website_news:2019160804

ស្ថានអគ្គកុងស៊ុល ៖ កាលពីប្រមាណ៤ខែមុន មិនមានពលករខ្មែរណា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅអារញ្ញប្រាថេតនោះទេ

http://kampucheathmey.com/ 15/8/2019 1:36 Pm

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តសាកែវ ឬស្រះកែវ ប្រទេសថៃ បានអះអាងថា កាលពីប្រមាណ៤ខែមុន មិនមានពលករខ្មែរណា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅអារញ្ញប្រាថេតនោះទេ ហើយរាល់ពលករខ្មែរ ដែលត្រូវចាប់ខ្លួន មិនមានអ្នកណាត្រូវបានបង្អត់បាយបង្អត់ទឹកនោះទេ គឺមានបាយទឹកហូបមួយថ្ងៃ៣ពេល ហើយរឿងក្តីសុទ្ធតែត្រូវបានរៀបចំសំណុំរឿងឡើងតុលាការតាមនីតិវិធី និងមានមេធាវីស្ម័គ្រចិត្តការពារក្តីជូនផងដែរ។ ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តសាកែវ ឬស្រះកែវ ប្រទេសថៃ អះអាងបែបនេះ តាមរយៈសារ messenger កាលពីថ្ងៃទី១៤ សីហា និងបន្ទាប់ពីមានសារជាសម្លេងមួយត្រូវបានគេបញ្ជូនមកកាន់បណ្ដាញសារព័ត៌មានកាលពីថ្មីៗនេះ ដោយអះអាងថា មានពលករខ្មែរប្រមាណជាង៦០នាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីប្រមាណ៤ខែមុន នៅអារញ្ញប្រាថេត ហើយនៅមិនទាន់ដោះលែងនៅឡើយ ថែមទាំងអត់បាយអត់ទឹកទៀតផង។

ស្ថានអគ្គកុងស៊ុលបានឲ្យដឹងថា ដោយសារករណីខាងលើនេះ មិនមានកាលបរិច្ឆេទច្បាស់លាស់ ស្ថានអគ្គកុងស៊ុលមិនហ៊ានសន្និដ្ឋានយ៉ាងណាទេ ប៉ុន្តែពលរដ្ឋខ្មែរ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួននៅស្រុកអារញ្ញ ខេត្តសាកែវ ឬស្រះកែវ កន្លងមក មិនមានអ្នកណាត្រូវបង្អត់បាយបង្អត់ទឹកទេ គឺមានបាយទឹកហូបមួយថ្ងៃ៣ពេល ហើយរឿងក្តីសុទ្ធតែត្រូវបានរៀបចំសំណុំរឿងឡើងតុលាការតាមនីតិវិធី និងមានមេធាវីស្ម័គ្រចិត្តការពារក្តីជូនទាំងអស់។ បើតាមស្ថានអគ្គកុងស៊ុលខ្មែរ កាលពី៤ខែមុន គ្មានរឿងចាប់ពលរដ្ឋខ្មែរជាង៦០នាក់ នៅអារញ្ញប្រាថេតនោះទេ។ ជាមួយគ្នានោះ ស្ថានអគ្គកុងស៊ុល បានស្នើឲ្យជួយរកកាលបរិច្ឆេទជាក់លាក់ នៃរឿងខាងលើ ដើម្បីតាមដាន និងដោះស្រាយបន្ទាន់ ពីព្រោះស្ថានអគ្គកុងស៊ុល មិនដែលទុកបណ្តោយឲ្យពលរដ្ឋខ្មែរត្រូវចាប់ឃុំដោយគ្មានដំណោះផ្លូវច្បាប់យូរយ៉ាងនេះទេ។

ទាក់ទងបញ្ហានេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា លោកមិនដឹងថា ករណីនេះ ដួចគ្នា ឬយ៉ាងណានោះទេ តែមានករណីមួយ ឯកអគ្គរដ្ឋទូតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានធ្វើលិខិតតវ៉ាចំនួនពីរដងរួចមកហើយ ដើម្បីឲ្យអាជ្ញាធរថៃដោះលែង។ ជាមួយគ្នានោះ ខាងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃក៏បានចុះទៅមើលប្រជាពលរដ្ឋខ្មែរ ដែលជាប់ទោសនៅផងដែរ។ តាមលោក កេត សោផាន់ ករណីនេះ មានពលការខ្មែរប្រមាណ៨០នាក់ ហើយការធ្វើលិខិតតវ៉ាចំនួនពីរលើក ដើម្បីឲ្យអាជ្ញាធរថៃដោះលែងនោះ អាជ្ញាធរថៃមិនបានដោះលែងមកវិញនោះទេ ដោយសារតែក្រុមទាំងនោះ បានជាប់ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស។ មានន័យថា ពួកគេគឺជាក្រុមមេខ្យល់។ លោក កេត សោផាន់ បានឲ្យដឹងដែរថា ករណីនេះ ខាងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានចុះទៅមើលប្រជាពលរដ្ឋខ្មែរ ដែលជាប់ទោសនោះផងដែរ ហើយចំពោះព័ត៌មានថា អត់បាយអត់ទឹកនោះ មិនជាការពិតទេ គឺមន្ត្រីទូតបានទៅមើលជាក់ស្ដែង៕ ដោយ៖ កោះកែវ

website_news/2019160804.txt · Last modified: 2019/08/16 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki