website_news:2019160803

កម្ពុជាបញ្ជូនពលករទៅធ្វើការជាង៦ម៉ឺននាក់ ខណៈកូរ៉េត្រៀមផ្តល់កូតាថ្មីប្រមាណ៤ពាន់នាក់បន្ថែម

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៨:១០ ឡុង សារ៉េត

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េ មានជាង៦ម៉ឺននាក់ ហើយភាគច្រើនធ្វើការនៅលើផ្នែកឧស្សាហកម្ម កសិកម្មនិងសំណង់ ហើយនៅឆ្នាំ២០១៩ នេះប្រទេសកូរ៉េបានផ្តល់កូតាថ្មី បន្ថែមប្រមាណ៤,៥ពាន់នាក់ថែមទៀត។

លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣សីហា ក្នុងឱកាសចូលរួមជូនដំណើរពលករខ្មែរធ្វើការ ផ្នែកឧស្សាហកម្មនៅប្រទេសកូរ៉េថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ៦ម៉ឺននាក់ ហើយភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់។ លោក ហេង សួរ គូសបញ្ជាក់ថា «បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ យើងទទួលបានកូតាចន្លោះពី ៤,០០០នាក់ ទៅ ៤,៥០០នាក់ បន្ថែមទៀត»។ លោករដ្ឋលេខាធិការបានលើកឡើងបន្តទៀតថា នៅសាធារណរដ្ឋកូរ៉េ មានប្រព័ន្ធគ្រប់គ្រងពលករបរទេសយ៉ាងល្អ ដោយសារនៅទីនោះមានមជ្ឈមណ្ឌលគាំពារពលករបរទេសមិនតិចជាង ៤០កន្លែងឡើយ ហើយនៅក្នុងមជ្ឈមណ្ឌលទាំងនោះតែងតែមានអ្នកចេះភាសារបស់ពលករនៃប្រទេសនីមួយៗ តួយ៉ាងសម្រាប់ពលករកម្ពុជា គឺមានអ្នកចេះភាសាខ្មែរនៅប្រចាំការក្នុងមជ្ឈមណ្ឌលទាំងនោះផងដែរ នៅពេលដែលពលករមានបញ្ហាណាមួយ ពលករអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ពួកគេនឹងទទួលបានការជួយដោះស្រាយតែម្ដង។ ក្រៅពីមជ្ឈមណ្ឌលគាំពារពលករនេះ កម្ពុជាក៏មានទីប្រឹក្សាការងារទទួលបន្ទុកពលករចំនួន ២នាក់ នៅប្រចាំការអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមជាមួយមន្ត្រីនៃគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រង់ចាំទទួលប្រឹក្សា និងជួយដោះស្រាយបញ្ហាការងារនៅសាធារណរដ្ឋកូរ៉េ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក អូ ណាក់យ៉ុង មានប្រសាសន៍បញ្ជាក់ថា «តាមមតិភាគច្រើនពីនិយោជកកូរ៉េចំពោះពលករកម្ពុជា គឺពួកគេពិតជាមានការពេញចិត្តចំពោះសមត្ថភាពការងារ និងភាពអត់ធ្មត់នឹងការងាររបស់ពលករកម្ពុជាយ៉ាងខ្លាំង»។ បើតាមឯកអគ្គរដ្ឋទូតរូបនេះបានឲ្យដឹងថា ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េរបស់លោក ឱ្យជួយបង្កើនកូតាទទួលពលករកម្ពុជាឱ្យទៅធ្វើការនៅសាធារណរដ្ឋកូរ៉េបន្ថែមឱ្យបានកាន់ច្រើន។ មកដល់ពេលបច្ចុប្បន្ន ពលករបរទេសដែលធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួន ១៦ប្រទេស ក្នុងនោះចំនួនពលករកម្ពុជាពិតជាមានកើនឡើងកាន់តែច្រើន ក្នុងចំណោមពលករបរទេសដទៃទៀត។ ក្នុងឱកាសនោះលោក អូ ណាក់យ៉ុង បានផ្ដាំផ្ញើទៅពលករកម្ពុជាថា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិន បើមានបញ្ហាណាមួយ សូមពលករទាំងអស់ទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេស ដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមាននៅពេលធ្វើការនៅកូរ៉េ។ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងការងារផ្តាំផ្ញើរថា ត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯង អាចឈានដល់ការប្រព្រឹត្តខុសកិច្ចព្រមព្រៀង ក៏ដូចជាអាចប្រឈមនឹងបញ្ហានានា៕ កែសម្រួលដោយ ៖ សុឃាក់

website_news/2019160803.txt · Last modified: 2019/08/16 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki