website_news:2019190604

ពលករម្នាក់ជួបគ្រោះអកុសលលើដីថៃ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៣:៥៣ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពេលឡើងផ្សារដែកស្រាប់តែបាក់រន្ទាធ្លាក់ពលករម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ក្នុងមន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ ។ ជនរងគ្រោះដែលស្លាប់ឈ្មោះម៉ន ម៉េត ភេទប្រុស អាយុ៤២ឆ្នាំ ជាពលករផ្នែកផ្សារដែកធ្វើការនៅក្រុងបាងកក ប្រទេសថៃ និងមានស្រុកកំណើតក្នុងភូមិត្រពាំងតាម៉ូក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩ ខណៈពេលដែលជនរងគ្រោះកំពុងឡើងផ្សារដែកកំពស់ប្រហែល៧ទៅ៨ម៉ែត្រនៅក្នុងការដ្ឋានសំណង់មួយ ស្រាប់តែបាក់រន្ទាធ្លាក់មកដី បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយក្រោយមកក៏បានស្លាប់នៅយប់ថ្ងៃដដែលក្នុងមន្ទីរពេទ្យក្រុងបាងកក។ សពជនរងគ្រោះត្រូវបានភាគីថៃបញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីយប់ថ្ងៃទី១៨ មិថុនា ហើយត្រូវសាច់ញាតិជួលរថយន្តដើម្បីដឹកបន្តទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2019190604.txt · Last modified: 2019/06/19 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki