website_news:2019180306

ពលករខ្មែរចំនួន២នាក់ បានរងរបួស និងស្លាប់ ខណៈដែលកំពុងបើកជញ្ជាំងរថយន្តដើម្បីទម្លាក់សម្ភារៈចុះ ក៏ស្រាប់តែមានដុំដែករមូរបានរមៀលធ្លាក់ពីលើរថយន្តមកសង្កត់តែម្តង

https://www.facebook.com/OfficialPheaktra/ March 15 at 7:40 PM

របាយការណ៍ដែលកម្ពុជាថ្មីទទួលបាន គឺហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅក្នុងរោងចក្រផលិតបន្ទះដែក និង ស័ង្កសី មួយកន្លែង ក្នុងឃុំបាងយ៉ាព្រែក ស្រុកព្រះប្រាក់ដែង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។ របាយការណ៍បានបន្តថា រថយន្តដែលបង្កហេតុនោះម៉ាក អ៊ីស៊ុយស៊ុយ ពណ៌ស ជាប្រភេទរថយន្តសណ្តោង កង់១៨ បើកបរដោយឈ្មោះ ស៊ុំឆាយ ដាវដៃរុំា ដោយគេបានរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកដែកបន្ទះ និងដុំដែករមូរ ពីខេត្តឈុនបុរី ឆ្ពោះមកកាន់រោងចក្រនេះ ហើយក៏បានឈប់សំចតក្នុងទីតាំងរោងចក្រ ដើម្បីឲ្យកម្មករមកទម្លាក់សម្ភារៈទាំងនេះ។ លោកក៏បានបន្តថា ភ្លាមៗនោះ លោកសង្កេតឃើញមានកម្មករចំនួន៤នាក់ បានដើរមកបើកគន្លឹះជញ្ជាំងរថយន្ត ផ្នែកកន្ទុយសណ្ដោង លុះជញ្ជាំងចំនួន២ផ្ទាំង បានរបើកឡើង ក៏ស្រាប់តែដុំដែករមូរចំនួន២ដុំ បានរមៀលធ្លាក់មក ហើយក៏បានសង្កត់ទៅលើកម្មករចំនួន២នាក់ ដោយម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

ពលករខ្មែរទាំង២នាក់នោះ គឺ អ្នកដែលស្លាប់មានឈ្មោះ សុន ភេទប្រុស អាយុ២៣ឆ្នាំ និងអ្នករបួសមានឈ្មោះ វី ភេទប្រុស អាយុ២៤ឆ្នាំ ដោយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត សមុទ្រប្រាកានហើយ។ បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចថៃក៏បានចុះពិនិត្យ ដើម្បីរៀបចំប្រគល់សពទៅឲ្យសាច់ញាតិ ដោយឡែករថយន្ត និងអ្នកបើកបរ កំពុងសាកសួរតាមផ្លូវច្បាប់៕

website_news/2019180306.txt · Last modified: 2019/03/18 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki