website_news:2019170701

វៀតណាម ចាប់ស្ត្រីខ្មែរពពោះជំនួសចិន៣នាក់ បញ្ជូនមកកម្ពុជាវិញ

http://kampucheathmey.com/ 16/7/2019 5:34 Pm

ភ្នំពេញ ៖ ស្ត្រីខ្មែរ៣នាក់ ដែលពាក់ព័ន្ធបទល្មើសពពោះជំនួស ត្រូវបាននគរបាលវៀតណាមចាប់បញ្ជូនមក អោយនគរបាលកម្ពុជាវិញ បន្ទាប់ពីពួកគេឆ្លងដែនទៅសម្រាលកូននៅក្បែរព្រំដែនវៀតណាម ចិន។ សំណុំរឿងក្ដីនេះ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ១៦កក្កដា ឆ្នាំ២០១៩នេះដើម្បីធ្វើការសាកសួរ។ លោកគុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានឈ្មោះ ១/ សេង ចិន្ដា ហៅដា អាយុ៣២ឆ្នាំ មានទីលំនៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២/ ឈ្មោះ ភូន ស៊ីនឿន អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ ៣/ ឈ្មោះ សាត សារួន អាយុ៣១ឆ្នាំ។

ពាក់ព័ន្ធករណីពពោះជំនួសខាងលើនេះ បើតាមចម្លើយរបស់ឈ្មោះ សេង ចិន្ដា បានអោយដឹងថា នៅក្នុងខែតុលា ឆ្នាំ២០១៨ នាងបានទៅផ្ទះរបស់ឈ្មោះ ភូន ស៊ីនឿន ដែលនៅក្នុងភូមិជាមួយគ្នានិយាយបញ្ចុះបញ្ចូលអោយទៅពរពោះជំនួសជនជាតិចិននៅភ្នំពេញ ដោយទទួលបានប្រាក់ចំនួន៨ ០០០ដុល្លារក្នុងទារកមួយ ។ ក្រោយមកនៅថ្ងៃទី ១១តុលា ឆ្នាំ២០១៨ ឈ្មោះភូន ស៊ីនឿន បានមកភ្នំពេញតាមការរៀបចំរបស់សេង ចិន្ដា ដោយបានជួបបុរស ស្ត្រីជនជាតិចិន៧នាក់ ហើយការនិយាយគ្នាគឺមានអ្នកបកប្រែភាសាចិន។

លុះដល់ថ្ងៃទី ២៥តុលា ២០១៨ មានក្រុមគ្រូពេទ្យចិនបានពិនិត្យប្រដាប់បន្តពូជ ហើយក៏ដាក់បញ្ចូលមេជីវិតទៅក្នុងស្បូន ហើយពួកគេក៏អោយលុយកាក់មួយចំនួនសម្រាប់ហូបចុក ថែរក្សាសុខភាព និងពិនិត្យគភ៌ ក្រោយមកខ្លួនបានប្រាប់ថានាងមានផ្ទៃពោះហើយ ពេលនោះនៅថ្ងៃទី ១២មិថុនា ឆ្នាំ២០១៩ ពួកចិនបានអោយនាងឡើងមកភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែន ហើយគេក៏អោយប្រាក់នាងថែម២ ០០០ដុល្លារទៀតដើម្បីចាយវាយបណ្ដោះអាសន្ន។បន្ទាប់មកនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៩ អ្នកបកប្រែ ក៏បានទូរស័ព្ទអោយនាងមកភ្នំពេញដើម្បីរៀបចំសម្រាលកូន។ នៅពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរទៅប្រទេសវៀតណាម នាងឃើញមានស្ត្រីចិន២នាក់ ទារកម្នាក់ ស្ត្រីខ្មែរម្នាក់ទៀតឈ្មោះ សាត សារួន ដែលឈ្មោះដាបញ្ជូនមកអោយមើលថែទាំទារកនិងអ្នកពពោះ។ ពេលធ្វើដំណើរទៅដល់ច្រកទ្វារបាវិតមានបុរសជនជាតិចិនម្នាក់ជាអ្នករត់ការចេញលុយកាក់ទាំងអស់។ បន្ទាប់មកពួកគេបានបន្តដំណើរតាមរថយន្តតាក់ស៊ីរហូតដល់ចំណតរថភ្លើងក្រុងហូជីមិញ និងបន្តដំណើរ២ថ្ងៃ២យប់ទើបដល់ទៅក្រុងហាណូយ។ ដល់ទីនោះមានជនជាតិចិនផ្សេងទៀត រៀបចំអោយបន្តដំណើរទៅព្រំដែន ក៏ត្រូវសមត្ថកិច្ចវៀតណាមចាប់ទាំងអស់គ្នាតែម្ដង ដោយមានទាំងខ្មែរ ចិន វៀតណាមដែលរត់ការផង។ រហូតដល់ថ្ងៃទី ០៩កក្កដា ឆ្នាំ២០១៩ នៅពេលដែលវៀតណាម កំពុងឃុំខ្លួនបណ្ដោះអាសន្នស្រាប់តែឈ្មោះ ភូន ស៊ីនឿនបាន ឈឺពោះសម្រាលបានកូនស្រីមួយ ហើយរហូតមកដល់ថ្ងៃទី ១៣កក្កដា ឆ្នាំ២០១៩ វៀតណាមសម្រេចបញ្ជូនស្រីៗមកប្រទេសកម្ពុជាវិញ ចំណែកជនជាតិចិន វៀតណាម និងខ្មែរ ដែលជាអ្នករត់ការ ត្រូវបានសមត្ថកិច្ចវៀតណាមចាត់កាងតាមច្បាប់របស់វៀតណាមនៅក្រុងហាណូយ។

រឿងក្ដីពរពោះជំនួសដែលក្រុមឈ្មួញមានគោលដៅនាំយកទារកទៅក្រៅប្រទេសនេះ អយ្យការអមតុលាការកំពុងសាកសួរជនសង្ស័យនៅឡើយ ដោយមិនទាន់កំណត់នូវបទល្មើស ដែលត្រូវចោទប្រកាន់នៅឡើយ៕ ៖ មករា

surogacy_cambodia_women_given_birth_in_vn.pdf

website_news/2019170701.txt · Last modified: 2019/07/18 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki