website_news:2019171001

គណៈមេធាវីគ្រោងបង្កើតស្នាក់ការនៅបរទេសសម្រាប់ការពារពលករខ្មែរ

https://kohsantepheapdaily.com.kh/ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ម៉ោង ១១:៣១ ស.សុខុម (អ៊ាង ម៉េងឡេង)

រាជធានីភ្នំពេញ ៖ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងមហាសន្និបាតលើកទី២៤ ក្នុងការពង្រឹងវិជ្ជាជីវៈមេធាវីប្រចាំឆ្នាំ២០១៩ថា គណៈមេធាវីគ្រោងបង្កើតការិយាល័យនៅឯបរទេសនាឆ្នាំក្រោយ ដើម្បីការពារពលករខ្មែរដែលកំពុងធ្វើការនៅឯបរទេស ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកទី១៦ ខែតុលា នៅក្នុងមហាសន្និបាតលើកទី២៤របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក សួន វិសាល ប្រធានគណៈមេធាវីបានបញ្ជាក់ថា មហាសន្និបាតឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំមុនបន្តិច ដោយមានការអញ្ជើញវាគ្មិនមានជំនាញមកធ្វើបទបង្ហាញ ដើម្បីស្វែងរកបញ្ហាប្រឈម ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈមេធាវីផងដែរ ។

លោក សួន វិសាល បានបន្តទៀតថាមហាសន្និបាតនេះក៏មានគោលបំណងទៅខាងមុខដើម្បីធ្វើយ៉ាងណាឲ្យមេធាវីកម្ពុជាមានសមត្ថភាពអាចប្រកួតប្រជែងជាមួយមេធាវីបរទេសបាននិងព្យាយាមពង្រីកដល់ទីផ្សារអន្តរជាតិ ។ ទោះបីជាបែបណា ពេលនេះគណៈមេធាវីមិនទាន់ចាត់តាំងមេធាវីកម្ពុជាទៅកាន់ការិយាល័យមេធាវីបរទេសឬទៅកាន់ប្រទេសណាមួយនៅឡើយទេ ដោយកំពុងពង្រឹងសមត្ថភាពជាមុនសិន ។ លោក សួន វិសាល បានបញ្ជាក់ថា កាលពីឆ្នាំមុន គណៈមេធាវីបានទទួលព័ត៌មានពីបញ្ហាប្រឈមរបស់មេធាវីក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនបើប្រៀបធៀបនឹងមេធាវីបរទេស ។ លោក សួន វិសាល អះអាងថា មហាសន្និបាតនេះ ក៏បានសម្រេចក្នុងការបង្កើតការិយាល័យមេធាវីកម្ពុជានៅឯបរទេស ដើម្បីការពារពលករខ្មែរនៅបរទេស ។ លោកលើកឡើងថា ការិយាល័យមេធាវីអាចបើកនៅប្រទេសថៃ កូរ៉េ ម៉ាឡេស៊ីជាដើម ពីព្រោះកន្លងមកលោកបានដឹងថាពលករខ្មែរយើងទៅធ្វើការងារនៅទីនោះមានចំនួនច្រើន ។ លោក សួន វិសាល បន្តទៀតថា បញ្ហាលើកឡើងខាងលើកនេះ ស្របតាមស្មារតីនិងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយប្រជាពលរដ្ឋខ្មែរ។ក្រោមការឧបត្ថម្ភពីសម្តេចតេជោ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជាយើង ទោះបីនៅទីណាក៏ ដោយ ហើយការិយាល័យមេធាវីនៅបរទេសនឹងមាននៅឆ្នាំ២០២០ ។

បច្ចុប្បន្ន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានមេធាវីពេញសិទ្ធិ១.៤៦០រូប និងមេធាវីកម្មសិក្សា(មិនទាន់ពេញសិទ្ធិ)ជាង៤០០រូបសរុបជាង១.៧០០រូប តែក៏មានមេធាវីកំពុងប្រកបវិជ្ជាជីវៈប្រមាណ១.០០០រូប ។ លោកបន្តថា ចំនួនមេធាវីកម្ពុជាបច្ចុប្បន្ននេះមិនទាន់សមាមាត្រទៅនឹងចំនួនប្រជាជនកម្ពុជាដែលមានជាង១៥លាននាក់នោះទេ បើប្រៀបធៀបនឹងប្រទេសជិតខាង ដូចជាថៃមាន៧០លាននាក់ តែថៃមានមេធាវីប្រមាណ៩ម៉ឺននាក់ ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលអាណត្តិទី១២ក្នុងការការពារកូនក្តីនៅតាមពន្ធនាគារទូទាំង២៥រាជធានី-ខេត្ត ហើយរាជរដ្ឋាភិបាលបានផ្តល់ថវិកាទ្រទ្រង់ចំនួន១.៦០០លានរៀលដល់គណៈមេធាវី ដើម្បីផ្តល់ដល់មេធាវីការពារក្តីជនក្រីក្រដោយមិនគិតថ្លៃក្នុងមួយករណី៤០ម៉ឺនរៀល ៕

website_news/2019171001.txt · Last modified: 2019/10/17 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki