website_news:2019160802

ក្រសួងបង្ហាញតួលេខពលករខ្មែរ ដែលរងគ្រោះពីការធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 15 August 2019 | 11:07 ICT

ភ្នំពេញៈ កម្ពុជាទទួលបានមកវិញនូវសាកសពចំនួន ៧១ ក្នុងចំណោមប្រជាជនកម្ពុជាចំនួន ២១ ៧៤៦ នាក់បានធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ហើយបានប្រឈមមុខភាពរងគ្រោះនៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះ។ ទោះយ៉ាងណាក៏ដោយនៅក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យស្លាប់នោះទេ។ នេះបើយោងតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលបានថែ្លងក្នុងវេទិកាជាតិ អន្តរសាសនា លើកទី៣ «ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើប» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រកាលពីថ្ងៃម្សិលមិញ ដែលមានមន្ត្រីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងធម្មការ និងសាសនា និងអង្គការការីតាសកម្ពុជា ថ្នាក់ដឹកនាំ សាសនារួមមាន ព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា កាតូលិក និង គ្រិស្តបរិស័ទ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាចូលរួមក្រោមអធិបតីភាពលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង ថ្លែងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ មានប្រជាជនកម្ពុជាចំនួន ២១ ៧៤៦ នាក់ ដែលបានធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេសត្រូវបានប្រឈមនឹងភាពរងគ្រោះ និងត្រូវបញ្ជូនមកកម្ពុជាវិញដោយមូលហេតុផ្សេងៗ។ លោកស្រី ថ្លែងថា៖ «ក្រសួងការបរទេសបានជួយសម្របសម្រួលផ្តល់ឯកសារដើម្បីបានវិលត្រឡប់មកកម្ពុជាវិញ។ ភាគច្រើនជាពលករដែលត្រូវបញ្ជូនត្រឡប់ពីប្រទេស ថៃ ប្រមាណជា ២១ ៦៥៨ នាក់។ ក្នុងរយៈពេលមួយឆមាសកន្លងទៅនេះដែរ ក៏មានការបញ្ជូនសាកសពត្រឡប់វិញផ្លូវការចំនួន ៧១ (ស្រី ១២ នាក់ កុមារ ១ នាក់) ដោយមិនគិតពីសាកសពដែលត្រូវបានបូជា ឬមិនបានរាយការណ៍នៅប្រទេសគោលដៅទេ»។ លោកស្រី ក៏បានឲ្យដឹងដែរថា អំពើជួញដូរមនុស្ស គឺជាទម្រង់នៃឧក្រិដ្ឋកម្មមួយដែលមានបណ្តាញចាត់តាំងយ៉ាងទូលំទូលាយភាគច្រើន ជាឧក្រិដ្ឋកម្មឆ្លងដែន ហើយមានរូបភាព និងទ្រង់ទ្រាយខុសៗគ្នានៅកម្ពុជា ក្នុងតំបន់ និងក្នុងពិភពលោក។

លោកស្រី បញ្ជាក់ថា៖ «រៀងរាល់ថ្ងៃ មានមនុស្សក្មេងចាស់ ប្រុស ស្រី រាប់លាននាក់ក្នុងតំបន់ និងរាប់រយលាននាក់ក្នុងពិភពលោក ដែលត្រូវបានគេជួញដូរ កេងប្រវ័ញ្ចដូចសត្វធាតុ ហើយមនុស្សទាំងនោះ បានខូចខាត និងបាត់បង់សិទ្ធិសេរីភាព សុខភាពផ្លូវកាយ ផ្លូវចិត្ត រងនូវការលំបាកវេទនា ខាតបង់ទ្រព្យធនពេលវេលា បាត់បង់ទំនាក់ទំនងផ្សារភ្ជាប់មនោសញ្ចេតនារវាងស្វាមីភរិយា ឪពុកម្តាយ បងប្អូន ញាតិមិត្ត សាច់សាលោហិត ឬរងនូវការធ្វើទារុណកម្ម ដោយការងារធ្ងន់ធ្ងរគ្រោះថ្នាក់ និងមួយចំនួនបានក្លាយជាជនពិការរាងកាយ វិកលចរិត និងរហូតដល់បាត់បង់អាយុជីវិតថែមទៀត»។ លោកស្រីថ្លែងថា ជារឿយៗជនរងគ្រោះត្រូវបានរកឃើញ និងសង្គ្រោះដើម្បីផ្តល់សេវាគាំពារទាំងការធ្វើមាតុភូមិនិវត្តន៍ ការស្តារនីតិសម្បទា ការធ្វើសមាហរណកម្ម ការផ្តល់សេវាផ្លូវ ច្បាប់ដើម្បីទាមទារយុត្តិធម៌ និងសំណងប៉ះប៉ូវការខូចខាត ការផ្តល់ជំនាញវិជ្ជាជីវៈ ការងារ និងមុខរបរ។ តែទោះបីជាយ៉ាងនេះក្តី ក៏នៅមានជនរងគ្រោះជាច្រើនទៀតដែលគ្មានភ័ព្វសំណាង បានទទួលសេវាទាំងអស់នេះទេ ព្រោះពួកគេត្រូវបានគេបង្ខាំងទុក ឬត្រូវបានបាត់បង់អាយុជីវិតទៅហើយ។

លោក គឹម រតនា នាយប្រតិបត្តិអង្គការការីតាសកម្ពុជាបានឲ្យដឹងថា បើទោះបីជាមានការខិតខំប្រឹងប្រែង និងសម្រេចបាននូវលទ្ធផលជាច្រើនឥតគណនាពីសំណាក់រដ្ឋាភិបាល អង្គការជាតិ អន្តរជាតិនានា លើការអប់រំ ផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ ការបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើសយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបនេះនៅមិនទាន់មានភាពប្រសើរនៅឡើយ ទាំងនៅក្នុងតំបន់ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា។ លោកថ្លែងថា៖ «ដូច្នេះកិច្ចការនេះទាមទារឲ្យមានការប្តេជ្ញាចិត្ត និងការចូលរួមចំណែកបន្ថែមទៀត ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់វាគឺជាបញ្ហារបស់យើងរាល់គ្នា ដូច្នេះយើងរួមគ្នាផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងទប់ស្កាត់បញ្ឈប់ឲ្យបាននូវទាសភាពសម័យទំនើប ព្រមទាំងយកចិត្តទុកដាក់ការពារ និងថែរក្សាជនរងគ្រោះឲ្យរស់នៅក្នុងក្តីសង្ឃឹម»៕

website_news/2019160802.txt · Last modified: 2019/08/16 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki