website_news:2019161004

ខ្មែរម្នាក់នៅកូរ៉េត្រូវបានថៅកែធ្វើបាប និងមិនបើកប្រាក់ឈ្នួលឲ្យគ្រប់ចំនួន

https://www.postkhmer.com/ រី សុចាន់ | Publication date 15 October 2019 | 14:56 ICT

កូរ៉េៈ ស្ត្រីពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅប្រទេស កូរ៉េខាងត្បូង បានអះអាងថា នាងត្រូវថៅកែស្រីធ្វើបាប និងមិនបើកប្រាក់ឈ្នួលឲ្យគ្រប់ចំនួន ទៅតាមកម្លាំងពលកម្ម ហើយនាងបានអំពាវនាវឲ្យមានការជួយអន្តរាគមន៍ឲ្យនាងបានទៅធ្វើការនៅកន្លែងផ្សេង។

កញ្ញា រីម ស្រីរ៉ុម ដែលធ្វើការគិតជាប្រាក់ម៉ោងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ថៅកែរបស់នាងបានរុញច្រាននាងជេរស្តី និងមិនឱ្យនាងពាក់មួក និងពាក់ស្រោមដៃសម្រាប់ទប់ទល់នឹងអាកាសធាតុដែលត្រជាក់ខ្លាំងនោះទេ។ ថៅកែក៏បានយកកន្ត្រកសម្រាប់ដាក់បន្លែរុញលើជើងនាងបណ្តាលឱ្យមានស្នាមជាំផងដែរ។ កញ្ញា រីម ស្រីរ៉ុម ថ្លែងថា៖ «ខ្ញុំពិបាកខ្លាំងណាស់រាល់ថ្ងៃនេះ។ ខ្ញុំខំប្រឹងធ្វើការដែរតែថៅកែអត់ពេញចិត្ត ព្រោះអីខ្ញុំទើបនឹងមកថ្មី។ ខ្ញុំបេះ (បន្លែ) អត់បាន ១ ៧០០ (ទៅ) ១ ៨០០ (ក្នុង ១ ថ្ងៃ) ដូចអ្នកចាស់អ៊ីចឹងណា។ ខ្ញុំអាចបេះបាន ១ ០០០។ អ៊ីចឹងហើយទើបយាយ (ថៅកែ) ហ្នឹងគាត់រុញច្រានខ្ញុំ ចេះតែក្តៅចិត្តជាមួយខ្ញុំ»។ កញ្ញាបានបន្ថែមថា៖ «គាត់ដេញឱ្យខ្ញុំទៅដេក អត់ឱ្យខ្ញុំធ្វើការ។ ថ្ងៃណា គាត់ពេញចិត្តឱ្យធ្វើការ គាត់ដេញឱ្យទៅធ្វើការតាំងពីម៉ោង ១២ កន្លះថ្ងៃ ខណៈម៉ោងត្រូវចូលធ្វើការម៉ោង ១។ ថៅកែហ្នឹងគាត់អត់យល់ទេ។ គាត់ថា យើងធ្វើម៉េចឱ្យតែបានទៅធ្វើការឱ្យគាត់។ តាមពិតវាអត់ទាន់ដល់ម៉ោង»។ កញ្ញា ស្រីរ៉ុម ដែលបម្រើការងារខាងផ្នែកកសិកម្មបញ្ជាក់ថាកញ្ញាចង់បានអ្នកប្រឹក្សាយោបល់ម្នាក់ដែលអាចជួយឱ្យកញ្ញាបានចាកចេញពីកន្លែងការងារបច្ចុប្បនេះដោយស្របច្បាប់ដោយមិនអស់ប្រាក់ ឬអស់ប្រាក់តិចតួច ហើយទៅរកការងារធ្វើនៅកន្លែងផ្សេង។

កញ្ញាថា ការងារនៅប្រទេស កូរ៉េ មិនសូវជាហត់នឿយប៉ុន្មាននោះទេ។ ទោះបីជាហត់នឿយ ក៏ត្រូវទ្រាំដែរ ព្រោះប្រាក់ខែនៅទីនោះក៏ទទួលបានខ្ពស់ដែរ។ «សំខាន់ឱ្យតែថៅកែយល់ចិត្តយើង។ យើងទើបមកថ្មី។ យើងប្រាប់ថា យើងអត់ចេះអីទេ។ យើងអត់ដែលធ្វើអាហ្នឹងនៅខ្មែរហើយយើងនឹងខំប្រឹងប្រែង»។ កញ្ញា ស្រីរ៉ុម បន្តថា ក្រោយកញ្ញាចូលធ្វើការបានរយៈពេល ៤២ ថ្ងៃ ហើយដល់ថ្ងៃបើកប្រាក់ឈ្នួលថៅកែមិនបានបើកប្រាក់ឈ្នួលនោះឱ្យនាងគ្រប់ចំនួននោះទេ។ ថៅកែបានបើកប្រាក់ឈ្នួលឱ្យនាងបានតែ ៦៣០ ០០០ វ៉ុនប៉ុណ្ណោះ (ជាង ៥០០ ដុល្លារ) ដែលកញ្ញាអះអាងថា កញ្ញាត្រូវទទួលប្រាក់ឈ្នួលក្នុងរយៈពេលនេះរហូតដល់ទៅជាង ១ ០០០ ដុល្លារអាមេរិក។ កញ្ញាបានបន្ថែមថា៖ «គាត់ (ថៅកែ) និយាយថាបើសិនជាខ្ញុំនៅតែធ្វើការអត់បានល្អឱ្យគាត់ទៀត គាត់នឹងស៊ីញ៉េដេញខ្ញុំចេញ។ បន្ទាប់មកទៀតខ្ញុំប្រាប់ថា ខ្ញុំចង់ចេញ ខ្ញុំចង់ចេញ គាត់ទារ ៨០០ ០០០ វ៉ុនកូរ៉េ (ជាង ៦០០ ដុល្លារអាមេរិក)»។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ទីប្រឹក្សាទទួលបន្ទុកពលកររបស់កម្ពុជាអមនៅស្ថានទូតនៅប្រទេស កូរ៉េខាងត្បួង ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងមូលនៅឯទីក្រុងសេអ៊ូល បានទទួលនូវព័ត៌មាននេះ ហើយក៏កំពុងស៊ើបអង្កេតករណីនេះជាមួយនឹងអាជ្ញាធរប្រទេសកូរ៉េ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ពលករគួរស្វែងរកជំនួយនៅនាយកដ្ឋានអធិការកិច្ចរបស់កូរ៉េ និងស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ដែលកន្លងមកមានការផ្តល់សេវាប្រសើរដែលមានផ្តល់លេខទូរស័ព្ទហតឡាញ (Hotline) សម្រាប់ទំនាក់ទំនង។ លោក ឃុន ថារ៉ូ បន្ថែមថា៖ «នៅក្នុងក្របខ័ណ្ឌបញ្ជូន (ពលករ) ក្រសួង (ការងារ) អាចត្រួតពិនិត្យ និងអធិការកិច្ចទៅនឹងទីភ្នាក់ងារបញ្ជូនហ្នឹងទៅ។ បញ្ជូនគាត់ទៅក្រុមហ៊ុនណា? មួយណាច្បាស់លាស់។ ទីតាំង និងទីកន្លែង (ណា?) ព្រោះគាត់ (ក្រសួង) មានព័ត៌មានទាំងអស់នេះ…។ ប្រសិនជាគាត់ (ក្រសួង) មានស្ថានទូតនៅទីនោះ។ គាត់ធ្វើការជិតស្និទ្ធជាមួយគ្នាអ៊ីចឹង ខ្ញុំគិតថាគាត់អាចអន្តរាគមន៍បាន»៕

website_news/2019161004.txt · Last modified: 2019/10/16 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki