website_news:2019170703

កម្ពុជា-ថៃ ត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការកសាងមជ្ឈមណ្ឌលសំចត សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត

https://www.chnchannel.com/ អត្ថបទដោយ Kongkea Leuk កាលបរិច្ឆេទ ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងឯឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា និងភាគីថៃ ដឹកនាំដោយ លោក ភិឈិត ប៊ុនស៊ុទ អគ្គរាជទូត និងជាប្រធានបេសកកម្មនៃប្រទេសថៃ នាទីស្តីការក្រសួងសង្គមកិច្ច។

កម្ពុជា-ថៃ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការកសាងមជ្ឈមណ្ឌលសំចត សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត នៅអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ ភាគីទាំង២បានអះអាងបន្ថែមថា ការកសាងមជ្ឈមណ្ឌលនេះ មានលក្ខណៈជាប្រវត្តិសាស្រ្ត និងសម្រាប់ការប្រារព្ធពិធីគំរប់ខួប៧០ឆ្នាំ នៃសម្ព័ន្ធភាពថៃ-កម្ពុជាផងដែរ។ ការសម្រេចកសាងមជ្ឈមណ្ឌលសំចត សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត នាពេលនេះ គឺបានបង្ហាញពីចំណុចចាប់ផ្តើមជាវិជ្ជមាន របស់កម្ពុជា-ថៃ លើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និង សមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស (SOP) នៅក្នុងប្រទេសថៃ ដែលកម្ពុជា និងថៃបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ភាគីកម្ពុជា និងភាគីថៃ បានចុះហត្ថលេខា (SOP) ដើម្បីបង្កើតគោលការណ៍ណែនាំរួមស្តីពី ការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោម ទៅតាមការអនុវត្តជាលក្ខណៈអន្តរជាតិ, កំណត់តួនាទី និងការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋភាគីទាំង២ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម, ប្រើប្រាស់ជាឯកសារយោងពាក់ព័ន្ធ និងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។ ការចុះហត្ថលេខាកាលនោះ គឺរដ្ឋភាគីទាំង២ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានានូវការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជាប្រព័ន្ធប្រកបទៅដោយសុវត្ថិភាព និងនិរន្តរភាព ក្រោមវិសាលភាព នៃកិច្ចសហប្រតិបត្តិការរួមមាន៖

ទី១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម។

ទី២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម។

ទី៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

ទី៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម។

ក្រោយមានការចុះហត្ថលេខា ភាគីកម្ពុជា-ថៃ ក៏បានបង្ហាញជំហររួមគ្នាអនុវត្ត លើកិច្ចព្រមព្រៀងលុបបំបាត់ និងទប់ស្កាត់អំពើជួញដូរមនុស្ស ឲ្យនៅមានតិចតួចបំផុត ហើយជនរងគ្រោះដោយអំពើជួញដូរមនុស្ស នឹងត្រូវបានលើកតម្កើង និងឲ្យមានសមភាព កុំឲ្យមានភាពរើសអើង ហើយក៏ដើម្បីជួយឲ្យជីវិតរបស់ជនរងគ្រោះ មានភាពល្អប្រសើរជាងមុន៕

website_news/2019170703.txt · Last modified: 2019/07/17 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki