website_news:2019161002

ឯកអគ្គរាជទូតជប៉ុន ប្តេជ្ញាបង្កើនទីផ្សារការងារសម្រាប់ពលករខ្មែរធ្វើការនៅជប៉ុន

https://www.postkhmer.com/ រី សុចាន់ | Publication date 15 October 2019 | 09:10 ICT

ភ្នំពេញៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលទើបចូលកាន់តំណែងបានប្តេជ្ញាខិតខំប្រឹងប្រែងបង្កើនទីផ្សារការងារឱ្យកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន ខណៈដែលកម្ពុជានឹងខិតខំបង្កលក្ខណៈងាយស្រួលក្នុងការបំពេញសំណុំបែបបទផ្សេងៗ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារ។ ការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុនលោក MIKAMI Masahiro នេះបានធ្វើឡើងនៅក្នុងជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីថ្ងៃចន្ទម្សិលមិញ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបនោះថាជប៉ុននឹងបន្តបើកទីផ្សារការងារបន្ថែមទៀត សម្រាប់ពលករ និងកម្មសិក្សាការីកម្ពុជា និងផ្តល់ឱកាសសម្រាប់បន្តការបណ្តុះបណ្តាលនៅជប៉ុនផងដែរ។ តាមរយៈកំណែទម្រង់ច្បាប់នៅប្រទេសជប៉ុនកម្មសិក្សាការី ឬពលករជំនាញដែលត្រូវធ្វើការនៅប្រទេសជប៉ុននេះ គឺមិនតម្រូវថាត្រូវតែជាអ្នកកំពុងធ្វើការនៅក្នុងសហគ្រាសគ្រឹះស្ថានណាមួយនោះទេ ហើយពេលវេលានៃការធ្វើការនៅទីនោះក៏មានរយៈពេលវែងជាងមុនដែរ។ លោក ហេង សួរ ថ្លែងថា៖ «រីឯរយៈពេលនៃការបញ្ជូនក៏យើងបានខិតខំកាត់បន្ថយ ដោយសារទីមួយ យើងមិនមានតម្រូវការនៃការបញ្ជាក់អំពីបែបបទ ឬក៏បទពិសោធការងារដូចមុននោះទេ។ ប៉ុន្តែនេះគឺជាបែបបទរួមដែលជប៉ុនបានធ្វើហើយបែបបទដែលពាក់ព័ន្ធជាមួយនឹងភាគីកម្ពុជាគឺយើងខិតខំធ្វើម៉េចឱ្យបែបបទនេះកាន់តែខ្លី កាន់តែងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមានបំណងចង់ធ្វើកម្មសិក្សានៅទីនោះ»។ លោកបន្តថាសម្រាប់កម្មសិក្សាការីដែលកំពុងធ្វើការនៅសហគ្រាសណាមួយ ឬមិនកំពុងធ្វើការទេនោះហើយប្រសិនបើពួកគាត់មានវិញ្ញាបនបត្រជំនាញណាមួយ ហើយបន្ទាប់មកមានចំណេះដឹងភាសាជប៉ុន ហើយដាក់ពាក្យស្វែងរកការងារធ្វើតាមទីភ្នាក់ងារស្របច្បាប់ដែលទទួលស្គាល់ដោយក្រសួងការងាររបស់កម្ពុជា ភាគីនិយោជកជប៉ុននឹងមកធ្វើសម្ភាសហើយបើសម្ភាសជាប់គឺនឹងបានទៅធ្វើការនៅជប៉ុន។ លោកបញ្ជាក់ថា៖ «ក្រសួងគឺនឹងសម្របសម្រួលធ្វើម៉េចគ្រប់គ្រងទីភ្នាក់ងារស្របច្បាប់ឱ្យបានល្អ រីឯការសម្រេចជ្រើសរើសគឺនៅលើនិយោជកជប៉ុនផ្ទាល់ ដោយផ្អែកទៅលើការធ្វើតេស្តសម្ភាសរបស់និយោជកជាមួយនឹងអ្នកដែលមានបំណងទៅធ្វើការនៅទីនោះ»។

ហ្វេសប៊ុកក្រសួងការងារកាលពីម្សិលមិញបានដកស្រង់សម្តីលោក MIKAMI Masahiro ថាតំណាងក្រុមហ៊ុនរបស់ជប៉ុន ដូចជាក្រុមហ៊ុនអ៊ីអននៅកម្ពុជាជាដើមបានកោតសរសើរពីការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិកកម្ពុជា ព្រោះមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។ ហ្វេសប៊ុកក្រសួងការងារបន្តថា៖ «មិនតែប៉ុណ្ណោះឯកអគ្គរាជទូតជប៉ុនបានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត មិនថានៅប្រទេសជប៉ុន ឬនៅប្រទេសកម្ពុជា នោះឡើយ»។ ហ្វេសប៊ុកក្រសួងការងារក៏បានដកស្រង់សម្តីលោក អ៊ិត សំហេង ថាកម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុនមានចំនួនប្រមាណ ១ ម៉ឺន ២ ពាន់នាក់។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស (Central) បានថ្លែងថា វាជាឱកាសសម្រាប់ពលរដ្ឋកម្ពុជាក្នុងការចាប់យកជំនាញផ្សេងៗដែលមានការរៀនជំនាញផងហើយទទួលបានប្រាក់បៀវត្សរ៍ទៀត។ ប៉ុន្តែលោកបានចោទសួរថា តើរដ្ឋាភិបាលកម្ពុជាបានគិតដែរឬទេថា តើប៉ុន្មានឆ្នាំទៅមុខទៀតកម្ពុជាត្រូវការពលរដ្ឋនៅក្នុងជំនាញណា? ឧទាហរណ៍ដូចជាជំនាញខាងផ្នែកអេឡិចត្រូនិក ឬផ្នែកកសិកម្ម។ «កម្មសិក្សាការីទៅដល់ប្រទេស ជប៉ុន គឺតម្រូវឱ្យធ្វើការដូចពលករទូទៅអ៊ីចឹង។ យើងហៅគាត់ថា ជាកម្មសិក្សាការី ប៉ុន្តែលក្ខខណ្ឌការងាររបស់គាត់ពិតប្រាកដ គឺដូចពលករទូទៅ ហើយប្រសិនជាអ៊ីចឹង គាត់គួរតែត្រូវបានប្រាក់ឈ្នួលដូចពលករទូទៅ»។លោកថ្លែងថាលោកមើលឃើញមានការកើនឡើងនូវរោងចក្រអេឡិចត្រូនិក និងរោងចក្រកង់នៅក្នុងប្រទេសកម្ពុជា។ ពលរដ្ឋកម្ពុជាគួរតែត្រូវបានបញ្ជូនឱ្យទៅរៀនជំនាញទាំងនេះហើយនៅថ្ងៃក្រោយនៅពេលជប៉ុនមកបើករោងចក្រទាំងនេះនៅកម្ពុជា កម្ពុជានឹងមានកម្មករជំនាញដើម្បីធ្វើការងារទាំងនោះ៕

website_news/2019161002.txt · Last modified: 2019/10/16 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki