website_news:2019190702

តុលាការឃុំខ្លួនស្ត្រីខ្មែរបីនាក់រកស៊ីពពោះជំនួសដែលវៀតណាមចាប់បញ្ជូនមកកម្ពុជាវិញ

http://www.rasmeinews.com/ July 18, 2019, 2:59 PM ដោយ: សរិទ្ធ

ភ្នំពេញ: ស្ត្រីខ្មែរ៣នាក់ជាប់ពាក់ព័ន្ធបទល្មើសពពោះជំនួស ដែលនគបាលវៀតណាមចាប់បញ្ជូនមកឲ្យនគរបាលកម្ពុជាវិញ បន្ទាប់ពីពួកគេឆ្លងដែនទៅសម្រាលកូននៅក្បែរព្រំដែនវៀតណាម ចិន នោះបានត្រូវលោកវ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងបានអោយដឹងថា ស្ត្រី៣នាក់នេះឈ្មោះ សេង ចិន្ដា ហៅដា អាយុ៣២ឆ្នាំ មានទីលំនៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ឈ្មោះ ភួន ស៊ីនួន អាយុ៣២ឆ្នាំ និងឈ្មោះ សាត សារួន អាយុ៣១ឆ្នាំ។ ពាក់ព័ន្ធករណីពពោះជំនួសខាងលើនេះបើតាមចម្លើយរបស់ឈ្មោះ សេង ចិន្ដា បានអោយដឹងថា នៅក្នុងខែតុលា ឆ្នាំ២០១៨ នាងបានទៅផ្ទះរបស់ឈ្មោះ ភូន ស៊ីនឿន ដែលនៅក្នុងភូមិជាមួយគ្នានិយាយបញ្ចុះបញ្ជូលឲ្យទៅពរពោះជំនួសជនជាតិចិននៅភ្នំពេញ ដោយទទួលបានប្រាក់ចំនួន៨ ០០០ដុល្លារក្នុងទារកមួយ។ ក្រោយមកនៅថ្ងៃទី ១១តុលា ឆ្នាំ២០១៨ ឈ្មោះភូន ស៊ីនឿនបានមកភ្នំពេញតាមការរៀបចំរបស់សេង ចិន្ដា ដោយបានជួបបុរស ស្ត្រីជនជាតិចិន៧នាក់ ហើយការនិយាយគ្នាគឺមានអ្នកបកប្រែភាសាចិន។

លុះដល់ថ្ងៃទី ២៥តុលា ២០១៨ មានក្រុមគ្រូពេទ្យចិនបានពិនិត្យប្រដាប់បន្តពូជ ហើយក៏ដាក់បញ្ចូលមេជីវិតទៅក្នុងស្បូន ហើយពួកគេក៏អោយលុយកាក់មួយចំនួនសម្រាប់ហូបចុក ថែរក្សាសុខភាព និងពិនិត្យគ៌ភ។ ក្រោយមកខ្លួនបានប្រាប់ថានាងមានផ្ទៃពោះហើយ។ ពេលនោះនៅថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០១៩ ពួកចិនបានអោយនាងឡើងមកភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែន ហើយគេក៏ឲ្យប្រាក់នាងថែម២,០០០ដុល្លារទៀត ដើម្បីចាយវាយបណ្ដោះអាសន្ន។បន្ទាប់មកនៅថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០១៩ អ្នកបកប្រែក៏បានទូរស័ព្ទឲ្យនាងមកភ្នំពេញ ដើម្បីរៀបចំសម្រាលកូន។ នៅពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរទៅប្រទេសវៀតណាមនាងឃើញមានស្ត្រីចិន២នាក់ ទារកម្នាក់ ស្ត្រីខ្មែរម្នាក់ទៀតឈ្មោះ សាត សារួន ដែលឈ្មោះដាបញ្ជូនមកអោយមើលថែទាំទារកនិងអ្នកពពោះ។ ពេលធ្វើដំណើរទៅដល់ច្រកទ្វារបាវិតមានបុរសជនជាតិចិនម្នាក់ជាអ្នករត់ការចេញលុយកាក់ទាំងអស់ ។ បន្ទាប់មកពួកគេបានបន្តដំណើរតាមរថយន្តតាក់ស៊ីរហូតដល់ចំណតរថភ្លើងក្រុងហូជីមិញ និងបន្តដំណើរ២ថ្ងៃ២យប់ទើបដល់ទៅក្រុងហាណូយ។ ដល់ទីនោះមានជនជាតិចិនផ្សេងទៀត រៀបចំអោយបន្តដំណើរទៅព្រំដែន ក៏ត្រូវសមត្ថកិច្ចវៀតណាមចាប់ទាំងអស់គ្នាតែម្ដងដោយមានទាំងខ្មែរ ចិន វៀតណាមដែលរត់ការផង។

រហូតដល់ថ្ងៃទី ៩ខែកក្ដដា ឆ្នាំ២០១៩ នៅពេលដែលវៀតណាមកំពុងឃុំខ្លួនបណ្ដោះអាសន្នស្រាប់តែឈ្មោះ ភូន ស៊ីនឿនបាន ឈឺពោះសម្រាលបានកូនស្រីមួយ ហើយរហូតមកដល់ថ្ងៃទី ១៣ខែកក្ដដា ឆ្នាំ២០១៩ វៀតណាមសម្រេចបញ្ជូនស្រីៗមកប្រទេសកម្ពុជាវិញ ។ចំណែកជនជាតិចិន វៀតណាម និងខ្មែរ ដែលជាអ្នករត់ការ ត្រូវបានសមត្ថកិច្ចវៀតណាមចាត់ការតាមច្បាប់របស់វៀតណាមនៅក្រុងហាណូយ៕

website_news/2019190702.txt · Last modified: 2019/07/19 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki