website_news:2019190703

តុលាការសម្រេចឃុំខ្លួនស្រ្តី ៣ នាក់ ករណីស៊ីឈ្នួលពពោះ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 19 July 2019 | 12:00 ICT

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានសម្រេចឃុំខ្លួនស្ត្រី ៣ នាក់ បណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដើម្បីសម្រាលកូនឲ្យជនជាតិចិន បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានបញ្ជូនពួកគេទៅតុលាការ ក្រោយពីឃាត់ខ្លួនបាននៅប្រទេស វៀតណាម។ ស្ត្រីទាំង ៣ នាក់នេះ ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំនួន ២ ករណី ដែលអាចប្រឈមមុខជាប់ពន្ធនាគារជិត ២០ ឆ្នាំ ប្រសិនបើរកឃើញថា ពិតជាបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់មែននោះ។

លោក អ៊ី រិន្ទ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅ ម ២ ទាំង ៣ នាក់ តាមមាត្រា ១៦ នៃច្បាប់ជួញដូរមនុស្ស និងមាត្រា ៣៣២ ទាក់ទងនឹងក្រមព្រហ្មទណ្ឌ។ អ៊ីចឹងយើងចោទប្រកាន់ពីបទអំពើជួញដូរមនុស្សឆ្លងដែន និងបទអន្តរកាលរវាងអ្នកសុំកូននិងស្ត្រីពពោះ»។ យោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើប្រព្រឹត្តនៅក្នុងគោលបំណងចង់បានកម្រៃ ធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬច្រើននាក់ ឬប្តី ប្រពន្ធ ដែលចង់សុំកូនយកមកចិញ្ចឹម និងស្ត្រីម្នាក់ យល់ព្រមពពោះ ដើម្បីនឹងប្រគល់កូននោះឲ្យទៅអ្នកសុំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ ៦ ខែ ខណៈមាត្រា ១៦ នៃច្បាប់ស្តីពីការជួញដូរមនុស្ស បានចែងថា ជនណាដែលលក់ដូរជនដទៃក្នុងគោលដៅប្រគល់ ឬនាំយកទៅក្រៅប្រទេស និងក្នុងករណីដែលជនរងគ្រោះ ជាអនីតិជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ទៅ ២០ ឆ្នាំ។

កាលពីថ្ងៃទី ១៦ ខែ កក្កដា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានសម្រេចបញ្ជូនស្ត្រី ៣ នាក់ ទៅតុលាការ ដោយពួកគេទាំងនោះ មានឈ្មោះ សេង ចិន្ដា ហៅ ដា អាយុ ៣២ ឆ្នាំ, ឈ្មោះ ភួន ស៊ីនួន អាយុ ៣២ ឆ្នាំ និងឈ្មោះ សាត សារួន អាយុ ៣១ ឆ្នាំ ដែលមានលំនៅឋានក្នុងភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងថា ក្រុមជនសង្ស័យទាំង ៣ នេះត្រូវបានកម្លាំងនគរបាលប្រទេសវៀតណាម ចាប់ឃាត់ខ្លួននៅក្នុងប្រទេស វៀតណាម រួចបញ្ជូនមកកម្ពុជា បន្ទាប់ពីពួកគេបានឆ្លងដែនខុសច្បាប់ ចូលទៅវៀតណាមដើម្បីសម្រាលកូនលក់ឲ្យជនជាតិចិនក្នុងតម្លៃ ៨ ០០០ ដុល្លារ ក្នុងកូនម្នាក់។

លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតអង្គការលីកាដូ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដោយបង្ហាញការសោកស្តាយដែលតុលាការសម្រេចចោទប្រកាន់លើពួកគេពាក់ព័ន្ធ នឹងបទល្មើសទាំងនេះ ព្រោះស្ត្រីទាំងនេះ អាចជាជនរងគ្រោះនៅក្នុងបទល្មើស ព្រោះតែកត្តាខ្វះការយល់ដឹង និងកត្តាជីវភាព។ លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺរដ្ឋាភិបាល គួរតែផ្សព្វផ្សាយឲ្យបានទូលំទូលាយ ហើយការអនុម័តច្បាប់ ឬការធ្វើច្បាប់នានាជុំវិញបញ្ហានេះ គួរមានការពិគ្រោះយោបល់ជាសាធារណៈឲ្យប្រជាពលរដ្ឋបានយល់ បានដឹង និងបានឮ អំពីបទល្មើសហ្នឹង ហើយរំពឹងថា តុលាការនឹងពិចារណា ទាក់ទងបទល្មើសសម្រាប់ពួកគាត់ និងស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធ ព្រោះមិនដែលសុខៗ គាត់អាចទៅប្រព្រឹត្តបទល្មើសដោយខ្លួនគាត់ទេគឺត្រូវតែមានមេខ្យល់ និងមានអ្នកឲ្យគាត់ប្រព្រឹត្ត»។

គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា រហូតមកទល់ពេលនេះ កម្ពុជាបង្ក្រាបបានបទល្មើសពពោះជំនួស ដោយស្ត្រីខ្មែរចំនួន ៤៣ ករណីមកហើយ ដោយភាគច្រើនបទល្មើសនៃការពពោះទាំងនេះ ត្រូវបានរកឃើញថា បញ្ជូនទៅប្រទេសចិន ស្របពេលករណីមួយចំនួន កំពុងបន្តនីតិវិធីនៅតុលាការ ខណៈករណីបញ្ជូនស្ត្រី ៣ នាក់ ទៅឃុំខ្លួនពីម្សិលមិញ គឺជាករណីថ្មីបន្ថែមទៀត ដែលទើបបង្ក្រាបបាន ស្របពេលដែលកម្ពុជានឹងមានការពិភាក្សាគ្នា នៅសប្តាហ៍ទី ៣ ក្នុងខែនេះ លើសេចក្តីព្រាងច្បាប់សម្រាប់ដាក់ទោសទណ្ឌ និងការគ្រប់គ្រងបទល្មើសនៃការពពោះជំនួសដែលជាបទល្មើសថ្មីទើបនឹងកើតមាននៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយ៕

website_news/2019190703.txt · Last modified: 2019/07/19 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki