខន ប្រទេសថៃ លោក សំផុង ស្រះកែវ (Sompong Srakaew) មានប្រសាសន៍ថា កន្លងទៅអង្គការរបស់លោកក៏ធ្លាប់បានសហការជាមួយស្ថានទូតខ្មែរនៅប្រទេសថៃ ដើម្បីជួយដោះស្រាយបញ្ហារបស់ពលករខ្មែរមួយចំនួនដែរ។ លោកថា ពលករខ្មែរភាគច្រើនជួបប្រទះបញ្ហា ថៅកែរំលោភសិទ្ធិការងារ មិនបើកប្រាក់ខែឱ្យ បង្ខំឱ្យធ្វើការងារលើសម៉ោង បញ្ហាលិខិតឆ្លងដែន ឬបញ្ហាក្រដាសស្នាម ជាដើម។ ប៉ុន្តែលោក សំផុង ស្រះកែវ ប្រាប់អាស៊ីសេរីតាមរយៈអ្នកបកប្រែថា ពលករខ្មែរជាទូទៅ មិនហ៊ានប្ដឹងទៅសមត្ថកិច្ចថៃ ឬទៅរកអង្គការសង្គមស៊ីវិល ដើម្បីឱ្យជួយរកយុត្តិធម៌ដល់ពួកគេនោះទេ ព្រោះខ្លាចបាត់បង់ការងារធ្វើ ខ្លាចមានបញ្ហាដល់ខ្លួន ដូច្នេះច្រើនរត់ចោលបញ្ហា ដូចជាត្រឡប់ទៅផ្ទះវិញជាដើម៖ «នេះជាបញ្ហាមួយដែលធ្វើឱ្យបងប្អូនយើងគឺមិនទទួលបានយុត្តិធម៌សម្រាប់ខ្លួនឯង អីចឹងគាត់មកធ្វើការខាតទាំងពេលវេលាខាតទាំងកម្លាំងហើយ ខាតទាំងថវិកា ចុងក្រោយគាត់មានបំណុលនៅស្រុកខ្មែរធ្វើការអត់បានកម្រៃហើយទៅវិញដៃទទេ បំណុលនៅដដែល នេះជាបញ្ហាមួយសម្រាប់ពលករខ្មែរ។ ហើយមួយទៀតពួកគាត់ភាគច្រើនអត់ដឹងថា មានអង្គការចាំជួយពួកគាត់ ហើយជាទូទៅអង្គការដែលធ្វើការសម្រាប់ជួយពលករខ្មែរនៅថៃក៏មានតិចទៅទៀត»។ លោកបញ្ជាក់ថា ប្រសិនបើពលករខ្មែរណាម្នាក់ដែលធ្វើការនៅប្រទេសថៃ ត្រូវបានថៅកែ ឬជនណាធ្វើបាប ដូចជារងការរំលោភបំពានសិទ្ធិការងារ ការជួញដូរផ្លូវភេទ ឬការកេងប្រវ័ញ្ចតាមប្រការណាមួយ ពួកគេមានសិទ្ធិអាចសុំជំនួយផ្នែកច្បាប់ពីអង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ ហៅកាត់អេលភីអេន (LPN) របស់លោក តាមរយៈលេខទូរស័ព្ទ ០៨៧ ៧៧ ០៧ ៥១៧ , ០៨៩ ៤២ ២៤ ២១៣ និង០៨៦ ១៦ ៣១ ៣៩០។

ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា ពលករចំណាកស្រុក កម្ពុជា ឡាវ និងភូមា ដែលបានចុះឈ្មោះរួចរាល់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួនជិត ២លាននាក់ (១,៧២៦,៤១៥) ក្នុងនោះពលករជិត៥ម៉ឺននាក់(៥០.០០០) ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ។

ទោះយ៉ាងណា ក្រុមពលករខ្មែរទាំង៥នាក់នឹងត្រឡប់មកច្រាំងសមុទ្រនៅខេត្តសមុទ្រសាខន ជាប់ទីក្រុងបាងកក ប្រទេសថៃវិញ នៅក្នុងខែមិថុនា គឺបន្ទាប់ពីប្រមូលទិញផលនេសាទបានគ្រប់ចំនួននៅកណ្ដាលសមុទ្រជាប់ដែនទឹកប្រទេសម៉ាឡេស៊ី។ ប៉ុន្តែពួកគេធ្វើការមិនហ៊ានឈប់សម្រាកទេ ព្រោះប្រសិនបើសម្រាកមិនបានប្រាក់ឈ្នួលឡើយ ដូច្នេះនៅពេលទូកទៅដល់ដីគោកប្រមាណ៧ថ្ងៃ ពួកគេនឹងចេញទៅដឹកទិន្នផលនេសាទនៅកណ្ដាលសមុទ្រជាបន្តបន្ទាប់ទៀត។ ចំណែកពលករ ជា ខន ដែលមិនបានចុះទូកជើងនេះដោយសារតែប្រពន្ធជិតសម្រាលកូននោះ រំពឹងថានឹងក្លាយជាឪពុកគេនៅក្នុងខែឧសភានេះ៕

website_news/2019160507.txt · Last modified: 2019/05/16 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki