website_news:2019180105

ពលករខ្មែរធ្វើការនៅថៃបារម្ភពីបរិស្ថានកខ្វក់នៅលើអាកាសក្នុងទីក្រុងបាងកកប៉ះពាល់សុខភាព

https://www.rfa.org/khmer/news/ ដោយ សន ចាន់រដ្ឋា 2019-01-16

ពលករខ្មែរធ្វើការងារនៅទីក្រុងបាងកក ប្រទេសថៃ មួយចំនួនកំពុងខ្វល់ខ្វាយអំពីបរិស្ថានកខ្វក់នៅលើអាកាសប៉ះពាល់ដល់សុខភាព ហើយធ្វើឲ្យធ្លាក់ខ្លួនឈឺមិនអាចធ្វើការងាររកប្រាក់ចំណូលបាន។ ក្ដីបារម្ភនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានប្រកាសឲ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្ន ហើយបើមិនចាំបាច់មិនត្រូវចេញពីក្នុងផ្ទះនោះទេ ព្រោះខ្យល់កខ្វក់នេះប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ។

ពលករធ្វើការផ្នែកសន្តិសុខនៅទីក្រុងបាងកក លោក គុណ កក្កដា ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៦ មករាថា ចាប់ពីពួកគាត់ទទួលដំណឹងបរិស្ថានកខ្វក់នៅលើអាកាសគ្របដណ្ដប់ទីក្រុងបាងកកមក ពួកគាត់មានការភ័យព្រួយយ៉ាងខ្លាំង ព្រោះខ្លាចធ្លាក់ខ្លួនឈឺប៉ះពាល់ដល់ការងារ៖ «ព្រោះអីកាលណាយើងមានបញ្ហាសុខភាពទៅយើងធ្វើការឲ្យគេអត់បានទេ ដូច្នេះខ្ញុំព្រួយបារម្ភបញ្ហានេះយ៉ាងខ្លាំង។ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលថៃជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់ផង មិនមែនព្រួយបារម្ភតែពលករខ្មែរទេ ជនជាតិថៃក៏បារម្ភដែរ ព្រោះខ្លាចអត់ការងារធ្វើ ដូច្នេះហើយសូមអ្នកពាក់ព័ន្ធជួយឲ្យបានឆាប់ ព្រោះពលករខ្មែរជាច្រើននាក់ដែលព្រួយបារម្ភខ្លាចអត់ការងារធ្វើ»។

ចំណែកពលការិនីធ្វើការងារផ្នែកលក់បាយនៅទីក្រុងបាងកក គឺអ្នកស្រី សាយ សាន អះអាងថា ប្រសិនបើអ្នកស្រីធ្លាក់ខ្លួនឈឺដោយសារការស្រូបល្អងធូលីកខ្វក់ចូលទៅក្នុងខ្លួននោះ ថៅកែជនជាតិថៃនឹងរកពលករផ្សេងចូលធ្វើការជំនួសភ្លាម ហើយនៅពេលនោះធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារនៅឯស្រុកខ្មែរជាមិនខាត ព្រោះពួកគាត់ពឹងផ្អែកទាំងស្រុកទៅលើប្រាក់ចំណូលដែលផ្ញើពីប្រទេសថៃ៖ «យើងក៏ការពារខ្លួនឯងដែរ ព្រោះអីសុខភាពវាជាការសំខាន់ ខ្ញុំព្រួយបារម្ភបើសិនជាខ្ញុំឈឺនៅស្រុកថៃនេះអាចទៅព្យាបាលនៅមន្ទីរបាន ប៉ុន្តែបារម្ភរឿងការបើយើងឈឺសុខភាពមិនល្អធ្វើការងារមិនបានគឺ លំបាកហើយ ព្រោះយើងរស់នៅទីនេះត្រូវការអាស្រ័យការងាររកប្រាក់ចិញ្ចឹមក្រពះប្រចាំថ្ងៃ»។

ពលករទាំង ២រូបអំពាវនាវឲ្យពលករខ្មែរដែលត្រៀមឆ្លងដែនទៅធ្វើការនៅប្រទេសថៃអំឡុងពេលនេះសូមឲ្យមានការប្រុងប្រយ័ត្ន ដោយមានម៉ាសគ្របច្រមុះពាក់ការពារប្រព័ន្ធដកដង្ហើម ហើយបើមិនចាំចាប់កុំចូលទីក្រុងបាងកកអំឡុងពេលនេះ។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំការពន្យល់អំពីវិធានការណែនាំផ្នែកសុខភាពដល់ពលករខ្មែរនៅទីក្រុងបាងកកបានទេនៅថ្ងៃទី១៦ មករា ដោយទូរស័ព្ទមិនមានអ្នកទទួល។

ចំណែក អ្នកនាំពាក្យអគ្គនាយកដ្ឋានប៉ូលិសអន្តោប្រវេសន្ត លោក កែវ វណ្ណថន មានប្រសាសន៍យ៉ាងខ្លីថា ខាងលោកមិនមានទាក់ទងលើបញ្ហានេះទេ៖ «អូ! ខាងខ្ញុំអត់ទទួលខាងនឹងទេ អន្តោប្រវេសន្តអត់ទទួលខាងនេះទេ បាទអត់ពាក់ព័ន្ធខាងខ្ញុំទេ សុំទោសបានហើយអីចឹងបាទ!»។ ទូរទស្សន៍ថៃភីប៊ីអែស(Thai PBS)ផ្សាយឲ្យដឹងថា អាជ្ញាធរទីក្រុងបាងកក កាលពីព្រឹកថ្ងៃអង្គារបានបញ្ជាឲ្យអាជ្ញាធរក្រោមឱវាទបញ្ចេញរថយន្តបូមទឹកលាងសំអាតតាមផ្លូវសាធារណៈ និងបាញ់ទឹកទៅលើអាកាសដើម្បីជួយកាត់បន្ថយបរិស្ថានកខ្វក់នៅទីក្រុងបាងកក។ ចំណែកឯកងទ័ពអាកាសក៏បានបើកយន្តហោះទៅលើអាកាសបង្កើតទឹកភ្លៀងសិប្បនិមិត្ត និងបានដឹកទឹកចំនួន៣ម៉ឺនលីត្រ(៣០,០០០) បានហោះចំនួន ១២ជើងបាញ់ទឹកពីលើអាកាសនៅតំបន់ទីក្រុងបាងកក ដើម្បីជួយសម្រួលដល់ការដកដង្ហើមរបស់មនុស្សនៅរសៀលថ្ងៃដដែលនេះដែរ។ បន្ថែមពីនេះពេទ្យទាហានអាកាសរបស់ថៃក៏បានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យយល់ដឹងអំពីភាពកខ្វក់នៅក្នុងអាកាសនេះ ដោយបានចែកម៉ាសពាក់ការពារប្រព័ន្ធដកដង្ហើមចំនួន ៣ម៉ឺនម៉ាស (៣០.០០០) ជូនដល់ពលរដ្ឋនៅទីនោះផងដែរ។

កាសែត The Nation នៅថ្ងៃអង្គារ ទី១៥ មករា បានស្រង់សំដីរបស់ប្រធាន នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (Internal Trade Department) ថៃ លោក វិឆ័យ ប៉ូចាណាគីត (Wichai Pochanakit) ដែលព្រមានដល់ហាងលក់ម៉ាស់ mask គ្របច្រមុះ មិនឲ្យដំឡើងថ្លៃ ហើយថា អ្នកល្មើសនឹងការព្រមាននេះនឹងរងការផាកពិន័យ ១៤ម៉ឺនបាត ឬដាក់ពន្ធនាគាររយៈ ៧ឆ្នាំ ឬត្រូវទទួលទោសទាំងពីរនេះ។

យុទ្ធនាការនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃពិនិត្យឃើញថា ផ្សែង និងល្អងធូលីកខ្វក់នៅលើអាកាសក្នុងទីក្រុងបាងកកមួយរយៈនេះ ឡើងដល់កម្រិតប្រកាសអាសន្ន។ បរិស្ថានកខ្វក់នេះ កើនឡើងខ្លាំងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មករា ដែលអាចបន្តរហូតដល់ចុងខែមករា។ ផ្សែង និងល្អងធូលីកខ្វក់នេះកើតឡើងដោយសារផ្សែងរថយន្តខ្មួលខ្មាញ់ច្រើនពេក និងផ្សែងចេញពីរោងចក្រឧស្សាហកម្មទៅលើអាកាសមានបរិមាណច្រើន ខណៈដែលទីក្រុងមួយនេះគ្រាន់តែរថយន្តមានដល់ទៅជិត១០លានគ្រឿងឯណោះ។

សព្វថ្ងៃនៅប្រទេសថៃមានពលករខ្មែរធ្វើការងារជាង ១លាននាក់ ក្នុងនោះពលកររាប់ម៉ឺននាក់កំពុងធ្វើការនៅទីក្រុងបាងកក។ នាយករដ្ឋមន្ត្រីថៃ ក៏បានប្រកាសប្រាប់ពលរដ្ឋខ្លួនដែរថា ក្នុងរយៈពេលផ្សែង និងល្អងធូលីកខ្វក់នេះកំពុងឡើងខ្ពស់ ប្រសិនបើមិនមានការចាំបាច់ទេ សូមកុំចេញពីផ្ទះ ហើយបើត្រូវចេញពីផ្ទះត្រូវពាក់ម៉ាសគ្របច្រមុះ ដើម្បីកាត់បន្ថយការដកដង្ហើមចូលល្អងផ្សែងកខ្វក់៕

website_news/2019180105.txt · Last modified: 2019/01/18 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki