website_news:2019181106

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-ថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធ នៅស្រុកស្រីស្នំ

https://www.facebook.com/deputygovernoryousophear/ លេខាធិការដ្ឋាន គខបជសៀមរាប 15-11-2019

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ,ខ,ប,ជ)សហការជាមួយរដ្ឋបាលសាលាស្រុកស្រីស្នំ ដែលគាំទ្រដោយរដ្ឋបាលសាលាខេត្តសៀមរាប និងមានការចូលរួមគាំទ្រពីអង្គការ UN WOMEN និងអង្គការ IJM បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើ ចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរដ្ឋបាលស្រុកស្រីស្នំ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការនគរបាលខេត្ត ជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងជាតំណាងលោកជំទាវ យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមពី លោកស្រី ចាន់ សួយ អភិបាលរងស្រុក តំណាងមន្ទីរជំនាញរួមមាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរកិច្ចការមន្ទីរសង្គមកិច្ចខេត្ត អង្គការIJM ដែលជាអ្នកសម្របសម្រួល និងមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អធិការស្រុក កងរាជអាវុធហត្ថស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀន អ.ក.ន.ក ប្រជាការពារ មណ្ឌលសុខភាព នាយប៉ុស្តិ៍ នាយកសាលា យុវជន និងអង្គការដៃគូ សរុប ៥០នាក់ ស្រី១៨នាក់។

ក្រោយពីការធ្វើបទបង្ហាញ ក្រុមការងារបានជំរុញឲ្យអាជ្ញាធរស្រុក មេឃុំ និងអ្នកពាក់ព័ន្ធក្នុងស្រុកទាំងអស់ត្រូវយកចិត្តទុកអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយត្រូវបង្កើនការផ្សព្វផ្សាយទប់ ស្កាត់បទល្មើស នានាពាក់ព័ន្ធ ពិសេសត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអន្តរារគមន៍បង្ក្រាបបទល្មើស និងការជួយផ្តល់សេវាជួយជនរងគ្រោះ ឲ្យបានសមស្រប និងទាន់ពេលវេលា។ បន្ថែមពីនោះ ក្រុមការងារ បានលើកទឹកចិត្តដល់គ្រប់ឃុំទាំងអស់ធ្វើការរៀបចំ និងអនុវត្តតាមផែនការសកម្មភាពនៅក្នុងកញ្ចប់ថវិកាសេវាសង្គមឃុំ ដែលបានដាក់បញ្ចូលសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយនៅរាល់ពេលមានបញ្ហាដែលអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបាន ឬមានការលំបាកក្នុងការអន្តរាគមន៍ សូមឲ្យធ្វើការរាយការណ៍ជាបន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឬ លេខាធិការដ្ឋាន ថ្នាក់ខេត្ត ឬទៅមន្រ្តីជំនាញតាមមន្ទីរ អង្គភាពផ្ទាល់ក៏បាន។

website_news/2019181106.txt · Last modified: 2019/11/18 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki