website_news:2019190901

កម្ពុជាបារម្ភអំពីការរីករាលដាលការរំលោភផ្លូវភេទលើកុមារ

https://www.rfa.org/khmer/news/ ដោយ សេក បណ្ឌិត 2019-09-18

មន្ត្រីជាន់ខ្ពស់ប្រឆាំងការជួញដូរមនុស្សឱ្យដឹងថា កំណើននៃការប្រើប្រាស់ អ៊ីនធឺណិត និងទូរស័ព្ទ បណ្ដាលឱ្យកុមារ ត្រូវបានជនល្មើសកេងចំណេញ រំលោភបំពានផ្លូវភេទ និងរំលោភសេពសន្ថវៈ។ បញ្ហានេះហើយ ទើបជំរុញឱ្យរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលបានចាប់ដៃគ្នាដើម្បីប្រយុទ្ធនឹងការរំលោភបំពានផ្លូវភេទនេះ។ អនុប្រធានគណ: កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងចាត់វិធានការ ទៅលើបទឧក្រិដ្ឋបច្ចេកវិទ្យានេះ ព្រោះវាមានការផ្សព្វផ្សាយ អូសទាញធ្វើឱ្យមនុស្ស ធ្លាក់ទៅក្នុងការចាញ់បោកការរំលោភផ្លូវភេទ។ អ្នកស្រីបន្ថែមទៀតថា កុមារខ្មែរកំពុងទទួលរងឥទ្ធិពល នៃការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត ដោយសារតែអាជ្ញាធរប្រទេសជិតខាងកម្ពុជាដូចជាប្រទេសថៃ កំពុងតែបង្ក្រាបករណីនេះទើបបណ្ដាលឱ្យជនល្មើសមករកទីផ្សារកម្ពុជាវិញ។

អ្នកស្រីបន្តទៀតថា ដើម្បីបទស្កាត់បញ្ហានេះ កាលពីថ្ងៃទី១៣ សីហា គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បានចុះ អនុស្សរណៈជាមួយអង្គការដៃគូចំនួន៦ ដែលមានសមាជិករហូតដល់ជិត ១០០ដៃគូ ដើម្បីធ្វើការការពារ និងទប់ស្កាត់ការរីករាលដាលនៃការរំលោភផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនេះ៖ «អ៊ីចឹងរឿងផ្លូវភេទនេះ យើងកំពុងតែបានជជែកគ្នាខ្លាំងណាស់ ព្រោះថា យើងចង់រកឱ្យឃើញច្បាស់ថា ឥទ្ធិពលអីខ្លះដែលវាធ្វើឱ្យមានការប្រែប្រួល នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាហ្នឹង ហើយបើតាមយើងដឹង វាមិនមែនតែនៅកម្ពុជាទេ រឿងហ្នឹងនោះ ហើយអ្នកដែលមកជួញដូរ ឬអ្នកដែលបំពានហ្នឹង មានមួយចំនួនក៏ជាជនបរទេសដែរ ហើយយើងក៏បានបង្ក្រាប យើងចាប់កាត់ទោស យើងបញ្ជូនត្រឡប់ជាបន្តបន្ទាប់»។ អ្នកស្រី ជូ ប៊ុនអេង និយាយថា ជនជាតិចិនមួយចំនួន ក៏មានការពាក់ព័ន្ធទៅនឹងរឿងការរំលោភផ្លូវភេទលើកុមារកម្ពុជា។ អាជ្ញាធរកម្ពុជា កំពុងធ្វើការតាមដានករណីនេះ៖ «ខ្ញុំគិតថា បច្ចេកវិទ្យាហ្នឹង ខ្មែរដឹងក្រោយគេទេ ហើយរឿងដែលសំខាន់ វាចូលតាមគេហៅថា តាមរយ:ភ្ញៀវទេសចរ ដែលយើងមិនចាត់ទុកថា ភ្ញៀវទេសចរទាំងអស់ជាមនុស្សអាក្រក់ទេ ប៉ុន្តែ វាបានដោយរោយមក ហើយយើងបានដឹងហើយថា អ្នកដែលជាជនជាតិខាងយើងហ្នឹង គឺមានប្រទេសថៃ មានសេវាកម្មហ្នឹង ប៉ុន្តែឥឡូវគាត់រឹតបន្តឹងជាងមុន អ៊ីចឹងវាបែកខ្ញែក ហើយយើងទទួលឥទ្ធិពលហ្នឹង»។

អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ដើម្បីបំបាត់ឧក្រិដ្ឋកម្មនេះ អាជ្ញាធរខ្មែរត្រូវមានសមត្ថភាពគ្រប់គ្រាន់ ព្រោះជនប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនេះ មានជំនាញនិងចំណេះបច្ចេកវិទ្យាកម្រិតខ្ពស់៖ «យើងសង្ឃឹមថា បើសិនជាក្រុមការងារនេះ ពិតជាបង្កើតឡើង ហើយមានសមត្ថភាពគ្រប់គ្រាន់មែន អាចធ្វើការទប់ស្កាត់ និងចាត់វិធានការទៅលើជនប្រព្រឹត្តទាំងអស់ហ្នឹងបានហើយ ប៉ុន្តែផ្ទុយមកវិញ បើមិនមានសមត្ថភាព ឬចំណេះដឹងជំនាញគ្រប់គ្រាន់ទេ ខ្ញុំគិតថាពិបាកក្នុងការចាត់វិធានការណាស់ ព្រោះបច្ចេកវិទ្យាទាំងនេះ ទាមទារអ្នកមានសមត្ថភាពខ្ពស់»។

របាយការណ៍របស់គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០១៩ នេះប៉ូលិសបានជួយសង្គ្រោះជនរងគ្រោះ ២៦៣ នាក់ពីការរំលោភផ្លូវភេទដែលមានការកើនឡើងជិត ១៥០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមករណីទាំងនោះមានកុមារចំនួន ៧០នាក់ ដែលមានអាយុក្រោម ១៥ឆ្នាំ មានជនរងគ្រោះចំនួន ៣១នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ១៨ ឆ្នាំចំនួន ៣១ នាក់។ កាលពីឆ្នាំ២០១៨ ប៉ូលិសបានបង្ក្រាបបទល្មើសជួញដូរមនុស្សចំនួន ១៣៤ករណី និងការធ្វើអាជីវកម្មផ្លូវភេទ ១៥៩ករណី ព្រមទាំងបានឃាត់ខ្លួនចំនួន ២០៣នាក់៕

website_news/2019190901.txt · Last modified: 2019/09/19 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki