website_news:2019180908

មេការហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ៣ នាក់ កំពុងត្រូវបានសួរចម្លើយ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 18 September 2019 | 08:56 ICT

ភ្នំពេញៈ សមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញកំពុងបន្តការសាកសួរជនសង្ស័យចំនួន ៣ នាក់ ជាមេការហាងម៉ាស្សាអ័រគីដេ ដែលបង្កប់សេវាផ្លូវភេទ ក្រោយប្រតិបត្ដិការបង្ក្រាបឃាត់ខ្លួនបានជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតសរុប ៣៧ នាក់ កាលពីយប់ថ្ងៃទី ១៦ កញ្ញា នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃម្សិលមិញថា កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខឃាត់ខ្លួនមនុស្សចំនួន ៣៧ នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើសញ្ចារកម្ម។ ក្នុងនោះមានអ្នកគ្រប់គ្រងជាមេការចំនួន ៣ នាក់ បុគ្គលិកធម្មតា ៤ នាក់ សន្តិសុខម្នាក់ នារីម៉ាស្សា ២៣ នាក់ (សង្ស័យជាអនីតិជនចំនួន ២ នាក់) និងភ្ញៀវ ៦ នាក់។ លោក កែវ ធា ថ្លែងថា៖ «យើងកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យជាមេការទាំង ៣ ករណីនេះយើងមិនទាន់បញ្ចប់ទេ។ យើងមិនទាន់អាចប្រាប់លម្អិតចំពោះរឿងនេះបានទេព្រោះកំពុងបន្តធ្វើការនៅឡើយ»។

របាយការណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ហាងម៉ាស្សានេះបើកដំណើរការ ២៤ ម៉ោង ហើយមាននារីបម្រើសេវាម៉ាស្សាចំនួន ២៣ នាក់ ជាជនជាតិខ្មែរក្នុងនោះមាន ២ នាក់ ត្រូវបានសង្ស័យថា ជាអនីតិជនដែលមានអាយុចន្លោះពី ១៦ ឆ្នាំ ទៅ ១៧ ឆ្នាំ។ របាយការណ៍បង្ហាញថា ទីតាំងហាងម៉ាស្សានេះមានបន្ទប់ម៉ាស្សាចំនួន ២៧ បន្ទប់ តម្លៃសេវារួមភេទដោយប្រើដៃមានចាប់ពី ៣០ ដុល្លារ ឡើងទៅ និងរួមភេទចាប់ពី ៥០ ដុល្លារឡើងទៅ។ លុយទទួលបានពីភ្ញៀវនោះមួយចំនួនត្រូវបានចែកទៅឲ្យមេការភេទប្រុសទាំង ៣ នាក់ ដែលជាជនជាតិខ្មែរ។

លោក កែវ ជា បញ្ជាក់ថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាច្រើនថ្ងៃរហូតឈានដល់ការចុះប្រតិបត្តិការឃាត់ខ្លួនតែម្ដង ដោយដកហូតវត្ថុតាង ស្រោមអនាម័យមួយចំនួននាំមកការិយាល័យជំនាញ។ ក្រោយបញ្ចប់ការសួរចម្លើយចំពោះអ្នកដែលពុំពាក់ព័ន្ធ សមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបុរសមេការទាំង ៣ នាក់ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកនារីបម្រើសេវាម៉ាស្សាត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

លោក ជាវ ផល្លី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្លែងថា ករណីបង្ក្រាបកន្លែងម៉ាស្សាផ្ទុកសេវាផ្លូវភេទនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញជាអ្នកចុះប្រតិបត្ដិការបង្ក្រាប និងកំពុងបន្ដនីតិវិធីលើករណីនេះ។ លោក ផល្លី បានថ្លែងថា៖ «ការរាយការណ៍បឋមមកខ្ញុំនេះ មិនទាន់មានរបាយការណ៍ទេ គ្រាន់តែរាយការណ៍ថា មានការចុះបង្ក្រាបហាងម៉ាស្សាផ្ទុកសេវាផ្លូវភេទប៉ុណ្ណោះ។ រឿងនេះកំពុងតែស្ថិតនៅក្នុងនីតិវិធីរបស់សមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ»៕

website_news/2019180908.txt · Last modified: 2019/09/18 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki