website_news:2019170903

សម្តេច ហ៊ុន សែន៖ ការបញ្ជូនពលករទៅក្រៅប្រទេស មិនមែនដើម្បីទៅឲ្យធ្វើខ្ញុំគេឡើយ

https://thmeythmey.com/ 17, Sep 2019 , 8:52 am ដោយ: ថ្មីៗ

សម្តេច ហ៊ុន សែន បានលើកឡើងថា ការបញ្ជូនពលករឲ្យបម្រើការនៅក្រៅប្រទេសជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល និងបណ្តាប្រទេសដៃគូទាំងអស់ មិនមែនជាការបញ្ជូនឲ្យទៅធ្វើខ្ញុំគេ ដូចជាការចោទប្រកាន់មួយចំនួននោះឡើយ។ ប្រមុខរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះ នាពិធីបើកកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។

ក្នុងកិច្ចប្រជុំក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាលបន្តពិភាក្សាជាមួយប្រទេសដៃគូទាំងអស់ដើម្បីផ្តល់ភាពស្របច្បាប់សម្រាប់ពលករ។

ជាមួយគ្នានេះ សម្តេច បានបន្ថែមថា ការយកចិត្តទុកដាក់ចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ ជារឿងសំខាន់បំផុតមួយ ដើម្បីឲ្យពលករខ្មែរនៅក្រៅប្រទេស ឬពលករបរទេសនៅកម្ពុជា ទទួលបានការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗពីសង្គមដូចៗគ្នា។ ការចល័តពលករ ត្រូវបានប្រមុខរដ្ឋាភិបាលអះអាងថា មិនមែនជារឿងថ្មីនោះឡើយ ពោលគឺមានការពិភាក្សាគ្នាជាយូរណាស់មកហើយ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន នៅ Cebu និង ម៉ានីល ជាដើម។ នៅតំបន់អាស៊ាន ព្រុយណេ សិង្ហបុរី និងម៉ាឡេស៊ី ជាប្រទេសដែលខ្វះកម្លាំងពលករ ហើយសម្តេច ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងក្របខណ្ឌប្រទេស CLMTV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ថៃជាប្រទេសដែលទទួលពលករពីកម្ពុជាច្រើនជាងគេ ប៉ុន្តែថៃក៏បញ្ជូនពលកររបស់ខ្លួនទៅក្រៅប្រទេសផងដែរ៕

website_news/2019170903.txt · Last modified: 2019/09/17 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki