website_news:2019190706

អន្តរក្រសួង និងអង្គការ សហការគ្នាការពារកុមារពីអំពើហិង្សា

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 18 July 2019 | 16:11 ICT

ភ្នំពេញៈ អន្ដរក្រសួង និងអង្គការក្រៅរដ្ឋាភិបាលធ្វើការងារលើកុមារនៅកម្ពុជា បានរួមគ្នាបង្កើត «គណៈកម្មាធិការដឹកនាំការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ» ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា។ នេះបើតាមលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញ។

លោក តូច ចាន់នី បានថ្លែងថា គណៈកម្មាធិការនេះមាន លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន និងមានសមាជិកចំនួន ២២ រូប ក្នុងនោះ ១៥ រូប មកពីក្រសួងស្ថាប័ន និង ៧ រូប មកពីតំណាងអង្គការដែលធ្វើការទាក់ទង នឹងកុមារ។ លោកបានបន្ដថា៖ «យើងបានប្រជុំអន្តរក្រសួងជាលើកដំបូង ដើម្បីប្រកាសសមាសភាពនៃគណៈកម្មាធិការនេះ សម្រាប់អនុវត្ដ ផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ»។ លោក ចាន់នី បានឲ្យដឹងថា គណៈកម្មាធិការនេះ មានអន្តរក្រសួងពាក់ព័ន្ធមួយចំនួនចូលរួមជាសមាជិក រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានជាដើម។ ដោយឡែកសមាជិកគណៈកម្មាធិការមកពីអង្គការដែលធ្វើការងារលើកុមារនេះ រួមមាន អង្គការ Plan International អង្គការ Save The Children និងអង្គការ ChildFund ជាដើម។ លោកបន្ថែមថា៖ «ទម្រាំយើងសម្រេចប្រកាសសមាសភាព សមាជិក គណៈកម្មាធិការនេះ យើងបានសិក្សាស្រាវជ្រាវ និងពិនិត្យមើលផែនការនៃការបង្កើតគណៈកម្មាធិការនេះ នៅអំឡុងឆ្នាំ ២០១៦-២០១៧។ ប៉ុន្ដែផែនការនេះ កន្លងមកវាមានតែនៅក្រដាស វាចេញអត់រួច ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មើលឃើញការងារនេះជាការងារសំខាន់ ដែលគួរតែមានគណៈកម្មាធិការអន្តរក្រសួងដើម្បីជំរុញប្រសិទ្ធភាពការងារនេះ»។ លោក ចាន់នី លើកឡើងថា ការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ មិនមែនធ្វើតែក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកអនុវត្ដទេ។ ប៉ុន្ដែក្រសួងពាក់ព័ន្ធក៏ត្រូវចូលរួម អនុវត្ដផងដែរ ក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា។

លោក ចាន់នី បានបញ្ជាក់ថា ការអនុវត្ដចំពោះការទប់ស្កាត់អំពើហិង្សាលើកុមារនេះ តាមក្រសួងនីមួយៗគាត់មានកាតព្វកិច្ចក្នុងការអនុវត្ដរៀងៗខ្លួន ទៅតាមជំនាញរបស់ក្រសួង។ ចំណែកអង្គការសង្គមស៊ីវិល ពួកគាត់ក៏ធ្វើការងារទៅតាមផ្នែករបស់ខ្លួនដែរទៅតាមគម្រោងនៃការការពារ និងទប់ស្កាត់អំពើហិង្សលើកុមាររបស់ពួកគេ ដូចជាផ្នែកសុខភាព សង្គមកិច្ចដោយគាំទ្រទៅដល់ក្រសួងជំនាញ។ លោក តូច ចាន់នី បានបញ្ជាក់ថា៖ «នៅកម្ពុជាយើងនៅមានការរំលោភបំពាន និងអំពើហិង្សាជាច្រើនលើកុមារ។ ដូច្នេះបានជាក្រសួង រួមជាមួយនឹងអង្គការដៃគូធំៗមួយចំនួននេះសហការគ្នារៀបចំផែនការជាតិមួយសម្រាប់ទប់ស្កាត់ ប្រឆាំងអំពើហិង្សាលើកុមារនេះ»។

លោក វង សូត បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនេះនៅក្រសួងសង្គមកិច្ច កាលពីថ្ងៃអង្គារ ទី ១៦ ខែ កក្កដា ថា ជារឿងចាំបាច់ ទាមទារឲ្យមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយអំពើហិង្សា ការរើសអើង និងការរំលោភបំពានកុមារគ្រប់រូបភាពស្របតាមបទដ្ឋានច្បាប់ជាតិដែលមាន និងកំពុងអនុវត្ត រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីកុមារឲ្យកាន់តែប្រសើរ។ លោកបានថ្លែងថា៖ «អំពើហិង្សាលើកុមារ ជាសកម្មភាពដែលមិនអាចអត់ឱនអនុគ្រោះឲ្យបានទេ ទោះក្នុងរូបភាពណាក៏ដោយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគតរបស់កម្ពុជា»។ បើតាមលោករដ្ឋមន្រ្ដី គណៈកម្មាធិការនេះ ក៏មានក្រុមការងារបច្ចេកទេសចំនួន ៣ គឺក្រុមការងារលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់អំពើហិង្សាលើកុមារ ក្រុមការងារផ្ដល់សេវា និងអនុវត្តច្បាប់ និង ក្រុមការងារសិក្សាលើបទដ្ឋានគតិយុត្ត ពិនិត្យតាមដាន និងធ្វើរបាយការណ៍។

លោក ឈឹម ផាន់ណា អ្នកឯកទេសកិច្ចការពារកុមារនៃអង្គការភ្លែនអន្តរជាតិ ជាអង្គការសមាជិកគណៈកម្មាធិការនេះ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្នុងនាមជាសមាជិកគណៈកម្មាធិការ អង្គការភ្លែនអន្តរជាតិ មានតួនាទីសំខាន់ៗមួយចំនួន ដែលមានចែងនៅក្នុងសេចក្ដីប្រកាសអំពីការបង្កើតគណៈកម្មាធិការនេះ រួមមានការដឹកនាំ សម្របសម្រួល ជំរុញសកម្ម ភាពនៃការអនុវត្ដផែនការទប់ស្កាត់ ឆ្លើយតបអំពើហិង្សាលើកុមារនេះ។ លោកបានថ្លែងថា៖ «យើងក៏មានតួនាទីប្រមូល វិភាគ ធ្វើរបាយការណ៍ពីស្ថានភាពអំពើហិង្សាលើកុមារនៅកម្ពុជា។ ពិនិត្យតាមដាន និងផ្ដល់យោបល់ លើរបាយការណ៍ផ្ដល់យោបល់លើផែនការសកម្មភាពនេះដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារជាដើម»។ លោក ផាន់ណា បានលើកឡើងថា ក្នុងនាមជាសមាជិកនេះ អង្គការភ្លែនអន្តរជាតិក៏បានដើរតួនាទី ដើម្បីធ្វើទំនាក់ទំនងទៅសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីស្វែងរកជំនួយឧបត្ថម្ភ ក៏ដូចជាការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធ ក្នុងការបញ្ចប់អំពើហិង្សាលើកុមារផងដែរ។ លោកបានបន្ដថា៖ «យន្ដការនេះ បានជំរុញក្នុងការជួយនៃការអនុវត្ដផែនការទប់ស្កាត់ និងឆ្លើយតបពីអំពើហិង្សាលើកុមារ។ ខ្ញុំមានជំនឿថា បើសិនយើងអនុវត្ដនូវផែនការនេះបានល្អ យើងអាចទប់ស្កាត់ និងបង្ការ អំពើហិង្សាលើកុមារបានច្រើន»។

លោក ឈឹម ផាន់ណា បានឲ្យដឹងថា តាមរយៈអង្គការភ្លែនអន្តរជាតិដែលបានធ្វើការងារជាមួយកុមារជាច្រើនឆ្នាំនៅកម្ពុជានោះ បានសង្កេតឃើញថា ករណីអំពើហិង្សាលើកុមារនៅកម្ពុជា នៅមិនទាន់មានការថមថយចុះនៅឡើយ ខណៈករណីរំលោភ និងហិង្សាលើកុមារហាក់មានភាពកាចសាហាវនៅឡើយ។ លោក ផាន់ណា បានថ្លែងឲ្យដឹងទៀតថា៖ «យោងការសិក្សាស្រាវជ្រាវស្តីអំពីអំពើហិង្សាលើកុមារឆ្នាំ ២០១៣ របស់ក្រសួងកិច្ចការនារី និងវិទ្យាស្ថានស្ថិតិជាតិ បានបង្ហាញថា ក្នុងនោះមាន ៦០ ភាគរយ នៃកុមារ យ៉ាងហោចណាស់ ៦០ ភាគរយ បានទទួលរងនូវការរំលោភបំពានផ្នែករាង្គកាយ ផ្លូវចិត្ដ និងផ្នែកផ្លូវភេទផងដែរ។ អ៊ីចឹងបើយើងមើលទៅសម្ទុះនៃអំពើហិង្សាលើកុមារហាក់បីដូចជាអត់ទាន់មានការថមថយទេ គឺនៅថេរ ហើយទិន្នន័យ ក៏មានការកើតឡើងផ្សេងៗគ្នាទៅតាមតំបន់ដែរ គ្រាន់តែថា ប្រព័ន្ធនៃការកត់ត្រាទិន្នន័យនេះនៅមានការខ្វះខាត ដែលនាំឲ្យយើងពិបាកក្នុងការរាយការណ៍»៕

website_news/2019190706.txt · Last modified: 2019/07/19 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki