website_news:2019171205

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ១២ធ្នូ នៅខេត្តសៀមរាបលើកទី១៣ ឆ្នាំ២០១៩

https://www.facebook.com/deputygovernoryousophear/ លេខាធិការដ្ឋាន គខបជសៀមរាប 16-12-2019

នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៩នេះ នៅសាលមហោស្រពស្នាមញញឹមអង្គរខេត្តសៀមរាបមានប្រារព្ធទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ(រួមសហការគ្នា ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការ គ ខ ប ជ លោកជំទាវ ស៉ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តកំពង់ធំ បាត់ដំបង សមាជិកក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក និង បណ្តាអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និសិ្សត ក្រុមយុវជនកាយរឹទ្ធកម្ពុជា និងយុវជនកាកបាទក្រហម សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណជិតមួយពាន់នាក់ចូលរួម ។

លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់អំពីគោលបំណងនៃការប្រារព្ធទិវាជាតិនេះ គឺដើមី្បបង្ហាញពីឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមសហការគ្នា ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស ព្រមទាំងបញ្ជាក់ពីលទ្ធផលដែលអនុវត្តបានក្នុងឆ្នាំ២០១៩ យុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស ការការពារ ស្តារនីតិសម្បទា សមារណកម្មនិងមាតុភូមិនិវត្តន៍ ការងារកិច្ចយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការងារបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពទៀតផង ។

បន្ទាប់ពីទស្សនានូវកម្រងភាពយន្តឯកសារទាក់ទងការជួញដូរ កេងប្រវ័ញ្ច និងធ្វើអាជីវកម្មផ្លូវភេទ តាមរយៈមេខ្យល់ ក្រុមអ្នករកស៊ីរត់ពន្ធមនុស្ស ដែលបានប្រើប្រាស់គ្រប់កលល្បិចបោកប្រាស់ ទៅតាមគ្រប់រូបភាព ហើយកុមារមួយចំនួនត្រូវបានធ្លាក់ខ្លួនទៅក្នុង អំពើពេស្យាចារ ដោយរងនូវអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង ឬឪពុកម្តាយយកទៅលក់ ដើមី្បសង់បំណុលគេ និង កុមារមួយចំនួនត្រូវបានបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានគេយកទៅលក់ និង កត្តាមួយចំនួនក៏ធ្វើឲ្យស្ត្រី និង កុមារងាយរងគ្រោះ។

ក្នុងនោះលោកជំទាវ ជូ ប៊ុនអេង ក៏បានលើកឡើងថា ទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណង បង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នា បង្ការ បង្រ្កាប ផ្តន្ទាទោស សង្រ្គោះ និង ការពារ ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស ។ ម៉្យាងទៀតរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ការលំបាក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដើមី្បឲ្យប្រជាជនកម្ពុជា និង មនុស្សជាតិ ទទួលបានការគោរពសិទ្ធិសេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និង ភាពសុខុដុមរមនា ។ លោកជំទាវក៏បានបញ្ជាក់ ពីការប្តេជ្ញារចិត្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា និងទាមទារឲ្យមានកិច្ចសហការ កាន់តែជាក់លាក់ពីបណ្តាប្រទេសពាក់ ព័ន្ធទាំងឡាយក្នុងតំបន់ និង លើពិភពលោក ដើមី្បរួមគ្នាបង្រ្កាបអំពើជួញដូរមនុស្សគ្រប់រូបភាព និង ផ្តន្ទាទោសជនល្មើសឲ្យបានម៉ឹងម៉ាត់ ដើមី្បកាត់បន្ថយ លុបបំបាត់ប្រសិទ្ធភាពបទល្មើស ។

លោកជំទាវ ជូ ប៊ុនអេង ក៏បានបន្តទៀតថា កម្ពុជានឹងពង្រឹងការអនុវត្តច្បាប់ អនុសញ្ញា កតិកាសញ្ញាអន្តរជាតិ ច្បាប់ជាតិ អនុស្សរណៈកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ផែនការសកម្មភាពរួម ផែនការជាតិ ព្រមទាំងបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការគាំទ្រ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ ឲ្យមានលទ្ធភាព សមត្ថភាព និង ធនធានគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អ ។ ខ្លឹមសារនៃទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៩នេះ បានផ្តោតសំខាន់ចំពោះបទល្មើស ការពរពោះជំនួស ដែលជាបទឧក្រិដ្ឋមួយ ក្នុងការជួញដូរទារក នាំចេញទៅក្រៅប្រទេស ។ ម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រការធ្វើទេសន្តរប្រវេសន៍ការងារ ស្របច្បាប់ សម្រាប់ជាជម្រើស ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និង សង្គម ។

លោកជំទាវ ជូ ប៊ុនអេង ក៏មានសង្ឃឹមជឿជាក់ថា ការបា្ររព្ធទិវានៅថៃ្ងនេះជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយជាសាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ ព្រមទាំងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ដើម្បីអនុវត្តច្បាប់នេះ ឲ្យកាន់តែមានប្រសិទ្ធិភាព និងជោគជ័យថែមទៀត ដើម្បីប្រជាជននិងប្រទេសជាតិយើង ៕

website_news/2019171205.txt · Last modified: 2019/12/17 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki