website_news:2019190902

កម្ពុជា-ថៃ ចរចាលើកិច្ចព្រមព្រៀងផ្ទេរអត្ថប្រយោជន៍ដល់ពលករចំណាកស្រុក

https://www.postkhmer.com/ រី សុចាន់ | Publication date 18 September 2019 | 10:13 ICT

សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីម្សិលមិញថា កម្ពុជាកំពុងចរចាជាមួយភាគីថៃលើកិច្ចព្រមព្រៀងក្នុងការផ្ទេរអត្ថប្រយោជន៍គាំពារសង្គមដល់ពលករចំណាកស្រុកដែលធ្វើការនៅប្រទេស ថៃ ជាប្រយោជន៍សម្រាប់ពួកគេនៅពេលបញ្ចប់ពីការងារ ហើយត្រឡប់មកបម្រើការនៅប្រទេសកម្ពុជាវិញ។ ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ធ្វើឡើងកាលពីថ្ងៃអង្គារនៅខេត្តសៀមរាបក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្របពេលជាមួយនឹងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី ៥ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ (CLMTV)។ លោក ហ៊ុន សែន ថ្លែងថា៖ «ការផ្ទេរអត្ថប្រយោជន៍ ផ្ទេរធនធានមកដើម្បីចិញ្ចឹមនោះ វាសុទ្ធតែជាបញ្ហា។ បើយើងធ្វើដូចនេះបានពាក្យដែលថា ជោគវាសនារួមអាស៊ានមួយ ជាសហគមន៍ដែលមានជោគវាសនារួម គឺនឹងទទួលបានផលប្រយោជន៍ដល់ប្រជាជន។

ឧទាហរណ៍ថា គ្នាធ្វើការនៅប្រទេសថៃ ប៉ុន្តែត្រឡប់មកប្រទេសវិញ បែរជាអត់បានទទួលអត្ថប្រយោជន៍អីបន្ត»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តថាបើប្រទេសទាំង ៥ មានជំហររួមគ្នា ប្រទេសទាំង ៥ នេះអាចយកបញ្ហាទៅជជែកក្នុងអាស៊ានបន្តទៀតដើម្បីបង្កើតឱ្យមានស្ថានភាពបន្តគឺថាពលករចំណាកស្រុកអាចធ្វើការនៅប្រទេសមួយ ប៉ុន្តែអាចចូលនិវត្តន៍នៅប្រទេសមួយហើយអាចទទួលបាននូវប្រាក់កម្រៃទៀត។ នេះជាអ្វីដែលលោកហៅថាជាការធានា។ លោក ហ៊ុន សែន បន្ថែមថា៖ «យើងត្រូវរកវិធីដើម្បីធ្វើសមាហរណកម្ម និងបន្តគេហៅថា ចល័តភាពនៃរបបសន្តិសុខសង្គមដែលនៅក្នុងប្រទេសនោះទទួលបាន ប៉ុន្តែមកឯណេះតគ្នាយ៉ាងម៉េច ដើម្បីពួកគេចូលនិវត្តន៍។ ពួកគេអាចទទួលបាននូវបៀវត្សរ៍។ ប៉ុន្តែនេះគ្រាន់តែអ្នកធ្វើការក្នុងស្រុក ប៉ុន្តែយើងត្រូវគិតដល់អ្នកដែលកំពុងធ្វើការនៅក្រៅស្រុកផងដែរ»។ ប្រទេស CLMTV បានឯកភាពគ្នាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសៀមរាបដើម្បីឆ្ពោះទៅកាន់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្ដីពីចល័តភាពនៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV។ នេះបើតាមហ្វេសប៊ុកក្រសួងការងារកាលពីថ្ងៃចន្ទ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា (Central) ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ក្របខ័ណ្ឌរបស់ប្រទេសទាំង ៥ នេះប្រហែលមានការពិបាក ពីព្រោះក្របខ័ណ្ឌ និងរបបគាំពារសង្គមនៃប្រទេសនីមួយៗនេះមានភាពផ្សេងពីគ្នា។ ប៉ុន្តែរឿងដែលសំខាន់ រាជរដ្ឋាភិបាល កម្ពុជាត្រូវគិតពិចារណាទៅលើយន្តការរវាងប្រទេសកម្ពុជា ដែលបញ្ជូនពលករទៅធ្វើការនៅប្រទេសដែលទទួល។ លោក ឃុន ថារ៉ូ ថ្លែងថា៖ «អ៊ីចឹង យើងត្រូវសិក្សាឡើងវិញនូវប្រទេសណាដែលជាប្រទេសអាទិភាព ហើយប្រទេសដែលមានប្រព័ន្ធគាំពារសង្គម។ ឥឡូវយើងឧទាហរណ៍នៅប្រទេសថៃ រឿងដែលសំខាន់ថា តើការចុះបញ្ជីពលករខ្មែរដែលស្របច្បាប់ ដែលគាត់ត្រូវតែមានកាតព្វកិច្ចនៅក្នុងការបង់បញ្ចូលទៅក្នុងប្រព័ន្ធគាំពារសង្គមនៅប្រទេសថៃហ្នឹង វាមានការចុះបញ្ជីហ្នឹងត្រឹមត្រូវ ហើយនិងការគ្រប់គ្រងតាមប្រព័ន្ធត្រឹមត្រូវរបស់ប្រទេសថៃ ហើយប្រទេសកម្ពុជាហ្នឹងយ៉ាងម៉េច?»។ លោក ថារ៉ូ បញ្ជាក់ថា វាចៀសមិនផុតនោះទេដែលត្រូវតែមានកិច្ចព្រមព្រៀង ឬក្របខ័ណ្ឌច្បាប់រវាងប្រទេសនីមួយៗដើម្បីធានាដល់ការផ្ទេរ ការវេរ ឬក៏ការធ្វើសមាហរណកម្មពលករដែលចប់ពីការងារនៅប្រទេសដែលទទួល។ អំឡុងពេលដែលពលករធ្វើការងារគឺត្រូវមានការកត់ទុកជាប្រព័ន្ធឱ្យបានត្រឹមត្រូវ។ នៅពេលដែលពលករចប់ពីបម្រើការងារនៅប្រទេសដែលទទួល ពួកគាត់ត្រូវតែត្រូវបានធានាថា ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ នៅពេលត្រឡប់មកប្រទេសកំណើតវិញ។

ក្នុងជំនួបជាមួយលោក យូ ធាន ស្វេ (U Thein Swe) រដ្ឋមន្ត្រីការងារមីយ៉ាន់ម៉ា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានថ្លែងថា ពលករមីយ៉ាន់ម៉ាប្រមាណជាង ១ ៣០០ នាក់ទទួលបានបណ្ណការងារជនបរទេសនៅកម្ពុជា ហើយមានប្រមាណ ១៨០ នាក់ជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។ ចំនួននេះរំពឹងថានឹងកើនឡើងបន្តទៀត។ ពលករមីយ៉ាន់ម៉ាដែលកំពុងធ្វើការនៅកម្ពុជាទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ។ នេះបើតាមហ្វេសប៊ុកក្រសួងការងារកាលពីថ្ងៃចន្ទ។ យោងតាមហ្វេសប៊ុកក្រសួងការងារលោក ចាទុមង្គល សូណាគុល (Chatumongol Sonakul) រដ្ឋមន្ត្រីការងារថៃថ្លែងក្នុងជំនួបជាមួយ លោក អ៊ិត សំហេង ថាភាគីថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើពលករកម្ពុជាដែលនឹងផុតសុពលភាពធ្វើការងារក្នុងប្រទេសថៃ ដោយរៀបចំយន្តការបន្ថែមទៀត មិនចាំបាច់តម្រូវឱ្យពលករធ្វើការចំណាយច្រើនត្រឡប់មកប្រទេសរបស់ខ្លួន។

ហ្វេសប៊ុកដដែលបញ្ជាក់ថា ក្នុងជំនួបរវាងលោក អ៊ិត សំហេង និងលោក ខាំផែង សាយស៊ុមផេង (Khampheng Saysompheng) រដ្ឋមន្ត្រីការងារឡាវ ភាគីទាំង ២ ប្ដេជ្ញាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារកាលពីថ្ងៃទី ១២ ខែកញ្ញាក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀតឱ្យមានប្រសិទ្ធភាព៕

website_news/2019190902.txt · Last modified: 2019/09/19 13:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki