website_news:2019160806

លោកអគ្គកុងស៊ុល និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានសាលាដំបូងខេត្តស៊ីសាកេត និងលោកស្រីប្រធានសាលាដំបូងកាន់ថាឡាក់

https://www.facebook.com/ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ / 15-08-2019

សាលាដំបូងខេត្តស៊ីសាកេត, ថ្ងៃព្រហស្បតិ៍ 15កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី 15 ខែសីហា ឆ្នាំ2019។ លោកអគ្គកុងស៊ុល ហ៊ុន សាវឿន និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានសាលាដំបូងខេត្តស៊ីសាកេត និងលោកស្រីប្រធានសាលាដំបូងកាន់ថាឡាក់ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកចៅក្រម ព្រះរាជអាជ្ញាអមសាលាដំបូងទាំងពីរ និងក្រុមមេធាវីថៃស្ម័គ្រចិត្តការពារក្តីជូនបងប្អូនប្រជាពលរដ្ឋខ្មែរចំនួន 3រូប។

ក្រៅពីថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយមនោសញ្ចេតនាមិត្តភាព ភាពជាអ្នកជិតខាងល្អ លោកនិងលោកស្រីប្រធានសាលាដំបូងទាំងពីរ បានធ្វើបទឧទ្ទេសនាមអំពីប្រព័ន្ធការងាររបស់សាលាដំបូងទាំងពីរដោយសង្ខេប និងបានជម្រាបដោយសង្កត់ធ្ងន់ជូនលោកអគ្គកុងស៊ុលថា កន្លងមកសាលាដំបូងទាំងពីរកាត់ក្តីដោយឈរលើគោលការណ៍មនុស្សធម៌ យុត្តិធម៌ មិនរើសអើងប្រកាន់ពូជសាសន៍ មិនប្រកាន់អ្នកមានអ្នកក្រ និងស្មើសិទ្ធិចំពោះមុខច្បាប់។ ជនជាប់ចោទទាំងអស់សុទ្ធតែត្រូវបានផ្តល់សិទ្ធិក្នុងការស្វែងរកមេធាវីការពារក្តី ទទួលបានការថែទាំក្នុងអំឡុងពេលឃុំខ្លួនរង់ចាំការកាត់ក្តីដូចជាផ្តល់អាហារទទួលទានគ្រប់គ្រាន់។ ចំពោះជនជាប់ចោទដែលជាពលរដ្ឋបរទេស ដែលពុំចេះភាសាថៃ និងគ្មានលទ្ធភាពរកមេធាវីការពារក្តី គឺតុលាការតែងតែរៀបចំអ្នកបកប្រែភាសា និងមេធាវីស្ម័គ្រចិត្តការពារក្តីជូនដោយមិនចាំបាច់ចំណាយថ្លៃចាយវាយអ្វីទាំងអស់។ កន្លងមកជនជាប់ចោទជាពលរដ្ឋខ្មែរសុទ្ធតែទទួលបានសេវានិងការអនុវត្តដូចគ្នានឹងជនជាប់ចោទជាពលរដ្ឋថៃ និងសាសន៍ដទៃដែរ។ លោកអគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះលោក លោកស្រីប្រធានសាលាដំបូងទាំងពីរ ដែលបានអនុញ្ញាតអោយចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងចែករំលែកព័ត៌មានដ៏មានសារ:សំខាន់ជូនប្រតិភូស្ថានអគ្គកុងស៊ុល។ លោកអគ្គកុងស៊ុលក៏បានជម្រាបជូនអង្គប្រជុំអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិ បាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាសេនាធិការ ជានិច្ចកាលតែងបានណែនាំស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនខ្មែរនៅបរទេសទាំងអស់។

លោកអគ្គកុងស៊ុលក៏បានឆ្លៀតជំរាបជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃបានយ៉ាងជោគជ័យ និងកិច្ចប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃក្នុងការផ្សព្វផ្សាយអប់រំមិនអោយពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ ទន្ទឹមនេះក៏បានជម្រាបជូនអង្គប្រជុំអំពី កំណើនសេដ្ឋកិច្ចយ៉ាងលឿនរហ័ស និងកំណើនការងារយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ពលរដ្ឋខ្មែរនៅកម្ពុជាផងដែរ។ ទីបញ្ចប់លោកអគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះលោក លោកស្រីប្រធានសាលាដំបូង លោកចៅក្រមនិងលោកមេធាវីអមសាលាដំបូង ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងសាលាដំបូងទាំងពីរដែលកន្លងមកបានជួយ បានយោគយល់ បានបន្ធូរបន្ថយទោស និងបានផ្តល់យុត្តិធម៌ជូនបងប្អូនជនជាប់ចោទខ្មែរទាំងអស់ដែលត្រូវឡើងតុលាការនៅទីនេះ ព្រមទាំងស្នើសុំអ្នកទាំងអស់ខាងលើមេត្តាបន្តជួយ និងអនុគ្រោះចំពោះជនជាប់ចោទជាពលរដ្ឋខ្មែរ តាមនីតិវិធីតទៅទៀត៕

website_news/2019160806.txt · Last modified: 2019/08/16 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki