website_news:2019180904

មេដឹកនាំកម្ពុជា ស្នើឱ្យមេដឹកនាំថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ពិចារណាលើអត្ថប្រយោជន៍ នៃសោធនិវត្តពលករ

https://thmeythmey.com/ 17, Sep 2019 , 10:59 pm ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ ពីកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមេដឹកនាំប្រទេសទាំងនោះ ពិចារណាលើការរៀបចំអត្ថប្រយោជន៍នៃសោធនិវត្តពលករ។ ថ្លែងចំពោះមុខមេដឹកនាំCLMTV សម្ដេច ហ៊ុន សែន បានលើកពីបំណងរៀបចំផលប្រយោជន៍សម្រាប់ពលករ នៅពេលដែលពួកគេចាស់ទៅ ហើយត្រូវចូលនិវត្ត។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា ក្នុងករណីមានពលករខ្មែរម្នាក់ គាត់បានទៅធ្វើការនៅប្រទេសថៃ រយៈពេល១០ឆ្នាំ ហើយគាត់ត្រឡប់មកធ្វើការងារនៅកម្ពុជាវិញនោះ គឺក្រុមហ៊ុន ឬសហគ្រាស ត្រូវគិតថ្ងៃចូលធ្វើការងាររបស់គាត់ចាប់ពី១០ឆ្នាំឡើងទៅ (រាប់ចាប់ពីធ្វើការនៅថៃ រយៈពេល១០ឆ្នាំ) ពោលគឺរាប់១០ឆ្នាំ ១ថ្ងៃ នៃចាប់ពីថ្ងៃផ្ដើមការងារថ្មីនៅកម្ពុជាឡើយ។

ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានបញ្ជាក់ក្នុងកិច្ចប្រជុំក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ យ៉ាងដូច្នេះថា៖«ឥឡូវគេ(ពលករ) ធ្វើការនៅថៃប្រមាណ១០ឆ្នាំ អ៊ីចឹងគេត្រឡប់ទៅធ្វើការក្នុងប្រទេស តាមរោងចក្រតាមប្រទេស គឺមិនគិតពី១ថ្ងៃទេ គឺគិតពី១០ឆ្នាំឡើងទៅ។ ប៉ុន្តែការផ្ទេរអត្ថប្រយោជន៍ ផ្ទេរធនធានមកចិញ្ចឹមនោះ វាសុទ្ធតែជាបញ្ហា។ បើយើងធ្វើ(រៀបចំការផ្ទេរ) បែបនេះបាន ពាក្យថា ជោគវាសនាអាស៊ានរួមគ្នាតែមួយ នឹងទទួលផលប្រយោជន៍ដល់ប្រជាជន»។

ដោយសារមើលឃើញពីបញ្ហានេះ ទើបលោកនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យមេដឹកនាំឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ពិចារណាលើការរៀបចំអត្ថប្រយោជន៍សោធនិវត្តដល់ពលករនេះ មុននឹងដាក់ស្នើទៅអាស៊ានពិនិត្យនឹងសម្រេចរួមគ្នា។«បើយើងមានជំហររួមគ្នា ក្នុងក្របខណ្ឌប្រទេសទាំង៥នេះ យើងអាចយកបញ្ហានេះ ទៅជជែកគ្នាទៀតនៅអាស៊ាន ដើម្បីបង្កើតឡើងនៅស្ថានភាពតំណ តភ្ជាប់គ្នា ដែលអាចធ្វើការនៅប្រទេសមួយ ប៉ុន្តែមកចូលនិវត្តនៅក្នុងប្រទេសមួយ ប៉ុន្តែទទួលបាននូវប្រាក់កម្រៃ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជាកំពុងរៀបចំឯកសារបែបបទ ពិភាក្សាទ្វេរភាគីជាមួយថៃ លើបញ្ហាសោធនិវត្តពលករនេះហើយ។

បើតាមប្រមុខរដ្ឋាភិបាល ការយកចិត្តទុកដាក់ចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ ជារឿងសំខាន់បំផុតមួយ ដើម្បីឲ្យពលករខ្មែរនៅក្រៅប្រទេស ឬពលករបរទេសនៅកម្ពុជា ទទួលបានការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗពីសង្គមដូចៗគ្នា។

ការចល័តពលករ ត្រូវបានប្រមុខរដ្ឋាភិបាលអះអាងថា មិនមែនជារឿងថ្មីនោះឡើយ ពោលគឺមានការពិភាក្សាគ្នាជាយូរណាស់មកហើយ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន នៅ Cebu និង ម៉ានីល ជាដើម។ នៅតំបន់អាស៊ាន ព្រុយណេ សិង្ហបុរី និងម៉ាឡេស៊ី ជាប្រទេសដែលខ្វះកម្លាំងពលករ ហើយសម្តេច ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងក្របខណ្ឌប្រទេស CLMTV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ថៃជាប្រទេសដែលទទួលពលករពីកម្ពុជាច្រើនជាងគេ ប៉ុន្តែថៃក៏បញ្ជូនពលកររបស់ខ្លួនទៅក្រៅប្រទេសផងដែរ៕

website_news/2019180904.txt · Last modified: 2019/09/18 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki