website_news:2019171003

សហគមន៍អាស៊ីអាមេរិកាំងសហការគ្នាប្រឆាំងនឹងការចាប់ខ្លួនជនជាតិខ្មែរបញ្ជូនទៅកម្ពុជា

https://khmer.voanews.com/ 17 តុលា 2019 ទែន សុខស្រីនិត

វ៉ាស៊ីនតោន៖ កាលពាក់កណ្តាលឆ្នាំ២០១៧ អ្នកស្រី ជុំ ម៉ុនថា (Montha Chum) ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមួយរូប រស់នៅរដ្ឋមីនីសូតា បានឈរនិយាយទៅកាន់សមាជិកនៃសហគមន៍អាស៊ីអាមេរិកាំងនៅមុខសេតវិមានប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជាលើកដំបូង ដើម្បីទាមទាររកយុត្តិធម៌ជូនប្អូនប្រុសរបស់អ្នកស្រី ដែលត្រូវបានមន្ត្រីគយនិងអន្តោប្រវេសន៍ (U.S. Immigration and Customs Enforcement) ឬហៅកាត់ថា ICE ឃុំខ្លួនដើម្បីបញ្ជូនទៅប្រទេសកម្ពុជា ដោយសារតែប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្ម។ ការតវ៉ារបស់អ្នកស្រី រួមជាមួយនឹងសហគមន៍ខ្មែរនៅរដ្ឋមីនីសូតាអស់រយៈពេលជាងពីរឆ្នាំនោះ បានទទួលជោគជ័យ ដោយប្អូនប្រុសរបស់អ្នកស្រីគឺលោក ផាន ចំរើន (Chamroeun Phan) ត្រូវបានចៅក្រមនៃតុលាការអន្តោប្រវេសន៍ សម្រេចលុបចោលដីកាចាប់ខ្លួនលោកបញ្ជូនទៅប្រទេសកម្ពុជា ហើយអនុញ្ញាតឲ្យលោកទទួលបានសិទ្ធិរស់នៅដោយស្របច្បាប់នៅអាមេរិក ដោយផ្អែកលើសម្អាងថា លោក ផាន ចំរើន បានកែខ្លួន ហើយការចាប់បញ្ជូនខ្លួនរូបលោកទៅប្រទេសកម្ពុជា អាចនឹងបង្កផលវិបាកធ្ងន់ធ្ងរដល់ក្រុមគ្រួសារលោកនៅសហរដ្ឋអាមេរិក។

លោក ផាន ចំរើន ត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួន រួមមានទាំងបទបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈ កាលពីឆ្នាំ២០០៩។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ក៏ប៉ុន្តែលោកត្រូវបានដោះលែងមុនពេលកំណត់ដោយសារតែអាកប្បករិយាល្អ ដោយបានជាប់ឃុំរយៈពេល៤០ថ្ងៃប៉ុណ្ណោះ។ ទាំងអ្នកស្រី ជុំ ម៉ុនថា និងលោក ផាន ចំរើន ដែលសព្វថ្ងៃរស់នៅទីក្រុង Saint Paul រដ្ឋមីនីសូតា បានកើតនៅជំរំជនភៀសខ្លួនខាវអ៊ីដាង ប្រទេសថៃ នៅពេលដែលឪពុកម្តាយរបស់អ្នកទាំងពីរបានភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅចុងពាក់កណ្តាលទសវត្សរ៍១៩៧០។ យ៉ាងណាមិញ ពីរឆ្នាំក្រោយពីការតវ៉ារបស់អ្នកស្រីបានជោគជ័យ គេនៅតែឃើញ អ្នកស្រី ជុំ ម៉ុនថា ចូលរួមតវ៉ាជាមួយសមាជិកនៃសហគមន៍អាស៊ីអាមេរិកាំងផ្សេងៗទៀត រួមមានវៀតណាម និងឡាវ នៅមុខការិយាល័យអាជ្ញាធរគយនិងអន្តោប្រវេសន៍ នៅទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA អ្នកស្រីបានបញ្ជាក់ពីមូលហេតុនៃការបន្តតវ៉ារកយុត្តិធម៌ដល់ជនជាតិខ្មែរផ្សេងៗទៀតថា៖ «[ការតវ៉ារកយុត្តិធម៌នេះ] បានអនុញ្ញាតឲ្យខ្ញុំក្លាយជាសំឡេងតំណាងឲ្យបងប្អូនជនជាតិខ្មែរជាច្រើនដែលមិនអាចបញ្ចេញសំឡេងតំណាងឲ្យសមាជិកគ្រួសាររបស់ពួកគេបាន។ ដូច្នេះ ការតវ៉ានេះគឺជាមធ្យោបាយមួយរបស់ខ្ញុំក្នុងការធ្វើការជំរុញឲ្យមានការផ្លាស់ប្តូរគោលនយោបាយ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមគ្រួសារខ្មែរបាននៅជួបជុំគ្នា។ ដោយសារតែនៅក្រោមរដ្ឋបាលនេះ ជនជាតិខ្មែរជាច្រើននាក់ត្រូវបានចាប់បញ្ជូនខ្លួន គឺកើនដល់ទៅ២២៩ភាគរយ តាំងពីរដ្ឋបាលថ្មីនេះចូលកាន់តំណែង»។ ការតវ៉ាទ្រង់ទ្រាយធំមួយនេះបានធ្វើឡើងកាលពីដើមខែតុលានេះ ដោយមានការចូលរួមពីពលរដ្ឋជាង៥០០នាក់ មកពីសហគមន៍អាស៊ីអាមេរិកាំង នៅទីក្រុង Boston រដ្ឋម៉ាស្សាឈូសេត ទីក្រុង Sacramento និងទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋ Rhode Island និងរដ្ឋវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍បែបអមនុស្សធម៌របស់អាជ្ញាធរគយនិងអន្តោប្រវេសន៍ មកលើសហគមន៍ជនជាតិខ្មែរ ដែលជាក្រុមអតីតជនភៀសខ្លួន ដែលធ្លាប់បានប្រព្រឹត្តបទល្មើសពីអតីតកាល បើទោះបីជាពួកគេបានជាប់ទោសរួចហើយក្តី។

តាមច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៦ របស់សហរដ្ឋអាមេរិក (Illigal Immigration and Immigrant Responsibility Act of 1996) ជនអន្តោប្រវេសន៍ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នឹងត្រូវបាត់បង់សិទ្ធិរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក ហើយត្រូវប្រឈមនឹងការនិរទេសទៅប្រទេសដើមកំណើតរបស់ខ្លួនវិញ។ ហើយកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ចុះកាលពីឆ្នាំ២០០២ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្នុងការទទួលយកពលរដ្ឋខ្មែរដែលបានប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍ ទៅប្រទេសកម្ពុជាតាមការស្នើសុំរបស់រដ្ឋាភិបាលអាមេរិក ដោយគ្មានករណីលើកលែង។

អតីតជនភៀសខ្លួន៖ ភាពក្រីក្រ អវិជ្ជា ការប្រព្រឹត្តបទល្មើស

ក៏ប៉ុន្តែ ភាពចម្រូងចម្រាសបានកើតមានឡើង នៅពេលដែលមន្ត្រីគយនិងអន្តោប្រវេសន៍បានរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នេះ ដោយស្វែងរកចាប់ខ្លួនជនអន្តោប្រវេសន៍ដែលធ្លាប់បានប្រព្រឹត្តបទល្មើសពីអតីតកាល បើទោះបីជាពួកគេបានជាប់ទោសរួចហើយ និងបានកែប្រែខ្លួនរស់នៅក្នុងសង្គមដោយមិនបន្តប្រព្រឹត្តបទល្មើសទៀតក្តី។ ហើយជនរងគ្រោះនៃការស្វែងរកចាប់ខ្លួនរបស់មន្ត្រីគយនិងអន្តោប្រវេសន៍ជាលក្ខណៈទ្រង់ទ្រាយធំ រួមទាំងអតីតជនភៀសខ្លួនខ្មែរ វៀតណាម និងឡាវជាដើម។ សកម្មជនគាំពារសិទ្ធិពលរដ្ឋអាស៊ីអាមេរិកាំង ដូចជាអ្នកស្រី ជុំ ម៉ុនថា បានចាត់ទុកថា ការធ្វើបែបនេះ គឺជាការរំលោភសិទ្ធិរបស់សមាជិកនៃសហគមន៍អាស៊ីអាគ្នេយ៍ដែលជាក្រុមជនជាតិភាគតិចនៅសហរដ្ឋអាមេរិក ជាពិសេសក្រុមអតីតជនភៀសខ្លួនមកពីកម្ពុជា ឡាវ និងវៀតណាម ដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ដោយសារតែសង្គ្រាមដែលសហរដ្ឋអាមេរិកធ្លាប់ពាក់ព័ន្ធ។ អ្នកស្រី ជុំ ម៉ុនថា បានថ្លែងថា៖«សហគមន៍ខ្មែរយើងមិនបានទទួលការអប់រំអីទេ។ [អាមេរិក] យកពួកយើងមករស់នៅក្នុងប្រទេស ក្នុងនាមជាជនភៀសខ្លួន ហើយដាក់ពួកយើងឲ្យរស់នៅក្នុងតំបន់ពោរពេញដោយភាពក្រីក្រ ហើយពួកយើងត្រូវបានគេចម្អក ដោយសារពួកយើងខុសពីគេ»។

អ្នកស្រី Katrina Dizon Mariategue អ្នកគ្រប់គ្រងគម្រោងគោលនយោបាយអន្តោប្រវេសន៍នៃអង្គការ SEARAC ដែលធ្វើការគាំពារមតិនិងសិទ្ធិរបស់សហគមន៍ខ្មែរ ឡាវ និងវៀតណាម ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បញ្ជាក់ថា ភាពក្រីក្រ ការខ្វះឱកាសទទួលបានការអប់រំ និងការមិនទទួលបានជំនួយឲ្យបានគ្រប់គ្រាន់ពីរដ្ឋាភិបាលអាមេរិក បានបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើនដល់សហគមន៍ជនភៀសខ្លួនខ្មែរ ដែលអ្នកខ្លះបានធ្លាក់ខ្លួនចូលក្រុមជនពាល និងប្រព្រឹត្តបទល្មើស ដែលតាមច្បាប់អន្តោប្រវេសន៍អាមេរិក បណ្តាលឲ្យពួកគេប្រឈមនឹងការចាប់បញ្ជូនខ្លួនទៅកម្ពុជា។អ្នកស្រី Katrina បានថ្លែងថា៖ «ពួកគេមិនចេះនិយាយភាសាអង់គ្លេសទេ ហើយព្យាយាមកសាងជីវិតថ្មី។ ដោយខ្វះឱកាសទទួលបានការអប់រំដើម្បីប្រកបរបរចិញ្ចឹមជីវិត ក្រុមជនភៀសខ្លួនទាំងនេះជួបនឹងបញ្ហាប្រឈមជាច្រើន ដែលបណ្តាលឲ្យពួកគេខ្លះធ្លាក់ក្នុងស្ថានភាពដែលប្រឈមនឹងការនិរទេសខ្លួន។ ជាញឹកញាប់ យុវជននៃសហគមន៍ជនភៀសខ្លួនបានធ្លាក់ខ្លួនក្លាយជាក្រុមជនពាល ហើយជាលទ្ធផល ពួកគេបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលយើងយល់ថា ឧក្រិដ្ឋកម្មនោះកើតឡើងដោយសារភាពក្រីក្រ»។ សកម្មជនគាំពារសិទ្ធិសហគមន៍អាស៊ីអាមេរិកាំងរូបនេះ បានបន្ថែមថា សហគមន៍ដទៃទៀតគួរតែស្វែងយល់បន្ថែមពីប្រវត្តិតស៊ូរបស់សហគមន៍ខ្មែរនៅដើមទសវត្សរ៍១៩៨០ ដើម្បីអប់រំខ្លួនអំពីឫសគល់នៃបញ្ហាប្រឈមនានា ដែលបានបណ្តាលឲ្យជនជាតិខ្មែរមួយចំនួនធំធ្លាក់ខ្លួនប្រព្រឹត្តបទល្មើសកាលពីក្មេង។ ប៉ុន្តែអ្នកស្រីក៏បានកត់សម្គាល់ផងដែរថា អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសពីមុនភាគច្រើនបានកែខ្លួន បន្ទាប់ពីទទួលទោសរួចហើយ ហើយរស់នៅក្នុងសង្គមដោយសាមញ្ញ។

ចាប់តាំងពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ជនជាតិខ្មែរចំនួន ៨០នាក់ ត្រូវបាននិរទេសទៅប្រទេសកម្ពុជា។ ហើយគិតពីថ្ងៃទី២១ ខែកញ្ញាមកទល់ពេលនេះ ជនជាតិខ្មែរចំនួន ១,៧៦៤នាក់ បានទទួលដីកាចាប់បញ្ជូនខ្លួនទៅកម្ពុជា។ ក្នុងចំណោមអ្នកទាំងនោះ ជនជាតិខ្មែរចំនួន ១,២៧៦នាក់ មានប្រវត្តិប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយក្នុងនោះ ២៤នាក់ កំពុងតែត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់អាជ្ញាធរគយនិងអន្តោប្រវេស៍។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Paige D. Hughes អ្នកនាំពាក្យរបស់អាជ្ញាធរគយនិងអន្តោប្រវេសន៍ នៅក្នុងសារអេឡិចត្រូនិក ឬអ៊ីមែលមកកាន់ VOA។ បើគិតចាប់តាំងពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ឆ្នាំ២០០២មក ជនជាតិខ្មែរសរុបចំនួន ៧៣៣នាក់ ត្រូវបានចាប់បញ្ជូនទៅកម្ពុជា។

ការតស៊ូមតិជាសហគមន៍៖

ទោះជាយ៉ាងណាក្តី អ្នកស្រី ជុំ ម៉ុនថា បានប្រាប់ VOA ថា ការប្រមូលផ្តុំគ្នារបស់សហគមន៍អាស៊ីអាមេរិកាំង មានសារៈសំខាន់ក្នុងការស្វែងរកអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានៃការចាប់ឃុំខ្លួន និងបញ្ជូនខ្លួនពលរដ្ឋអាស៊ីនៅសហរដ្ឋអាមេរិក ដោយគ្មានមនុស្សធម៌។ ការប្រមូលផ្តុំគ្នា និងការតវ៉ាជាក្រុមនេះ គឺជាយុទ្ធសាស្ត្រមួយដែលសហគមន៍អាស៊ីអាមេរិកាំងកំពុងតែពង្រីក ដើម្បីធានាថា ការចាប់ខ្លួនសមាជិកនៃសហគមន៍នេះដោយមន្ត្រីគយនិងអន្តោប្រវេសន៍ ត្រូវបានធ្វើឡើងដោយត្រឹមត្រូវតាមនីតិរដ្ឋ និងផ្អែកលើគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។ អ្នកស្រី ជុំ ម៉ុនថា បានថ្លែងថា៖ «បើនិយាយពីសកម្មភាពជាថ្នាក់ជាតិវិញ យើងបានចេញតវ៉ាពេញប្រទេសអំពីការស្វែងរកចាប់ខ្លួនមនុស្សនៅក្នុងសហគមន៍ខ្មែរ ហើយកាលពីសប្តាហ៍មុន យើងបានដឹងថា ជនជាតិខ្មែរយើងមួយចំនួនត្រូវបានសម្ភាសដោយមន្ត្រីកុងស៊ុលខ្មែរ។ ដូច្នេះយើងមិនទាន់ដឹងថា ជនជាតិខ្មែរចំនួនប៉ុន្មាននាក់ឲ្យប្រាកដទេ ដែលនឹងត្រូវបានចាប់បញ្ជូនខ្លួន។ ប៉ុន្តែ យើងកំពុងធ្វើការរួមគ្នាជាថ្នាក់ជាតិ ដើម្បីព្យាយាមជួយឲ្យគ្រួសារខ្មែរបាននៅជុំគ្នា»។

អ្នកស្រី Katrina Dizon Mariategue នៃអង្គការ SEARAC ក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ សហគមន៍អាស៊ីអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិក កំពុងតែប្រមូលផ្តុំមតិគ្នា ដើម្បីទាមទារឲ្យមានការអន្តរាគមន៍ពីថ្នាក់រដ្ឋ ជាពិសេសពីអភិបាលរដ្ឋ ក្នុងការផ្តល់ការលើកលែងទោសដល់អ្នកដែលមានប្រវត្តិប្រព្រឹត្តបទល្មើស។ ការផ្តល់ការលើកលែងទោសនេះ មានន័យថា ពួកគេត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលជាលទ្ធផលនឹងជួយឲ្យពួកគេអាចរួចផុតពីការចាប់បញ្ជូនខ្លួនទៅប្រទេសកំណើតវិញ ក្នុងករណីដែលសំណុំរឿងថ្មីរបស់ពួកគេទទួលបានជោគជ័យ តាមនីតិវិធីនៃតុលាការអន្តោប្រវេសន៍។ អ្នកស្រី Katrina លើកឡើងថា៖ «នៅថ្នាក់រដ្ឋ ដោយមានការលើកលែងទោសពីអភិបាលរដ្ឋ វានឹងជួយសម្រួលដល់ការរៀបចំសំណុំរឿងដើម្បីទាមទារឲ្យមានការលុបចោលការចាប់បញ្ជូនខ្លួនពួកគេបាន»។ ក៏ប៉ុន្តែ ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គេឃើញមានការបង្កើនការរឹតបន្តឹងនិងអនុវត្តច្បាប់អន្តោប្រវេសន៍បែបទ្រង់ទ្រាយធំ និងយ៉ាងរហ័ស ដែលបង្កជាការលំបាកដល់សហគមន៍ក្នុងការស្វែងរកការអន្តរាគមន៍ណាមួយឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យមានការចាប់បញ្ជូនខ្លួនបែបអមនុស្សធម៌។ ជាក់ស្តែង នៅឆ្នាំ២០១៧ រដ្ឋាបាលលោក ត្រាំ បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដោយផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់កម្ពុជាដែលធ្វើការនៅក្រសួងការបរទេស ដោយសារតែកម្ពុជាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ឆ្នាំ២០០២រវាងអាមេរិកនិងកម្ពុជាឲ្យបានត្រឹមត្រូវ។ អ្នកស្រី Katrina បានថ្លែងថា៖ «ដោយសារតែមូលហេតុនេះ យើងកំពុងតែឃើញថា អាជ្ញាធរគយនិងអន្តោប្រវេសន៍អនុវត្តច្បាប់យ៉ាងសាហាវ ហើយដាក់សម្ពាធបន្ថែមលើកម្ពុជា»។ ក្រុមសកម្មជនគាំពារសិទ្ធិសហគមន៍អាស៊ីអាមេរិកាំងកំពុងព្រួយបារម្ភថា ជនជាតិខ្មែរជាច្រើននាក់ នឹងត្រូវបានចាប់បញ្ជូនខ្លួនទៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់សកម្មជនការពារសិទ្ធិសហគមន៍ដូចជា អ្នកស្រី ជុំ ម៉ុនថា ក្តីសង្ឃឹមក្នុងការជួយគ្រួសារខ្មែរឲ្យបាននៅជួបជុំគ្នា ត្រូវតែមានជាបន្តទៀត ទោះបីជាកាលៈទេសៈបច្ចុប្បន្ននេះលំបាកយ៉ាងណាក៏ដោយ។ អ្នកស្រីបានថ្លែងថា៖ «ប៉ុន្តែយើងមិនត្រូវបោះបង់ការតស៊ូចោលទេ ហើយត្រូវមានក្តីសង្ឃឹម ហើយត្រូវសកម្មក្នុងការទាក់ទងទៅសហគមន៍ទាំងមូល មុននឹងការស្វែងរកចាប់ខ្លួនមនុស្ស [ដោយមន្ត្រីគយនិងអន្តោប្រវេសន៍] កើតឡើង ដើម្បីឲ្យយើងអាចជួយពួកគេបានមុននឹង វិបត្តិកើតឡើង»៕

website_news/2019171003.txt · Last modified: 2019/10/17 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki