website_news:2019181104

ពង្រឹងសមត្ថភាពមន្ត្រីនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឆ្លើយតបសកម្មភាពបទល្មើស

http://www.cen.com.kh/archives/ November 18, 2019

ភ្នំពេញ៖ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានជំរុញឲ្យសិក្ខាកាមជាមន្ត្រីនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលត្រៀមទទួលការយកបណ្តុះបណ្តាល យកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីឆ្លើយតបទាន់ពេលវេលារាល់សកម្មភាពបទល្មើស។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធដល់នគរបាលរាជធានី នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបន្ថែមឲ្យដឹងថា វគ្គបណ្តុះបណ្តាល នៅពេលនេះមានគោលបំណងសំខាន់គឺ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ បន្ថែមទៀត ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសលើបច្ចេកទេស ចាប់ជនសង្ស័យ ការកាពារខ្លួន និងការប្រើប្រាស់អាវុធ រួមទាំងការសង្គ្រោះបឋមពេលដែលមានការទទួលរងរបួស។ លោក ជីវ ផល្លី បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សង្ឃឹមថានឹងផ្តល់នូវបទពិសោធន៍ និងចំណោះដឹងបន្ថែមទៀត សំដៅរកភាពរីកចម្រើន ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើផ្លូវភេទស្ត្រី និងកុមារ លើសពីនេះ លោកប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ មិនត្រូវយកចំណេះវិជ្ជា ដែលទទួលបានពីការរៀនសូត្រ ទៅប្រើប្រាស់ខុសគោលដៅ និងជៀសវាងការប្រព្រឹត្តខុសឆ្គងផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែវិច្ឆិកា ដោយមានការចូលរួមសហការពីអង្គការចំនួនពីរ គឺអង្គការមេត្រីអន្តរជាតិ (AIM SWAT) និងអង្គការ ចយ អិនធើណេស្យូណល (JOY international) ដែលមានគ្រូឧទ្ទេសនាមមានបទពិសោធន៍ខ្ពស់ មកពីសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីសិក្ខាកាមជា នាយ នាយរងនគរបាលមកពីនាយកដ្ឋាន និងស្នងការដ្ឋានរាជធានី៕ដោយ៖កូឡាប

website_news/2019181104.txt · Last modified: 2019/11/18 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki