website_news:2019171201

លោក ហ៊ុន សែន ថា មន្ទីរពេទ្យព្រះកេតុមាលា មានសមត្ថភាពវះកាត់ប្ដូរក្រលៀនបាន

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2019-12-16

លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ បានអះអាងថា មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យទាហាន មានសមត្ថភាពវះកាត់ផ្លាស់ប្ដូរក្រលៀន សម្រាប់អ្នកខូចក្រលៀន ឬតម្រងនោម។ ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ២.៥៨៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១៦ ធ្នូ លោក ហ៊ុន សែន លើកឡើងថា មន្ទីរពេទ្យព្រះកេតុមាលា មានសមត្ថភាពដោះដូរគ្រឿងក្នុង ក្រលៀន ឬសរីរាង្គមួយចំនួន ហើយគុណភាពគឺដូច មន្ទីរពេទ្យនៅបរទេស។ លោក ហ៊ុន សែន លើកទឹកចិត្តឲ្យអ្នកជួបបញ្ហាក្រលៀន កុំអស់សង្ឃឹម ឲ្យតែមានបងប្អូន កូនចៅ សាច់ញាតិ ដែលមានប្រភេទក្រលៀនដូចគ្នា អាចទៅជួបពិភាក្សា ជាមួយគ្រូពេទ្យ ដើម្បីវះកាត់ដោះដូរបាន។

ជំងឺខូចក្រលៀន ឬខូចតម្រង់នោម ដែលធ្ងន់ធ្ងរ មិនអាចព្យាបាលបានទេ លុះត្រាតែមានការវះកាត់ប្ដូរ ដាក់ក្រលៀនថ្មី។ នៅឆ្នាំ២០១៦ រដ្ឋសភា បានអនុម័តច្បាប់ឲ្យគ្រូពេទ្យ អាចធ្វើការវះកាត់ប្ដូរក្រលៀន ឬសរីរាង្គកាយ នៅតាមមន្ទីរពេទ្យបាន តែធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្តសងខាង សប្បុរសធម៌ និងមិនមានការជួញដូរ មិនមានការផ្សាយពាណិជ្ជកម្ម និងត្រូវធ្វើឡើងជាសម្ងាត់ ជាដើម។

អ្នកកើតជំងឺខូចក្រលៀន ឬតម្រង់នោម នៅកម្ពុជា ភាគច្រើន ទទួលបានត្រឹមសេវា លាងឈាម ឬការលាងជាតិពុលនៅក្នុងឈាម។ ការលាងឈាមនេះ អ្នកជំងឺត្រូវចំណាយលុយខ្ទង់ ៥០ ទៅ ៦០ដុល្លារ ក្នុងការលាងម្ដង ដោយមិនទាន់រាប់បញ្ចូលនឹងថ្នាំចាក់ផ្សេងៗ ហើយការលាងនេះ ត្រូវធ្វើញឹកញាប់ ឬរង្វើល ទៅតាមស្ថានភាពជំងឺ។ អ្នកខ្លះ ត្រូវលាងឈាម មួយសប្ដាហ៍ម្ដង ឬត្រូវលាងរាល់ថ្ងៃ ទៅតាមស្ថានភាពជំងឺជាក់ស្ដែង។ មន្ទីរពេទ្យ ដែលមានសេវា និងម៉ាស៊ីនលាងឈាម គឺមន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យធំ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៊ី មន្ទីរពេទ្យព្រះកុសុម ឬពេទ្យលោកសង្ឃ មន្ទីរពេទ្យ កាល់ម៉ែត និងមន្ទីរពេទ្យឯកជនខ្នាតធំ មួយចំនួនទៀត៕

website_news/2019171201.txt · Last modified: 2019/12/17 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki