website_news:2019180203

ពលករខ្មែរ១២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ

https://www.vodhotnews.com/ លោក ពេជ្រ ចំរុង ១៧ កុម្ភៈ ២០១៩ ម៉ោង ៤:៣៩ ល្ងាច

ពលករខ្មែរចំនួន ១២នាក់ ត្រូវបានរាយការណ៍ថា បានរងរបួស បន្ទាប់ពីពួកគេជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរទៅកាន់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្ដទិដ្ឋាការរបស់ពួកគេ។ សារព័ត៌មានថៃបាងកកប៉ុស្ដិ៍ បានចុះផ្សាយថា ពលករខ្មែរ ១២នាក់ និងអ្នកបើកជាជនជាតិថៃម្នាក់ បានរងរបួស បន្ទាប់ពីរថយន្ដរបស់ពួកគេបុកជាមួយរថយន្ដដឹកទំនិញមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ ៣៥៩ ក្នុងស្រុកស៊ីមហាផូ ស្ថិតក្នុងខេត្តស្រះកែវ នៅព្រឹកថ្ងៃអាទិត្យ វេលាម៉ោង ៥កន្លះ។ សារព័ត៌មានថៃបាងកក ប៉ុស្ដិ៍ ចុះផ្សាយបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅពេលពលករខ្មែរទាំង ១២នាក់ ធ្វើដំណើរទៅស្រុកអរញ្ញប្រះថេត ក្នុងខេត្តស្រះកែវ ដែលជាខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីបន្ដទិដ្ឋាការរបស់ពួកគេ។ សារព័ត៌មានថៃបានដកស្រង់សម្ដីអាជ្ញាធរថៃមកចុះផ្សាយថា ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពលករខ្មែរទាំង ១២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស៊ីមហាផូ ស្ថិតក្នុងខេត្ដស្រះកែវ ប្រទេសថៃ៕

website_news/2019180203.txt · Last modified: 2019/02/18 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki