website_news:2019181202

មជ្ឈមណ្ឌលតស៊ូមតិសម្រាប់កុមារជួយកុមាររងគ្រោះពីការរំលោភបំពាន

https://thmeythmey.com/ 18, Dec 2019 , 7:59 am

សៀមរាប៖ មូលនិធិ អេ ២១ (A21) ដែលជាស្ថាប័នដ៏ធំធ្វើការលើការការពារកុមាររងគ្រោះពីការរំលោភបំពានផ្សេងៗ បានដាក់ដំណើរការនៃមជ្ឈមណ្ឌលតស៊ូមតិសម្រាប់កុមារ អេ ២១ ប្រចាំខេត្តសៀមរាបនៅពាក់កណ្ដាលខែធ្នូ កន្លងទៅ។ មជ្ឈមណ្ឌលនេះនឹងដើរតួយ៉ាងសំខាន់សម្រាប់ការការពារកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ ការរំលោភបំពានកម្លាំងពលកម្ម ជួយប្រឹក្សាយោបល់ និងជ្រោមជ្រែងឱ្យកុមារទាំងនោះមានភាពរឹងមាំ និងគេចចេញពីភាពរងគ្រោះម្ដងទៀត។ ក្រុមមន្ត្រីដែលពាក់ព័ន្ធលើកិច្ចការនេះជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះនឹងជួយឱ្យការទប់ស្កាត់ ការបង្ក្រាបបទល្មើសការជួញដូរកុមារនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។

មូលនិធិ អេ ២១ បានបើកការិយាល័យរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាង២ឆ្នាំមកហើយ ដើម្បីជួយកុមាររងគ្រោះគ្រប់ទម្រង់ ពិសេសកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ រំលោភបំពានលើកម្លាំងពលកម្ម ដែលមានស្នាក់ការប្រចាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មូលនិធិនេះបានធ្វើជាមួយ អេ ២១ នៅប្រទេសថៃ ដែលរកឃើញកុមារកម្ពុជារងគ្រោះពីទីនោះបញ្ជូនមកកម្ពុជាវិញ តាមរយៈការជួយប្រឹក្សាយោបល់ ការថែទាំបន្ទាប់ ផ្តល់ការអប់រំ និងជ្រោមជ្រែងដល់គ្រួសារកុមាររងគ្រោះឱ្យមានអាជីវកម្មខ្នាតតូចជាដើម។ នៅថ្ងៃទី១១ ធ្នូ មូលនិធិនេះ បានដាក់ឱ្យដំណើរការនៃមជ្ឈមណ្ឌលតស៊ូមតិសម្រាប់កុមារ អេ ២១ប្រចាំខេត្តសៀមរាប។

លោក ប៉ុក ទ្រី ប្រធានមជ្ឈមណ្ឌលបានឱ្យដឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំងមានសុវត្ថិភាព សម្រាប់ការផ្តល់ប្រឹក្សាយោបល់ដល់កុមាររងគ្រោះ កន្លែងផ្តល់ការការពារកុមារ កន្លែងសម្ភាសធ្វើកោសល្យវិច្ច័យ និងសហការជាមួយនគរបាលប្រឆាំងការជួញដូរកុមារ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីកុំឱ្យកុមារទាំងនោះទទួលរងនូវការរំលោភបំពានសាជាថ្មី។

កញ្ញា គ្រីស្ទីន ស្កាហ្វ នាយិកាប្រចាំប្រទេសនៃមូលនិធិ អេ ២១ លើកឡើងថាមជ្ឈមណ្ឌលនេះនឹងដើរយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាពសម្រាប់កុមាររងគ្រោះ ការសម្ភាស និងពិនិត្យកោសល្យវិច្ច័យពីផលប៉ះពាល់ផ្នែកផ្លូវចិត្តដល់កុមាររងគ្រោះពីការរំលោភបំពាននានា។

ស្នងការរងទទួលបន្ទុកការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកស្រី ឌួង ថាវរី មានប្រសាសន៍ថា កន្លងមកស្ថាប័នលោកស្រីបានធ្វើការងារជាច្រើនលើការជួញដូរកុមារក្នុងខេត្តសៀមរាប និងទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះការដាក់ដំណើរការមជ្ឈមណ្ឌលតស៊ូមតិរបស់មូលនិធិ អេ ២១នេះ វានឹងក្លាយជាដៃគូមួយបន្ថែមទៀតសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរកុមារនៅខេត្តសៀមរាប។ បទល្មើសដែលការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបធ្លាប់បានបង្ក្រាបរួមមានភាគច្រើនការរំលោភបំពានផ្លូវភេទ ការជួញដូរកុមារទៅធ្វើការនៅក្រៅប្រទេស ការកេងកម្លាំងពលកម្មកុមារ ដែលមាននៅតាមកន្លែងអាជីវកម្មមួយចំនួនដូចជានៅឡឥដ្ឋ និងកន្លែងកម្សាន្តជាដើម។ តាមការបញ្ជាក់ពីលោកស្រី ឌួង ថាវរី ការជួញដូរកម្លាំងពលកម្មកុមារនៅខេត្តសៀមរាប ច្រើនតែនៅកន្លែងឡឥដ្ឋ ដ្បិតថាអាណាព្យាបាលមិនសូវយល់ពីច្បាប់ និងយល់ថាកូនៗពួកគេ គួរតែធ្វើការដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។

ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលតស៊ូមតិកុមារនៃមូលនិធិ អេ ២១ បានប្រាប់សារព័ត៌មានថ្មីៗថា កន្លងមកស្ថាប័នរបស់លោកបានសហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី-ខេត្ត និងអង្គការក្រៅរដ្ឋាភិបាលដែលទាក់ទងនឹងយ៉ាងសកម្ម ធ្វើការស្រាវជ្រាវតាមរយៈការផ្តល់ព័ត៌មានតាមបណ្ដាញសង្គម តាមរយៈការផ្តល់ព័ត៌មានពីសាក្សី ឪពុកម្ដាយ ឬអាណាព្យាបាលជនរងគ្រោះ។ល។ ក្រោយទទួលបានព័ត៌មានទាំងនោះ កម្លាំងជំនាញបានចុះបង្ក្រាបភ្លាមៗដើម្បីឆ្លើយតបបទល្មើស និងបើកការស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោស។ បន្ទាប់ពីជួយសង្គ្រោះបានហើយ កុមាររងគ្រោះនឹងត្រូវបញ្ជូនទៅកាន់អង្គការដៃគូនានាដើម្បីទទួលបានការថែទាំ និងបង្រៀនវិជ្ជាជីវៈផ្សេងៗ។ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារ នៅពេលថ្មីៗនេះបានលេចចេញតាមប្រព័ន្ធអនឡាញ ដែលកិច្ចការនេះត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋានការជួញដូរមនុស្ស សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ជនល្មើសជាបន្តបន្ទាប់។

ការជួញដូរនិងរំលោភបំពានកុមារមានច្រើនទម្រង់ សូមស្ដាប់ការពន្យល់របស់លោក ជីវ ផល្លី ដូចតទៅ៖« ការជួញដូរកុមារមានច្រើនទម្រង់ មានន័យថាជួញដូរកុមារយកទៅបម្រើសេវាកម្មផ្លូវភេទ ឬទាញប្រយោជន៍ពីការរួមភេទរបស់កុមារ ឬយកកុមារទៅលក់ដើម្បីបម្រើសេវាផ្លូវភេទ យើងមានករណីយកកុមារទៅបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍នៅក្រៅប្រទេស ការបង្ខំឱ្យការ…ការបង្ខំពលកម្មកុមារ ទម្រង់ផលិតសម្ភារអាសអាភាសឬមួយមានការរំលោភបំពានផ្លូវភេទតាមរយៈការទាញប្រយោជន៍ទៅតាមប្រព័ន្ធអ៊ីនធឺណិត…»។ ការរំលោភបំពានកុមារ បង្កើតឱ្យមានបញ្ហាផ្លូវចិត្តដល់កុមារ ហើយវាក៏ជាបន្ទុកមួយដល់សង្គមផងដែរ។ ដើម្បីដោះស្រាយ ក៏ដូចជាជួយសម្រាលបន្ទុកកិច្ចការនេះ ក្រសួងពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានប្រឹងប្រែងបង្កើតមជ្ឈមណ្ឌលដើម្បីជួយកុមាររងគ្រោះទាំងនោះ។ ក្រោយជួយសង្គ្រោះ កុមារអាចរស់នៅ រៀនសូត្រ និងទទួលបានចំណេះជំនាញវិជ្ជាជីវៈ ដើម្បីកែប្រែជីវិតរបស់ពួកគេ។ កុមារខ្លះ បន្តរស់នៅនិងរៀនសូត្ររហូតដល់អាយុ១៦ឬ១៧ឆ្នាំ ហើយខ្លះត្រូវឪពុកម្ដាយស្នើសុំយកទៅរស់នៅជុំគ្រួសារវិញក៏មាន តែពួកគេស្ថិតក្រោមការតាមដាន ដើម្បីកុំឱ្យមានការរងគ្រោះម្ដងទៀត៕

website_news/2019181202.txt · Last modified: 2019/12/18 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki