website_news:2019180206

លោក ឈាង ឆុំ អគ្គនាយកមជ្ឈមណ្ឌល បណ្ដុះបណ្ដាលភាសាជប៉ុន ស៊ីអិល បញ្ជាក់ថា មិនបានបោកប្រាស់ លុយនិស្សិត ជាថ្នូរសន្យាបញ្ជូន ទៅធ្វើការនៅជប៉ុននោះទេ

https://www.dap-news.com/ ByID:114 Posted on 18 February 2019 | 13:56

ភ្នំពេញ៖ លោក ឈាង ឆុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនស៊ីអិល និងអគ្គនាយកមជ្ឈមណ្ឌល បណ្ដុះបណ្ដាលភាសាជប៉ុន ស៊ីអិល នៅថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ បានចេញមុខបំភ្លឺ និងអះអាងបញ្ជាក់ថា លោកមិនបានបោកប្រាស់យកលុយ របស់សិស្ស និស្សិតក្រីក្រ ជាថ្នូរសន្យាបញ្ជូនទៅធ្វើការ នៅប្រទេសជប៉ុន ដូចការចោទប្រកាន់នានានោះទេ។ លោក ឈាង ឆុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនស៊ីអិល និងអគ្គនាយកមជ្ឈមណ្ឌល បណ្ដុះបណ្ដាលភាសាជប៉ុនស៊ីអិល បានចេញមុខបំភ្លឺបែបនេះ បន្ទាប់ពីមានការចោទប្រកាន់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុនស៊ីអិល បោកប្រាស់និសិ្សតក្រីក្រ មកពីតាមបណ្តាខេត្តជាច្រើននាក់ គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ តាម រយៈការសន្យាបញ្ជូន ទៅធ្វើការនៅប្រទេសជប៉ុន ប៉ុន្តែមិនធ្វើតាមពាក្យសន្យានោះឡើយ។

យោងតាមលិខិតបំភ្លឺ របស់ក្រុមហ៊ុនស៊ីអិល បានបញ្ជាក់ថា “កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនយើងខ្ញុំ បានដាក់ពាក្យបណ្ដឹង ប្ដឹងឈ្មោះ ជា វីរៈ អតីតបុគ្គលិកផ្នែកទីផ្សារ ដែលបានកេងប្រវ័ញ្ចលុយក្រមហ៊ុនអស់ ៨៣០០ដុល្លារ និងលួចយករថយន្តម៉ាកកាមេរី ពណ៌ទឹកមាសមួយគ្រឿង។ ដោយមានការខឹងសម្បា និងមានចេតនាចង់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៤ ខែ មករា ឆ្នាំ ២០១៩ឈ្មោះ ជា វីរៈ បានញុះញង់ដល់អតីតសិក្ខាកាមចំនួន៩នាក់ ដែលបានបោះបង់ការសិក្សាចោល ឲ្យដាក់ពាក្យបណ្ដឹង ប្ដឹងតំណាងក្រុមហ៊ុន ទៅសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះពាក្យបណ្ដឹងនេះ ក្រុមហ៊ុនសូមធ្វើការ បដិសេធចោលទាំងស្រុង និងសូមបំភ្លឺ ជូនសាធារណជនជាតិ និងអន្តរជាតិ កុំឲ្យមានការភ័ន្តច្រឡំដូចខាងក្រោម៖

១.ចំពោះសិក្ខាកាមឈ្មោះ វ៉ាញ បូរី , រៀន សុធា , យូ វេងហេង ,ស៊ន ដារ៉ា ,និងអ៊ុចិន្តា រដ្ឋបាលមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ភាសាជប៉ុនស៊ីអិល បានធ្វើការជូនដំណឹង ជាសាធារណៈ ស្ដីពីការបោះបង់ចោលការសិក្សា តាំងពីខែកក្កដា ឆ្នាំ ២០១៨មកម្ល៉េះ។

២.ចំពោះសិក្ខាកាមឈ្មោះ ងួន ប្រុសពៅ និងម៉េង ស្រីល័ក្ខរដ្ឋបាលមជ្ឈមណ្ឌល បណ្ដុះបណ្ដាលភាសាជប៉ុនស៊ីអិល ក៏បានធ្វើសេចក្ដីជូនដំណឹងជាសាធារណៈ ស្ដីពីការបោះបង់ចោលការសិក្សា តាំងពីខែ វិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ។

សេចក្ដីបំភ្លឺដដែលបញ្ជាក់ថា ចំពោះករណីឈ្មោះ ជា វីរៈ ដែលបានកេងប្រវ័ញ្ច យកលុយក្រុមហ៊ុនអស់ ៨៣០០ដុល្លារ និងលួចយករថយន្ត ម៉ាកកាមេរី ពណ៌ទឹកមាសមួយគ្រឿង ក្រុមហ៊ុនកំពុងមានចំណាត់ការតាមផ្លូវច្បាប់ នៅឯសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះករណីអតីតសិក្ខាកាមទាំង៩នាក់ ក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ភាសាជប៉ុន ស៊ី.អិល នៃក្រុមហ៊ុនស៊ី.អិល នឹងធ្វើការ សម្របសម្រួល ដោយការ ទទួលខុសត្រូវទាំងស្រុង ឬចាត់ការទៅតាមផ្លូវច្បាប់ តាមការជាក់ស្ដែង។ បុគ្គលទាំងឡាយណា បានផ្ដល់នូវព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ក្រុមហ៊ុន សូមបញ្ឈប់ជាបន្ទាន់ ពុំដូច្នោះទេ ក្រុមហ៊ុននឹងចាត់ការតាមនិតិវិធីច្បាប់ ។ លោក ឈាង ឆុំ ក៏បានលើកឡើងផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ មជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុនស៊ីអិល បាន បញ្ចូនសិក្ខាកាមចំនួន៩នាក់ ទៅធ្វើការនៅប្រទេសជប៉ុន ហើយគ្រោងនឹងបញ្ជូនចេញ ៤នាក់បន្ថែមទៀត នៅថ្ងៃទី២១ កុម្ភៈខាងមុខនេះ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ភាសាជប៉ុនស៊ី.អិល នៃក្រុមហ៊ុនស៊ីអិល គឺជាក្រុមហ៊ុនឯកជនស្របច្បាប់ ក្នុងការជ្រើសរើស បណ្ដុះបណ្ដាលបញ្ជូន និងគ្រប់គ្រងពលករ ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានលិខិតអនុញ្ញាត ឲ្យបើកបណ្ដុះបណ្ដាល ពីការិយាល័យច្រកចេញចូលតែមួយ ក្នុងខណ្ឌដង្កោនិងមាន វិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ពីក្រសួងពាណិជ្ជកម្ម ហើយលោក ឈាង ឆុំ ជាម្ចាស់គ្រប់គ្រងយ៉ាងពិតប្រាកដ មិនមែនឈរឈ្មោះតំណាងឲ្យនរណាម្នាក់ ដូចការចោទប្រកាន់នោះទេ៕

website_news/2019180206.txt · Last modified: 2019/02/18 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki