website_news:2019161001

ក្រសួងសង្គមកិច្ច និងអង្គការចំនួន ១៣ រួមគ្នាធ្វើការលើវិស័យសុខុមាលភាពកុមារ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 16 October 2019 | 09:35 ICT

ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចុះកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន ១៣ មានថវិកាសរុបជាង ១៤ លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ នេះតទៅដោយផ្ដោតសំខាន់លើវិស័យសុខុមាលភាពកុមារ និងកុមារអនាថានៅកម្ពុជា។

លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលបានដឹកនាំការចុះកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី ១៤ ខែតុលា ជាមួយតំណាងអង្គការទាំងនេះបានថ្លែងថា កិច្ចព្រមព្រៀងជាមួយអង្គការទាំង ១៣ ក្នុងទំហំទឹកប្រាក់សរុប ១៤ ២៨៣ ៨៣៦ ដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងរយៈពេល ៣ ឆ្នាំ។ ទិសដៅនៃកិច្ចសហការនេះគឺដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោកថ្លែងថា៖ «ការចូលរួមសហការរបស់អង្គការដៃគូពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ ការចុះកិច្ចព្រមព្រៀងនេះបានផ្ដោតលើការងារសំខាន់ចំពោះសុខុមាលភាពកុមារបម្រើផលប្រយោជន៍ដល់កុមារដែលជាជនរងគ្រោះ និងសមស្របទៅតាមគោលនយោបាយរបស់ក្រសួងផងដែរ»។

លោក តូច ចាន់នី បានបន្ថែមថាការងាររបស់អង្គការទាំង ១៣ ដោយផ្ដោតការជួយសុខុមាលភាពកុមារនេះមានដូចជាការជួយសង្គ្រោះកុមារអនាថាដែលគ្មានទីលំនៅច្បាស់លាស់នៅតាមទីសាធារណៈជាដើម។ មន្ត្រីនាំពាក្យរូបនេះបានស្នើឲ្យក្រុមការងារក្រសួង និងអង្គការដែលសហការនាពេលនេះរួមគ្នា ដើម្បីធ្វើការងារដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុតតាមដែលអាចធ្វើបាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញនៅតែស្វាគមន៍ជានិច្ចជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយដល់ជនរងគ្រោះ ងាយរងគ្រោះនៅកម្ពុជាឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត។ លោកបន្ថែមថា៖ «រាល់អង្គការដៃគូទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួង សូមធ្វើប្រតិបត្តិការទៅតាមលក្ខខណ្ឌ ហើយសុំធ្វើតែកិច្ចការសង្គមតែប៉ុណ្ណោះ មិនត្រូវធ្វើការងារនយោបាយឡើយ។ ប្រសិនបើក្រសួងរកឃើញថា អង្គការណាមួយមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង យកការងារសង្គមមកធ្វើជាការងារនយោបាយ ក្រសួងនឹងបញ្ចប់កិច្ចព្រមព្រៀងភ្លាម និងឈានដល់បញ្ឈប់សកម្មភាព»។

លោក ដួង សុភា ប្រធានរដ្ឋបាលនៃអង្គការជំរំកុមារដែលម៉ុនកម្ពុជា (FOYER INFANT DEL MON CAMBODGE) ដែលជាអង្គការមួយក្នុងចំណោមអង្គការទាំង ១៣ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចកាលពីថ្ងៃចន្ទបានថ្លែងពីម្សិលមិញថា អង្គការជំរំកុមារដែលម៉ុនកម្ពុជាមានមូលដ្ឋាននៅខេត្ដបន្ទាយមានជ័យ។ តាម រយៈគម្រោង ៣ ឆ្នាំនេះអង្គការនឹងប្រើប្រាស់ថវិកាជាង ៣០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយលើសុខុមាលភាពកុមារ។ លោកបញ្ជាក់ថា៖ «កិច្ចសហការថ្មីជាមួយក្រសួងនេះ អង្គការយើងនឹងធ្វើការងារមួយចំនួនលើការថែទាំសុខុមាលភាពកុមារដូចជាការចិញ្ចឹមក្មេងៗអនាថានៅក្នុងមណ្ឌលរបស់យើងដោយមានរយៈពេលវែង។ យើងក៏មានការចូលរួមជួយដល់ការបំប៉នសិស្សនៅក្នុងសហគមន៍ផងដែរ»។ លោក សុភា ឲ្យដឹងថា កិច្ចសហការជាមួយក្រសួងសង្គមកិច្ចកាលពីថ្ងៃចន្ទកន្លងទៅនេះគឺជាកិច្ចសហការលើកទី ៣ ហើយដែលអង្គការរបស់លោកបានចូលរួមការងារលើសុខុមាលភាពកុមារ។ ជួយសង្គ្រោះដល់កុមារក្រីក្រ កុមារកំព្រាឲ្យទទួលបានការស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្លៀកបំពាក់ និងការអប់រំដល់ពួកគេជាដើម។

តាមការប្រកាសរបស់ក្រសួងសង្គមកិច្ច អង្គការទាំង ១៣ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចនោះរួមមាន ១. អង្គការសាកលវិទ្យាល័យអន្តរជាតិសម្រាប់ប្រជាជាតិ ២. អង្គការ មិត្តសំឡាញ់ ៣. អង្គការថែរក្សា និងអប់រំមនុស្សសម្រាប់កម្ពុជា ៤. អង្គការ អភិវឌ្ឍន៍ចំរូតនៃជាតិខ្មែរ ៥. អង្គការ Friends International ៦. អង្គការ ហូលថ៍អន្តរជាតិ ៧. អង្គការសង្គ្រោះ និងអភិវឌ្ឍន៍កុមារកំព្រា ស្ត្រីមេម៉ាយ ៨. អង្គការជម្រកគ្មានទីពឹង ៩. អង្គការកុមារកូនកសិករ ១០. អង្គការមូលនិធិអឺរ៉ុបសម្រាប់កុមារកម្ពុជា ១១. អង្គការ ជំរំកុមារដែលម៉ុនកម្ពុជា ១២. អង្គការ Safe Place Mission និងទី ១៣. អង្គការ Cambodia Neighbor៕

website_news/2019161001.txt · Last modified: 2019/10/16 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki