website_news:2019180204

ពលរដ្ឋខ្មែរ៧៣នាក់ត្រូវនគរបាលថៃចាប់ខ្លួន និងចោទពីបទល្មើសផ្សេងៗគ្នា

https://www.rfa.org/khmer/news/ ដោយ សុ ជីវី 2019-02-16

ប៉ូលិសថៃ ចាប់ពលរដ្ឋខ្មែរ ៧៣នាក់ បន្ទាប់ពីចុះឆែកឆេរទីតាំងចំនួន ២២០កន្លែង នៅក្នុងទីក្រុងបាងកក និងតាមខេត្តមួយចំនួន កាលពីព្រឹកថ្ងៃទីសុក្រ ទី១៥ ខែកុម្ភៈ។ ជនជាតិខ្មែរ ៤នាក់ ត្រូវបានចាប់ខ្លួនពីបទស្នាក់នៅហួសទិដ្ឋាការ ៣៨នាក់ ជាប់ចោទពីបទចូលក្នុងប្រទេសថៃដោយខុសច្បាប់ ហើយ ៣១នាក់ផ្សេងទៀតជាប់ចោទពីបទប្រព្រឹត្តបទល្មើស។

អនុប្រធាននៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ថៃ លោក អ៊ិតធិពល អ៊ិតធីសានរ៉ុនណាឆៃ ( Itthipol Itthisarnronnachai) ប្រាប់សារព័ត៌មានថៃថា អ្នកត្រូវចាប់ខ្លួន នឹងត្រូវប្រឈមមុខច្បាប់ ដោយសារប្រព្រឹត្តបទល្មើសក្នុងទឹកដីថៃ។ រដ្ឋាភិបាលថៃប្រើប្រាស់កម្លាំងនគរបាលចម្រុះ មាននគរបាលអន្តោប្រវេសន៍ នគរបាលទេសចរណ៍ និងភ្នាក់ងារសំងាត់ផ្សេងទៀតក្នុងយុទ្ធនាការ X Ray។ ប៉ូលិសទាំងនោះ ត្រូវបានដាក់ពង្រាយនៅទីក្រុងបាងកក និងនៅតាមបណ្ដាខេត្តទូទាំងប្រទេស។ ទីតាំងដែលចុះត្រូវឆែកឆេរ ភាគច្រើនធ្វើឡើងនៅតាមសាលារៀន ក្រុមហ៊ុនឯកជន ភោជនីយដ្ឋាន និងក្លឹបកម្សាន្ត៕

website_news/2019180204.txt · Last modified: 2019/02/18 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki