website_news:2019160901

កម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ ការងារលើកទី៥ សម្រាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

https://www.dap-news.com/ ByID:112 Posted on 16 September 2019 | 10:54

ភ្នំពេញ ៖ កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ ការងារលើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារ ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV លើកិច្ចសហប្រតិបត្តិការវិស័យ សន្តិសុខសង្គម” នៅសណ្ឋាគារ អប្សរាផាឡេស ព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ។ នេះបើតាមការផ្សព្វផ្សាយ របស់ក្រសួងការងារ។ ក្នុងពិធីបើកកិច្ចប្រជុំ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ មានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន បានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករ ទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់ សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ ផ្អែកតាមសេចក្តីថ្លែងការណ៍នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅវៀតណាម បានឯកភាពគ្នាជំរុញឲ្យមានយន្តការ ក្នុងការផ្ទេរអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមពីប្រទេស ទទួលមកប្រទេសបញ្ជូនពលករ ដោយបានផ្ដួចផ្ដើមគំនិតមួយចំនួន ។

ក្នុងនោះ (១)- សិក្សារៀបចំច្បាប់ និងគោលនយោបាយជាតិ មានសង្គតិភាពគ្នាជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍គតិយុត្តអន្តរជាតិ ពាក់ព័ន្ធនឹងចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ ,

(២)- ផ្តល់ និងផ្លាស់ប្តូរទិន្នន័យជាក់លាក់អំពីពលករទេសន្តរប្រវេសន៍ ដែលគ្របដណ្តប់ដោយរបបសន្តិសុខសង្គម នៅក្នុងប្រទេស CLMTV ,

(៣)-បង្កើនការចូលរួមរបស់កម្មករនិយោជិត និយោជក និងរដ្ឋាភិបាលនៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្តើមអំពីចល័តភាព នៃរបបសន្តិសុខសង្គមសម្រាប់ពលករ ទេសន្តរប្រវេសន៍នៃប្រទេស CLMTV ,

(៤) ធ្វើការងារឆ្ពោះទៅកាន់ការរៀបចំក្រប ខណ្ឌរួមសម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខ សង្គមសម្រាប់ ពលករទេសន្តប្រវេសន៍ ,

(៥) ជំរុញការចុះកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ នៃប្រទេស CLMTV ចំពោះផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធ ,

(៦) ពង្រឹងយន្តការនៅក្នុងប្រទេស CLMTV អំពីរបៀបទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និង(៧)លើកកម្ពស់ការសម្របសម្រួល រវាងស្ថាប័នទទួលបន្ទុក របបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV ៕

website_news/2019160901.txt · Last modified: 2019/09/16 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki