website_news:2019170704

សិស្សានុសិស្សខ្មែរឥស្លាម រៀននៅម៉ាឡេស៊ី ជាច្រើននាក់ ជាប់ឃុំឃាំងនៅថៃ ក្រោយចាញ់បោកមេខ្យល់ក្លែងបន្លំ ធ្វើលិខិតធ្វើដំណើរក្លែងក្លាយ ត្រឡប់មកផ្ទះវិញ

http://www.cen.com.kh/ July 17, 2019

ប្រទេសថៃ ៖ បើយោតាមការផ្សាយរបស់ផេកហ្វេសប៊ុក Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដានេះថា ព័ត៌មានបឋម ដែលទទួលបានមានពីបងប្រុសម្នាក់ឈ្មោះ រំលី ដែលបានទៅស៊ើបសួរក្មួយរបស់គាត់ ដែលកំពុងជាប់ឃុំឃាំង នៅប្រទេសថៃ បានឲ្យដឹងថា ក្មួយរបស់គាត់ឈ្មោះ ទីន អារីហ្វីន មានកំណើតនៅភូមិរការពប្រាំថ្មី ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរថៃ ចាប់ឃុំឃាំងជាមួយនិងសិស្សខ្មែរឥស្លាមផ្សេងទៀត សរុបចំនួន១៥នាក់ ក្នុងនោះមានសិស្សប្រុស៧នាក់ ស្រី៥នាក់ និងក្មេងចំនួន៣នាក់ផងដែរ។

ប្រភពដដែលបន្តថា សិស្សទាំងអស់នោះ ត្រូវបានមេខ្យល់អះអាងថា ជាអ្នករត់ការបោះត្រា លើលិខិឆ្លងដែនចាស់ អាចប្រើប្រាស់ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញបាន ដោយឆ្លងដែនកាត់តាមប្រទេសថៃ លុះពេលធ្វើមកដល់ព្រំដែនថៃ ក៏ត្រូវបានគេរកឃើញថា ជាត្រាក្លែងក្លាយ ហើយត្រូវបានគេចាប់ឃុំឃាំង អស់រយៈពេលជាងពីរសប្តាហ៍កន្លងមកហើយ ។ បងប្រុសបន្តថា តាមការអះអាងរបស់ក្មួយប្រុសរបស់គាត់ថា ម្នាក់ត្រូវគេប្រាប់ថា គេកាត់ឲ្យជាប់ឃុំឃាំង២ឆ្នាំ ៦ខែ។ ទាក់ទងនឹងបញ្ហានេះ បងប្រុសជាពូ ក៏ដូចជា ក្រុមគ្រួសារបានអំពាវនាវ ឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំ ជួយពួកគាត់ផង ធ្វើយ៉ាងណា ឲ្យកូនៗរបស់គាត់ រួចទោស ដោយសារពួកគាត់ចាញ់បោកគេ ។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា មិនទាន់អាចទាក់ទង សុំការបញ្ជាក់ពីមន្រ្តីសា្ថនទូត កម្ពុជាប្រចាំប្រទេសថៃ អំពីករណីនេះនៅឡើយទេ ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ក៏មានករណីតម្រួតថៃ ចាប់ឃុំសិស្សខ្មែរឥស្លាមដែលរៀននៅថៃ ជាច្រើននាក់ផងដែរ ពីករណីមិនមានឯកសារធ្វើដំណើរ ឆ្លងដែនត្រឹមត្រូវតែក្រោយមកត្រូវបានដោះលែងវិញ ក្រោយមាន ដំណោះស្រាយ និងអន្តរាគមន៍ពីថ្នាក់ដឹកនាំពាក់ព័ន្ធ៕ ដោយ៖កូឡាប

website_news/2019170704.txt · Last modified: 2019/07/17 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki