website_news:2019180101

ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ប្រាប់សិក្ខាកាមយកចំណេះវិជ្ជាទៅបំរើមូលដ្ឋាន

http://cambodiapolice.com/policekh/ 1:13 pm 18 មករា 2019

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ប្រធានស្តីទី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនផ្តាំផ្ញើរអោយសិក្ខាកាម ដែលទទួលបានចំណេះវិជ្ជាពីការសិក្សាយកទៅបំរើក្នុងមូលដ្ឋាននិងជួយបណ្តុះបណ្តាលដល់កងកម្លាំងផ្សេងៗទៀតពេលត្រឡប់ទៅកាន់កន្លែងបំរើការងារវិញ។ មានប្រសាសន៍ខណៈដែលឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ប្រធានស្តីទីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាង លោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថិភាពដល់នគរបាលរាជធានី-ខេត្ត ចំនួន៥ថ្ងៃ នៅព្រឹកថ្ងៃទី១៨ មករា ឆ្នាំ២០១៩នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង បានបន្ថែមអោយដឹងថា៖ ស្ថានភាពបទល្មើសពាក់ព័ន្ធការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារនៅកម្ពុជា នៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ឆ្លងតាមកិច្ចសហប្រតិបត្តការណ៍រវាងនគរបាលជាតិកម្ពុជាជាមួយ និងអង្គការមេត្រីអន្តរជាតិ និងសេចក្តីអំណរអន្តរជាតិកន្លងមកទទួលបានលទ្ធផលជាច្រើនក្នុងការស៊ើបអង្កេត បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើអនីតិជនជាបន្តបន្ទាប់

ក្នុងពិធីបិទវគ្គនោះផងដែរឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អង្គការទាំងពីរ គឺអង្គការមេត្រីអន្តរជាតិ (AIM SWAT) និងសេចក្តីអំណរអន្តរជាតិ (JOY INTERNATIONAL) ដែលបានជួយបណ្តុះបណ្តាលដល់សិក្ខាកាមដើម្បីយកចំណេះវិជ្ជាទៅបំរើដល់សង្គមដូចជាការបង្ក្រាបបទល្មើស ចាប់ជនសង្ស័យ និងសង្គ្រោះជនរងគ្រោះ ចាំបាច់ត្រូវតែមានការស្វែងយល់បន្ថែមនូវវិធីសាស្ត្រការពារខ្លួន និងការប្រើប្រាស់អាវុធពេលប្រតិបត្តការបង្ក្រាបបទល្មើស ក្នុងការចាប់ខ្លួនជនសង្ស័យ និងសង្គ្រោះជនរងគ្រោះប្រកបដោយសុវត្ថិភាព ព្រមទាំងការសង្គ្រោះបឋមពេលមានរបួសនៅកំឡុងពេលប្រតិបត្តិការនេះផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ មានការចូលរួមពីសំណាក់អង្គការចំនួនពីរ គឺអង្គការមេត្រីអន្តរជាតិ (AIM SWAT) និងសេចក្តីអំណរអន្តរជាតិ (JOY INTERNATIONAL) ដែលមានគ្រូឧទ្ទេសនាមដែលមានបទពិសោធខ្ពស់មកពីសហរដ្ឋអាមេរិក និងមានគ្រូជំនួយជានគរបាលស្ត្រីចំនួន ០២រូប ព្រមទាំងមានការចូលរួមពីសិក្ខាកាមជា នាយ នាយរងនគរបាលពីតាមរាជធានី-ខេត្តចំនួន៧គឺ៖ ភ្នំពេញ កំពត ពោធិសាត់ តាកែវ កំពង់ចាម កំពង់ឆ្នាំង និងកំពង់ស្ពឺ៕

website_news/2019180101.txt · Last modified: 2019/01/18 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki