website_news:2019180202

សង្គមស៊ីវិលស្នើសមត្ថកិច្ចតាមចាប់អ្នកពាក់ព័ន្ធករណីឆបោកម៉ាឡេស៊ី៤៧នាក់មកធ្វើការខុសច្បាប់នៅកម្ពុជា

https://www.rfa.org/khmer/news/ ដោយ សុ ជីវី 2019-02-16

មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តបន្ទាយមានជ័យ ស្នើឲ្យសមត្ថកិច្ចតាមចាប់មេខ្យល់ និងអ្នកពាក់ព័ន្ធដែលឆបោកជនជាតិម៉ាឡេស៊ីចំនួន៤៧ ក្រោយពីតុលាការ ដោះលែងជនរងគ្រោះទាំងនោះ កាលពីថ្ងៃទី១៥ កុម្ភៈ។ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា អ្នកពាក់ព័ន្ធនឹងករណីឆបោកជនរងគ្រោះត្រូវនាំមកផ្ដន្ទាទោស ព្រោះជនសង្ស័យធ្វើឲ្យខូចមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ៖ «ហើយក៏ជាការចាប់ផ្ដើមនៃប្រទេសមានអំណាច និងប្រទេសជឿនលឿនយកកម្ពុជាធ្វើជាទីកន្លែងសម្រាប់ធ្វើការបោកប្រាស់ជួញដូរមនុស្សដែរ។ ដូច្នេះយើងត្រូវទប់ស្កាត់កុំឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសធ្លាក់ទៅតាមគេលើកឡើងដូច្នេះ ដែលគេមកមកកម្ពុជាជាប្រទេសមានច្បាប់ដែរ ប៉ុន្តែមិនអនុវត្តច្បាប់»។ កាលពីថ្ងៃទី១៥ កុម្ភៈ សាលាដំបូងខេត្តបន្ទាយមានជ័យបានដោះលែងជនជាតិម៉ាឡេស៊ីចំនួន ៤៧នាក់ ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីពួកគេជាប់ពន្ធនាគារក្នុងខេត្តនេះអស់ជាង១ខែ។

កាសែតក្នុងស្រុកបានសម្ភាសន៍ជនជាតិម៉ាឡេស៊ីម្នាក់ក្នុងចំណោម ៤៧នាក់ បានឲ្យដឹងថា មេខ្យល់បានលួងលោមឲ្យគេមកធ្វើការនៅកម្ពុជាដោយសន្យាផ្ដល់ប្រាក់ខែល្អ និងសំបុត្រយន្តហោះមកកម្ពុជាដោយឥតថ្លៃ ប៉ុន្តែ ជនរងគ្រោះមិនបានបញ្ជាក់ថា មេខ្យល់ ជាជនជាតិខ្មែរ ឬជាជនបរទេសនោះទេ។ ជនរងគ្រោះបន្ថែមទៀតថា នៅពេលមកដល់កម្ពុជា មេខ្យល់ក៏បានចាប់បង្ខាំងពួកគេនៅក្នុងផ្ទះមួយកន្លែងក្នុងខេត្តសៀមរាប ហើយកាលពីថ្ងៃទី១១ ធ្នូ សមត្ថកិច្ចបានចាប់ជនជាតិម៉ាឡេស៊ីទាំង៤៧នាក់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ចូលមកកម្ពុជាខុសច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៦កុម្ភៈ ថា ការធ្វើដោះលែងជនបរទេសទាំងនេះធ្វើឡើងតាមនីតិវិធីរបស់តុលាការ។ លោកបន្តថា ការដោះលែងនេះគ្រាន់តែជាជំហានដំបូង ហើយសមត្ថកិច្ចនឹងតាមរកអ្នកពាក់ព័ន្ធមកទទួលទោសតាមច្បាប់បន្តទៀត៖ «ហើយបើសិនរឿងនេះពាក់ព័ន្ធអ្នកផ្សេង ធម្មតានីតិវិធីរបស់តុលាការ គេនឹងស៊ើបសួរបន្តទៀត ប៉ុន្តែអ្នកដែលស្ថិតនៅក្នុងរបាយការណ៍នីតិវិធីរកទៅអត់មានមូលដ្ឋានបទល្មើសដូច្នេះហើយបានជាគេធ្វើការដោះលែង»។ លោក ស៊ុំ ច័ន្ទគា លើកឡើងថា រឿងនេះសមត្ថកិច្ចត្រូវចាប់អ្នកពាក់ព័ន្ធដាក់ទោសឲ្យបានធ្ងន់ធ្ងរ និងឲ្យបានឆាប់រហ័ស ដើម្បីកុំឲ្យជនទាំងនោះជួញដូរមនុស្សខុសច្បាប់នៅថ្ងៃក្រោយទៀត៕

website_news/2019180202.txt · Last modified: 2019/02/18 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki