website_news:2019170601

អាជ្ញាធរថៃដោះលែងអ្នកទោស៥នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:២០ ម៉ុត សារុន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរចំនួន៥នាក់ និងបញ្ជូនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជានៅមាត់ច្រកទ្វារតំបន់ជប់គគីរ កាលពីរសៀលថ្ងៃទី១៣ មិថុនា២០១៩ ស្ថិតនៅក្នុងភូមិជប់គគីខាងលិច ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។

អ្នកទោសខ្មែរទាំង៥នាក់ខាងលើដែលក្រុមអាជ្ញាធរថៃដោះលែង ១-ឈ្មោះខាំ ផន ភេទប្រុសអាយុ៥២ឆ្នាំ ទីលំនៅភូមិបុស្បមាស ឃុំពពាល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ២-ឈ្មោះខុម ហៃ ភេទប្រុស អាយុ៣៥ឆ្នាំ ៣-ឈ្មោះស៊ុយ តាំងអន ភេទប្រុស អាយុ៣១ឆ្នាំ ៤-ឈ្មោះជិត ហ៊ីម ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំង៤នាក់នេះមានទីលំនៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និង៥-ឈ្មោះហេង មស់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ធ្នូ ២០១៤។

តាមប្រភពពីមន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារតំបន់ជប់គគីរបានឱ្យដឹងថា អ្នកទោសខ្មែរទាំង៥នាក់នោះ ត្រូវក្រុមអាជ្ញាធរថៃឃាត់ខ្លួនចោទពីបទលួចឆ្លងដែនកាប់ឈើគ្រញូងក្នុងដីថៃ ក្នុងនោះម្នាក់ជាប់ពន្ធនាគារ នៅស្រុកណាំងរ៉ង ខេត្តបុរីរ៉ាំ និង៤នាក់ទៀតជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ។ តាមប្រភពពីមន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពីបានទទួលអ្នកទោសខ្មែរពីក្រុមអាជ្ញាធរថៃរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល៕

website_news/2019170601.txt · Last modified: 2019/06/17 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki