website_news:2019181208

ពលករខ្មែរមួយក្រុមធ្វើការនៅថៃស្វែងយល់ពីសិទ្ធិការងារ

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2019-12-15

តំណាងក្រុមពលករខ្មែរដែលធ្វើការនៅប្រទេសថៃប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃទី១៦ ធ្នូ បានចូលរួមវគ្គអប់រំអំពីសិទ្ធិការងារនៅខេត្តជាប់ទីក្រុងបាងកក។ មន្ត្រីសង្គមស៊ីវិល លើកឡើងថាវគ្គអប់រំនេះជាប្រយោជន៍ដល់ពលករ ឱ្យបានពួកគេយល់ដឹងច្បាប់ ដើម្បីដោះស្រាយនៅពេលដែលពួកគាត់មានបញ្ហាក្នុងពេលបំពេញការងារនៅក្រៅប្រទេស។តំណាងពលករខ្មែរធ្វើការរោងចក្រកាត់ដេរនៅខេត្តជាប់ទីក្រុងបាងកកប្រទេសថៃ លោក រិន មករា ប្រាប់អាស៊ីសេរីក្រោយពេលបញ្ចប់វគ្គអប់រំថា អ្នកចូលស្វែងយល់អំពីសិទ្ធិការងារនេះភាគច្រើនជាតំណាងពលករខ្មែរនៅខេត្តជុំវិញទីក្រុងបាងកក ដោយមានអង្គការសហភាពការងារផ្នែកសំណង់ហៅកាត់ ស៊ី អឹម អាយ ហ្វាយ (CMIY) របស់ថៃ ចុះទៅអប់រំពួកគាត់ នៅខេត្តសមុទ្រប្រាកាន (Samut Prakan)។ លោក បន្តថា ពលករបានលើកយកបញ្ហាសំខាន់មួយចំនួនដែលជួបប្រទះនៅកន្លែងធ្វើការងារដាក់ជូនដល់វាគ្មិន ដើម្បីឱ្យជួយដោះស្រាយ មានដូចជា ថៅកែមិនព្រមបើកប្រាក់ខែជូនពលករ គ្រោះថ្នាក់ផ្សេងនៅកន្លែងការងារដោយមិនមានអ្នកទទួលខុសត្រូវ និងករណីរោងចក្រខ្លះមិនព្រមចេញលិខិតបញ្ជាក់ជូនពលករ នៅពេលដែលពួកគាត់ប្ដូរកន្លែងការងារជាដើម៖ «គឺគោលបំណងរបស់អង្គការគឺគាត់ចង់ឱ្យពួកខ្ញុំស្គាល់ពីសិទ្ធិរបស់ខ្លួនឯង កុំឱ្យខ្លាច ដូចជាមានការជួបគ្រោះថ្នាក់ចរាចរគេមិនបង់ប្រាក់ឱ្យ យើងអត់ហ៊ានតវ៉ាតអីអីចឹង ។អីចឹងគាត់ផ្ដល់ចំណេះដឹងហ្នឹងឱ្យយើងហ៊ានប្រឈមមុខច្បាប់ ហ៊ានងើបតស៊ូនូវអ្វីដែលថៅកែរំលោភមកលើពលករហើយមិនទទួលខុសត្រូវ»។

ពលកររោងចក្រកាប់សាច់ជ្រូកនៅខេត្តជាប់ទីក្រុងបាងកក លោក ហិន រាំប៊ូ ថ្លែងថា លោកមកធ្វើការនៅប្រទេសថៃប្រមាណ ៩ឆ្នាំហើយ ប៉ុន្តែនៅតែរកប្រាក់មិនបានធ្វើផ្ទះសមរម្យនៅឡើយទេ។ លោកបន្តថា នៅកន្លែងការងាររបស់លោកមានពលករខ្មែរប្រមាណ ១ពាន់នាក់កំពុងធ្វើការ ក្នុងនោះមានពលករខ្លះត្រូវបានថៅកែដកហូតលិខិតឆ្លងដែន ដោយសារមិនទាន់សងប្រាក់ដែលខ្ចីគេធ្វើលិខិតឆ្លងដែនគ្រប់នៅឡើយ។ លោកបន្ថែមថា ថៅកែថៃភាគច្រើនមិនសូវយកចិត្តទុកដាក់មកលើពលករខ្មែរដូចការជួយពលករជាតិសាសន៍ដទៃនោះទេ ហើយពួកលោកក៏ធ្លាប់ប្ដឹងទៅស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកឱ្យជួយដែរ ប៉ុន្តែមិនមានមន្ត្រីណាចុះមកជួយពួកគាត់នោះទេ ដោយលើកហេតុផលថា បុគ្គលិកតិចមិនអាចជួយបានទាន់ពេល។លោកបញ្ជាក់ថា ក្រោយពីទទួលបានការអប់រំសិទ្ធិការងារនេះរួចហើយ ធ្វើឱ្យពួកលោកមានភាពក្លាហាន ព្រោះបានយល់ដឹងពីច្បាប់ការងារ និងមានអង្គការចាំជួយប្រសិនបើមានពលករណាមានបញ្ហាពេលបំពេញការងារនៅថ្ងៃក្រោយ៖ «គេនិយាយអំពីបញ្ហារស់នៅក្នុងសង្គមថៃ យើងបានសិទ្ធិអីខ្លះ ព្រោះបងប្អូនខ្មែរភាគច្រើនអត់ដឹងថាការរស់នៅប្រទេសថៃមានសិទ្ធិរបៀបម៉េចទេ។នៅក្នុងនេះគាត់បាននិយាយប្រាប់ពួកខ្ញុំថា យើងមានសិទ្ធិគ្រប់យ៉ាងនូវអ្វីដែលធ្វើស្របច្បាប់ប្រទេសថៃ និយាយទៅគាត់មិនឱ្យយើងខ្លាចថៅកែ ដូចពីមុនអីខ្ញុំចេះតែខ្លាចថៅកែ ប៉ុន្តែដល់ពេលខ្ញុំបានអប់រំអីចឹងទៅខ្ញុំមានកម្លាំងចិត្តថាយើងបានអង្គការមួយមកជួយយើង ពេលមានរឿងអីយើងរកគាត់ឱ្យគាត់ជួយ ពីមុខមកពេលមានបញ្ហាអីយើងមិនទៅរកអ្នកណា»។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរទទួលបន្ទុកផ្នែកពលករប្រចាំនៅប្រទេសថៃ លោក ចិន សំណាង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ ធ្នូ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។ ទោះជាយ៉ាងណា ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ធ្លាប់អះអាងថា ស្ថានទូតតែងតែយកចិត្តទុកដាក់ជួយដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃជាប្រចាំ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំនៅខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ មានប្រសាសន៍ថា ពលករខ្មែរធ្វើការនៅប្រទេសថៃដែលរងគ្រោះពេញបំពេញការងារភាគច្រើន បណ្ដាលមកពីខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា ដែលធ្វើឱ្យថៅកែជនជាតិថៃបន្តធ្វើបាបពួកគាត់ម្ដងហើយម្ដងទៀត។លោកបន្តថា ការអប់រំនេះនឹងជួយឱ្យពលករយល់ដឹងអំពីច្បាប់ការងារ ដើម្បីប្ដឹងទៅអាជ្ញាធរថៃឱ្យជួយរកខុសត្រូវជូនពួកគាត់បាន៖ «ព្រោះកន្លងមកយើងឃើញមានខ្មែររងគ្រោះដោយសារថៃចាញ់សម្លាប់ ថៃធ្វើបាបចាប់បង្ខាំងមនុស្សឱ្យស្រាតខោអាវ វាយក្បាលធ្វើទារុណកម្មអី រហូតដល់ពេលនេះក៏នៅមិនទាន់មានយុត្តិធម៌នៅឡើយទេ។អីចឹងបើមានខាងអង្គការនៅប្រទេសថៃ ចាប់ផ្ដើមជួយពង្រីកនិងពន្យល់អំពីច្បាប់នេះ គឺស្រួលដល់ខ្មែរធ្វើការទាមទារដោយសន្តិវិធីដើម្បីឱ្យរដ្ឋាភិបាលថៃដោះស្រាយជូនពួកគាត់បាន»។

របាយការណ៍ក្រសួងការងារឱ្យដឹងថា ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃមានជាង១លាន ១សែននាក់ ក៏ប៉ុន្តែបើតាមការប៉ាន់ស្មានក្រៅផ្លូវការរបស់អង្គការ សង់ត្រាល់ (CENTRAL) ពលករខ្មែរនៅប្រទេសថៃអាចមានចន្លោះពី ១លាន ៨សែន ទៅ ២លាននាក់ ដោយរាប់ទាំងពលករស្របច្បាប់ និងមិនស្របច្បាប់។

ពលករដែលទទួលបានអប់រំនិយាយថាអង្គការសហភាពការងារផ្នែកសំណង់ ស៊ី អឹម អាយ ហ្វាយ (CMIY) នឹងជួយផ្នែកច្បាប់ដល់ពលករខ្មែរ ប្រសិនបើពួកគេមានការរំលោភសិទ្ធិការងារឬមានបញ្ហាផ្សេងៗ នៅពេលបំពេញការងារនៅប្រទេសថៃ គឺអាចទាក់ទងទៅកាន់បុគ្គលិករបស់អង្គការនេះតាមលេខទូរស័ព្ទ ០៨៩ ៥៣៣ ៧៩៦៣៕

website_news/2019181208.txt · Last modified: 2019/12/18 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki