website_news:2019160701

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ

http://bayontv.com.kh/ 15/07/2019

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួនពាក់ព័ន្ធករណី ប៉ុនប៉ង រំលោភសេពសន្ថវៈមិនបានសម្រេច។ ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក វរៈសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ១៣ម៉០០នាទី រសៀលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ ២៤DE2 ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

នគរបាលបានអោយដឹងថា ជនសង្ស័យពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ មានឈ្មោះ ផន ខន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អូសរទេះបន្លែ នៅចំណុចផ្ទះជួលលេខ ២៤DE2 ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែកនារីរងគ្រោះឈ្មោះ ស– ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត។ នគរបាលជំនាញបានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក និងអាណាព្យាបាលជនរងគ្រោះ ធ្វើការស្រាវជ្រាវ បានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។

នារីរងគ្រោះបានរៀបរាប់អោយដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៥នាទី ជនសង្ស័យដែលជួលបន្ទប់ខាងលើផ្ទះជនរងគ្រោះស្នាក់នៅ បានដើរទៅមកចុះឡើងមុខផ្ទះ ធ្វើឲ្យមានការសង្ស័យជនរងគ្រោះបានដេញចេញ ពេលនោះជនសង្ស័យមិនព្រមចេញ រួចក៏ស្ទុះទៅទាញដៃជនរងគ្រោះចូលក្នុងផ្ទះបាយដែលមានបន្ទប់ទឹក ជនរងគ្រោះភ័យពេកបានទាញយកអង្រែចូលទៅជាមួយ ដល់បន្ទប់ទឹកជនសង្ស័យបានទាញអាវជនរងគ្រោះរបូត និងស្ទាបអង្អែលដោះ នារីរងគ្រោះបានទាញយកអង្រែវ៉ៃក្បាលជនសង្ស័យចំនួនបីអង្រែ បន្ទាប់មកជនរងគ្រោះបានរត់ចេញពីបន្ទប់ទឹក និងបានទូរស័ព្ទទៅបងប្រុស ឲ្យប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

website_news/2019160701.txt · Last modified: 2019/07/16 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki