website_news:2019170907

ក្រសួងមហាផ្ទៃចុះ MOU ជាមួយអង្គការចំនួន ៥ ដើម្បីជួយកុមារ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 16 September 2019 | 16:27 ICT

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គការសង្គមស៊ីវិលចំនួន ៥ ដែលធ្វើការប្រឆាំងការជួញដូរមនុស្ស ជាពិសេសផ្តោតលើការការពារកុមារ ក្នុងគោលដៅរួមគ្នាការពារ និងប្រឆាំងបទល្មើសទៅលើកុមារជាពិសេសអំពើជួញដូរមនុស្សនៅកម្ពុជា។ ការចុះកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយអង្គការទាំង ៥ នេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅទីស្តីការក្រសួងដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា។

លោកស្រី ជូ ប៊ុនអេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងចំនួន ៣ ត្រូវបានធ្វើឡើងរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា ជាមួយអង្គការសម្ព័ន្ធចាប់ដៃ(CHAB DAI COALITION) អង្គការដែនដីមនុស្សហូឡង់ប្រចាំកម្ពុជា(Terre Des Hommes “Stops Child Explotation”)រួមនឹងអង្គការការីតាស។ ចំណែកកិច្ចព្រមព្រៀង ២ ទៀត បានធ្វើឡើងរវាងក្រសួងមហាផ្ទៃនិងអង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គភាពការពារកុមារ CPU។ លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា ការសហការគ្នានេះ គឺដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរាល់ទម្រង់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ ខណៈសកម្មភាពខ្លះ គឺរួមគ្នាលើកកម្ពស់សុខុមាលភាពសង្គមក្នុងការទប់ស្កាត់ និងឆ្លើយតបឲ្យកាន់តែល្អប្រសើរលើសិទ្ធិកុមារ និងឲ្យប្រាកដថា កុមារទទួលបាននូវការការពារ តាមរយៈសកម្មភាពរបស់អង្គការទាំងនេះ។ លោកស្រីបន្តថា៖ «អង្គការទាំងនេះ មានខ្លះមិនមែនជាលើកទី ១ ទេ (MOU) ព្រោះខ្លះបន្ត MOU ដល់ទៅ ៣ ដងជាប់គ្នា ដើម្បីជួយការងាររដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ការជួញដូរមនុស្ស និងការអនុវត្តច្បាប់សម្រាប់ផ្តន្ទាទោសជាដើម។ អង្គការខ្លះរហូតដល់មានការជួយដល់ការធ្វើមាតុភូមិវត្តន៍នីតិសម្បទានៅតាមសហគមន៍»។ លោកស្រី ជូ ប៊ុនអេង បានបន្តថា៖ «តាមគោលនយោបាយរបស់រដ្ឋាភិបាលបើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិការដោយសារមានអង្គការជាច្រើនកំពុងធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយអង្គការមួយចំនួនធ្វើការជាមួយកុមារ និងមួយចំនួនទៀតកំពុងធ្វើការពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកជាដើម។ ដូច្នេះអង្គការទាំងនោះគួរចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សជាមួយរដ្ឋាភិបាល។

លោក សំ លៀង សីលា នាយកប្រតិបត្តិអង្គការ APLE ក្នុងចំណោមអង្គការ ៥ ដែលបានចុះកិច្ចព្រមព្រៀងនេះបានថ្លែងថា នេះជាមោទនភាពមួយរបស់អង្គការសង្គមស៊ីវិល បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈនេះដែលជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ។

ចំណែក លោក James McCabe នាយកប្រតិបត្តិអង្គភាព CPU ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់កិច្ចព្រមព្រៀងថ្មីដែលបន្ត ៣ ឆ្នាំទៀតនេះ លោកនឹងបន្តគាំទ្រ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងនគរបាលជាតិកម្ពុជាក្នុងការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ជាពិសេសឧក្រិដ្ឋកម្មដែលកើតមានលើកុមារកម្ពុជា។ លោកបានបញ្ជាក់ថា៖ «អាជ្ញាធរកម្ពុជា ក៏ប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ បានយ៉ាងល្អតាមរយៈរបាយការណ៍ និងនីតិវិធីរបស់សមត្ថកិច្ចហើយរដ្ឋាភិបាលកម្ពុជាពិតជាបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ពួកគេ និងឆាប់រហ័សក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រឆាំងកុមារ ស្របពេលដែលនគរបាលជាតិកម្ពុជាកំពុងស៊ើបអង្កេតលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលបានប្រព្រឹត្តនៅទូទាំងប្រទេស ហើយនឹងស៊ើបអង្កេតផងដែរ លើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងកុមារ» ។ លោកបានបន្តថា សមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនបានរហូតដល់ ៨៦ ភាគរយ នៃបទល្មើសលើកុមារអាយុក្រោម ១៥ ឆ្នាំ ដែលនេះជាសមិទ្ធផលមិនធម្មតាមួយ សូម្បីតែនៅប្រទេសលោកខាងលិចក៏មិនអាចធ្វើបានដូច្នេះដែរ។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះពីការរំលោភបំពានផ្លូវភេទបានចំនួន ២៦៣ នាក់ ដែលមានការកើនឡើងរហូតដល់ជិត ១៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះជនរងគ្រោះជាកុមារ ដែលមានអាយុក្រោម ១៥ ឆ្នាំ មានរហូតដល់ចំនួន ៧០ នាក់ និងចន្លោះពី ១៥ ទៅ ១៨ ឆ្នាំ មានចំនួន ៣១ នាក់ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនជនរងគ្រោះសរុបទាំងអស់៕

website_news/2019170907.txt · Last modified: 2019/09/17 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki