website_news:2019191101

សម្ដេច ហ៊ុន សែន សរសើរថៃដែលបញ្ជូនពលករទៅប្រទេសប្រាក់ខែខ្ពស់ ហើយនាំពលករពីកម្ពុជា និងឡាវជំនួសវិញ

https://thmeythmey.com/ 18, Nov 2019 , 9:19 pm

ភ្នំពេញ៖ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន សុទ្ធតែបញ្ជូនពលករទៅក្រៅប្រទេសទាំងអស់ មិនមែនមានតែ កម្ពុជានោះទេ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពន្យល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការសហការជាមួយប្រទេសដទៃ ដើម្បីបញ្ជូនពលករខ្មែរ ទៅធ្វើការនៅទីនោះ។ សម្ដេច ហ៊ុន សែន ក៏ឆ្លៀតសរសើរថៃ ដែលបញ្ជូនពលករច្រើនទៅធ្វើការនៅប្រទេសប្រាក់ខែខ្ពស់ទៀតផង។

ពីពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ សម្ដេច ហ៊ុន សែន បានអះអាងថា ការបញ្ជូនពលរដ្ឋទៅក្រៅប្រទេស វាមិនមែនជារឿងអ្វីដែលខុសឆ្គងនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចចាំបាច់ទៅវិញទេ ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាពលរដ្ឋអត់ការងារធ្វើ។ លើកពីបញ្ហាបញ្ជូនពលករនេះ ប្រមុខរដ្ឋាភិបាល បានអះអាងថា ប្រទេសក្នុងតំបន់អាស៊ាននេះ ភាគច្រើនគឺបញ្ជូនពលករចេញ សូម្បីតែថៃ ដែលនាំពលករពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវនោះ ក៏បញ្ជូនពលករទៅប្រទេសក្រៅដែរ។ ត្រង់ចំណុចសម្ដេច ហ៊ុន សែន បានសរសើរថៃ ដែលពូកែក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសមានប្រាក់ខ្ពសទៀតផងដែរ។ «ថៃគាត់ចេះ គាត់ពូកែ គាត់បញ្ជូនមនុស្សទៅធ្វើការនៅក្រៅប្រទេស ទៅកូរ៉េ ទៅជប៉ុន ទៅកោះតៃវ៉ាន់ ទៅមជ្ឈិមបូព៌ា ជនជាតិថៃច្រើនណាស់បញ្ជូនទៅ ។ ប៉ុន្តែគាត់(ថៃ)ខ្វះពលកម្មក្នុងស្រុក គាត់ទាញយកពលកម្មពីកម្ពុជា គាត់ទាញយកពលកម្មពីឡាវ គាត់ទាញយកពលកម្មពីមីយ៉ាន់ម៉ា មកជំនួសពលកម្ម(ថៃ) ដែលបញ្ជូនទៅធ្វើការនៅក្រៅប្រទេស ដែលមានប្រាក់ខែច្រើនជាង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ក្នុងតំបន់អាស៊ាន មានតែប្រទេសពីរប៉ុណ្ណោះ ដែលមិនបញ្ជូនពលករចេញនោះ គឺម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈហ្វីលីពីនបញ្ជូនពលករទៅក្រៅប្រទេសជាង១២លាននាក់។ បើតាមសម្ដេច ហ៊ុន សែន រដ្ឋាភិបាលកំពុងស្នើទៅរដ្ឋាភិបាលកូរ៉េខាងត្បូង និងជប៉ុន ដើម្បីសុំបញ្ជូនពលករបន្ថែមទៀត ខណៈប្រទេសទាំងពីរនេះ បានផ្ដល់ប្រាក់ខែខ្ពស់ដល់ពលករ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនៅក្នុងស្រុក។

ពលករខ្មែរនៅក្រៅប្រទេសមានចំនួនប្រមាណ១,២លាននាក់ ដោយនៅប្រទេថៃច្រើនជាងគេ ១,១លាននាក់ ប្រទេសកូរ៉េប្រហែល៥ម៉ឺននាក់ និងប្រទេសផ្សេងៗទៀតដូចជា ម៉ាឡេស៊ី ជប៉ុនជាដើម។ ពលករខ្មែរដែលចេញទៅក្រៅប្រទេស មាននៅប្រទេសថៃក្នុងចំនួនលើសលុប តែជាទូទៅធ្វើការគ្មានជំនាញ ដូចជាធ្វើការនៅការដ្ឋានសំណង់ សេវាកម្មផ្សេង និងកសិកម្ម ដកដំឡូង កាច់ពោត ចៀរជ័រកៅស៊ូ នេសាទ ជាដើម។ តែនៅកូរ៉េ និងជប៉ុន ពលករខ្មែរធ្វើការគ្រាន់បើជាងពលករនៅថៃ និងម៉ាឡេស៊ី ដោយទទួលប្រាក់ឈ្នួលខ្ពស់ ហើយពួកគេភាគច្រើនមានការអប់រំខ្ពស់ជាងពេលនៅខ្មែរ ដែលអាចរៀនពីរបៀបរបបធ្វើការពីក្រៅ និងចាប់យកចំណេះជំនាញបានក្នុងកម្រិតណាមួយប្រសើរជាង។ តែយ៉ាងណាក៏ដោយ ពលករខ្មែរនៅកូរ៉េ ទោះធ្វើការនៅផ្នែកឧស្សាហកម្ម ក៏ក្នុងនាមជាពលករជំនាញកម្រិតទាប ពោលគឺប្រើកម្លាំងពលកម្មលើសលុប។

 ពលករក្រៅប្រទេសនឹងក្លាយជាបន្ទុក បើមិនមានចំណេះជំនាញជាប់នឹងខ្លួន ពេលត្រឡប់មកវិញ 

សម្រាប់អ្នកវិភាគសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ បើពលករទៅធ្វើការនៅក្រៅប្រទេសហើយ ត្រឡប់មកវិញ ដោយគ្មានជំនាញអ្វីច្បាស់នោះ ពួកគេនឹងក្លាយទៅជាបន្ទុក។ «តែបើគាត់មិនបានស្រូបយកចំណេះដឹងទាំងអស់នោះមកវិញទេ ពួកគាត់នឹងប្រៀបបានកាកសំណល់ដែលហូរត្រឡប់មកវិញហើយ ព្រោះថានៅពេលត្រឡប់មកវិញត្រូវចាំចាយលុយហើយព្រោះកម្លាំងក៏ចុះខ្សោយ»។ នេះជាការយល់ឃើញរបស់អ្នកវិភាគសេដ្ឋកិច្ច។

បើតាមតួលេខពីធនាគារជាតិនៃកម្ពុជា ពលករខ្មែរបានផ្ទេរថវិកាតាមប្រព័ន្ធធនាគារប្រមាណ ១១០០លានដុល្លារចូលស្រុកកំណើតវិញកាលពីឆ្នាំ២០១៨ ដែលកើនឡើងប្រមាណ១០០លានដុល្លារ។ តែបើការអះអាងពីក្រសួងការងារ ថវិកាផ្ញើមកស្រុករបស់ពលករមានចំនួនច្រើនជាងនេះ៕

website_news/2019191101.txt · Last modified: 2019/11/19 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki