website_news:2019171202

នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថាការវះកាត់ដូរតម្រងនោមអាចធ្វើបាននៅកម្ពុជា

https://khmer.voanews.com/ 16 ធ្នូ 2019 ខាន់ សុគុំមនោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំប្រជាជនកម្ពុជា ដែលមានជំងឺខូចតម្រងនោមថា ពួកគេអាចស្វែងរកសេវាវះកាត់ផ្សាំកោសិកាតម្រងនោម ឬប្តូរគ្រលៀននៅក្នុងប្រទេសកម្ពុជាបាន។ កន្លងមកកម្ពុជាមិនមានសេវាកម្មផ្លាស់ប្តូរសរីរាង្គនេះទេ។ កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់មិនឲ្យមានការទិញដូរសរីរាង្គ ដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់។

នៅចំពោះមុខនិស្សិតពេទ្យ ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា៖ «ឥឡូវខ្ញុំនេះ សូមយកឱកាសនេះ ដើម្បីចែករំលែក និងជម្រាបជូនចំពោះប្រជាពលរដ្ឋកម្ពុជារបស់យើងឲ្យបានជ្រាបថា ការដូរគ្រលៀន ឬសរីរាង្គមួយចំនួន គឺធ្វើបានក្នុងប្រទេសកម្ពុជារបស់យើងដោយសុវត្ថិភាព គឺនៅក្នុងមន្ទីរពេទ្យកងទ័ពរបស់យើងតែម្តង»។ លោក ហ៊ុន សែន បន្តថា ដំណើរការវះកាត់ផ្សាំកោសិកាតម្រងនោមនៅក្នុងស្រុកអាចធ្វើទៅបាន ប្រសិនបើក្រុមគ្រួសាររបស់អ្នកជំងឺអាចបរិច្ចាគគ្រលៀនរបស់ពួកគេដើម្បីសង្គ្រោះអ្នកជំងឺ។ លោក ហ៊ុន សែន បន្ថែមថា៖ «តម្រូវការនៃការប្តូរគ្រលៀន យើងមានតម្រូវការ គ្រាន់ថាសាច់ញាតិរបស់យើងដែលមានគ្រលៀនដូចយើងមានឈាមដូចយើង គឺអាចដោះស្រាយបញ្ហាបានហើយ។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ឱ្យបងប្អូនលក់គ្រលៀនទេ នាំគ្នាលក់គ្រលៀនទេ ឬក៏សរីរាង្គខ្លះ‍»។

កាលណាខូចតម្រងនោមទាំងសងខាង វិធីព្យាបាលមានតែមួយគត់ដែលអាចឲ្យអ្នកជំងឺជាសះស្បើយ គឺការវះកាត់ផ្លាស់ប្តូរសរីរាង្គតម្រងនោមដែលខូចចេញ និងជំនួសដោយសរីរាង្គដែលនៅល្អ អាចបំពេញមុខងាររបស់វា ក្នុងការបន្សាបជាតិពុលក្នុងឈាមបាន នេះបើយោងតាមលោកវេជ្ជបណ្ឌិត ជី ទិត ប្រធានមជ្ឈមណ្ឌលលាងឈាមនៅក្នុងមន្ទីរពេទ្យព្រះកេតុ មាលា។ លោកវេជ្ជបណ្ឌិត ជី ទិត បានប្រាប់វីអូអេថា លោកមិនបានដឹងនៅឡើយ អំពីការបង្កើតឲ្យមានសេវាវះកាត់ផ្សាំកោសិការនៅមន្ទីរពេទ្យនេះ។ តែលោកកត់សម្គាល់ថា អ្នកខូចតម្រងនោម និងមកទទួលការលាងបន្សុទ្ធឈាម មានចំនួនកើនឡើងច្រើនជាបន្តបន្ទាប់ ដែលនៅក្នុងមួយថ្ងៃអាចមានដល់ទៅ៦០នាក់ នៅក្នុងអគារលាងឈាមរបស់លោក។ លោក ជី ទិត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ព័ត៌មានហ្នឹង ខ្ញុំអត់ត្រូវបានជ្រួតជ្រាបទេ ចាំមើលខ្ញុំសួរព័ត៌មានខាងមន្ទីរពេទ្យសិនណា។ តែក្រែងលោប្រហែលមាន តែខ្ញុំអត់បានជ្រាបច្បាស់ទេពីបញ្ហាអស់ហ្នឹង»។លោក ជី ទិត ដែលបម្រើការនៅផ្នែកលាងឈាមនៅមន្ទីរពេទ្យព្រះកេតុមាលា ជាង១២ឆ្នាំមកហើយនោះ បន្តទៀតថា លោកបារម្ភអំពីស្ថានភាពជំងឺតម្រងនោមដែលអ្នកជំងឺក្មេងបំផុតអាចមានអាយុជាង១០ឆ្នាំ ហើយភាគច្រើនអ្នកជំងឺតម្រងនោមដែលប្រើប្រាស់វិធីលាងឈាម ដែលជាការបន្សុទ្ធឈាមច្រោះជាតិពុលចេញតាមរយៈម៉ាស៊ីន។លោកថា ការណ៍នេះកើតឡើងដោយសារអ្នកជំងឺមិនមានលទ្ធភាពទទួលការវះកាត់ប្តូរតម្រងនោមនៅបរទេស ដែលចំណាយប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក។

តាមផ្លូវច្បាប់ ការផ្តល់សរីរាង្គតម្រងនោម ត្រូវធ្វើឡើងតាមទម្រង់បរិច្ចាគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងវះកាត់ដោយគ្រូពេទ្យឯកទេស និងមានកម្មវិធីតាមដានពិនិត្យ ដើម្បីផ្គូរផ្គងរវាងអ្នកបរិច្ចាគ និងអ្នកទទួលសរីរាង្គនោះដែរ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅ មានក្រុមគ្រូពេទ្យយោធាមួយក្រុមដែលធ្វើការនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលក្នុងនោះមានឧត្តមសេនីយ៍ពីររូបផង ត្រូវបានចាប់ខ្លួន ដោយសារតែបានបង់ប្រាក់ទិញតម្រងនោមពីពលរដ្ឋកម្ពុជា។ ក្រោមការណែនាំពីក្រុមគ្រូពេទ្យចិន ពួកគេបានធ្វើការវះកាត់ប្តូរតម្រងនោមឲ្យអ្នកជំងឺជនជាតិចិនមួយចំនួន។ ក្រោយពីករណីនេះត្រូវបានដឹងឮជាសាធារណៈ អាជ្ញាធរបានដកការចោទប្រកាន់ ហើយមន្ទីរពេទ្យក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការប្តូរសរីរាង្គនេះគឺជាផ្នែកមួយនៃកម្មវិធីរបស់ក្រុមគ្រូពេទ្យជនជាតិចិន ដែលពេលនោះពួកគេមកបណ្តុះបណ្តាលក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់របស់កម្ពុជា។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រាប់វីអូអេថា ក្នុងឆ្នាំ២០១៩នេះ កម្ពុជាមិនមានករណីជួញដូរសរីរាង្គនោះទេ។ អ្នកស្រីថា ការណ៍នេះដោយសារកម្ពុជាពុំមានការវះកាត់ប្តូរសរីរាង្គ។ អ្នកស្រីមានប្រសាសន៍ថា៖ «ឆ្នាំមុនយើងធ្វើការឃាត់ខ្លួន ខ្លះនោះ ដោយសារគាត់ត្រៀមទេ។ គាត់ត្រៀមប្តូរគ្រលៀនឲ្យគេនៅក្រៅប្រទេស។ នៅកម្ពុជា ដោយសារយើងដឹងថារឿងហ្នឹងវាមិនអាចធ្វើបាន អញ្ចឹងយើងក៏តាមដាន វាអត់ដែលឃើញករណីហ្នឹងនៅក្នុងស្រុកទេ»។

ច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ដែលសភាបានអនុម័ត ឆ្នាំ២០១៦ បានឲ្យដឹងថា៖ «ក្រសួងសុខាភិបាល ជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និង ផ្តល់ការអនុញ្ញាតដល់មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលក្នុងការផ្សាំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស»។

វីអូអេបានព្យាយាមទាក់ទងមន្ត្រីសុខាភិបាល ដើម្បីសាកសួរព័ត៌មានលម្អិតអំពីព័ត៌មានស្តីការបរិច្ចាគនេះ។ ទាំងអ្នកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស និងអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងលោក លី សូវ៉ាន់ អ្នកនាំពាក្យនៃក្រសួងសុខាភិបាលមួយរូបទៀត មិនទទួលទូរស័ព្ទ។ ឯលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទូរស័ព្ទ ហើយប្រាប់ថា លោក«ជាប់ប្រជុំ» ហើយចុចបិទទូរស័ព្ទវិញ។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) យល់ថា ការបង្កើតឲ្យមានសេវាវះកាត់ផ្លាស់ប្តូរតម្រងនោមជារឿងល្អ សម្រាប់វិស័យសុខាភិបាល។ ទោះបីជាយ៉ាងណាក៏ដោយ លោកថា រដ្ឋាភិបាលគួរត្រៀមបង្ការករណីជួញដូរសរីរាង្គមនុស្សដែលធ្លាប់កើតមានពីមុនមក។ លោក សំអាត បានលើកឡើងថា៖ «អាហ្នឹងជាការល្អ ក៏ប៉ុន្តែសរីរាង្គទាំងអស់ហ្នឹងត្រូវប្រាកដថាបានឡើងដោយការស្របច្បាប់ បានមកពីការបរិច្ចាគ និងការស្របច្បាប់ផ្សេងៗ។ កន្លែងនេះដែលយើងត្រូវពិចារណា ហើយត្រូវមានវិធានការ និងច្បាប់ណាមួយកំណត់ឲ្យបានច្បាស់លាស់ទៅលើបញ្ហាទាំងអស់។ បើមិនអញ្ចឹងទេ យើងនៅតែមានការបារម្ភលើការជួយដូរសរីរាង្គ»។

នៅកម្ពុជា អាត្រាអ្នកកើតជំងឺខូចតម្រងនោម ឬខ្សោយតម្រងនោមរ៉ាំរ៉ៃ មានការកើនឡើងគួរឲ្យកត់សម្គាល់។ អ្នកស្រាវជ្រាវលើជំងឺខូចតម្រងនោម ថាជំងឺនេះគឺជា«ឃាតករស្ងប់ស្ងាត់»៕

website_news/2019171202.txt · Last modified: 2019/12/17 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki