website_news:2019191107

អត់ព្រមសហការ…ចូលចាប់សែងស្ត្រីម្នាក់បញ្ចូលក្នុងឡានទៅសាកសួរ

https://news.kohsantepheapdaily.com.kh/ By sreyna November 19, 2019

រាជធានីភ្នំពេញ ៖ អាជីវករដូរលុយ និងវេរលុយម្នាក់ បានត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកចាប់សែងចេញពីក្នុងអង្រឹងយកដាក់រថយន្ត បន្ទាប់ពីហៅសាកសួររឿងបាត់នាងក្រមុំម្នាក់ដែលមកស្នាក់នៅជាមួយមិនព្រមទៅ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៣ និង៣០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះដូរលុយ និងអាស៊ីវេលុយ មានអាសយដ្ឋានលេខ៣៧០ មហាវិថីម៉ៅសេទុង មុខផ្សារដើមគ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ស្ត្រីដែលសមត្ថកិច្ចនាំខ្លួននេះ ឈ្មោះលឹម វ៉ាន្នី អាយុប្រមាណ៦៣ឆ្នាំ ស្នាក់នៅផ្ទះខាងលើ ។ តាមព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌទួលគោក បានមកអញ្ជើញអាជីវកររូបនេះទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធខណ្ឌ តែគាត់មិនព្រមទៅព្រមទាំងប្រកែកថា មិនបានដឹងនោះទេ ។ ដោយសារតែមិនព្រមសហការ សមត្ថកិច្ចក៏បានសុំគោលការណ៍ហើយនាំខ្លួនតែម្តង ។

តាមព័ត៌មានឲ្យដឹងទៀតថា ខណៈនោះគេឃើញអាជីវកររូបនេះព្យាយាមគេច ហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថ នាំគ្នាចូលទៅចាប់ខ្លួន សែងចេញពីក្នុងអង្រឹងយកទៅដាក់ក្នុងរថយន្តបញ្ចូនទៅកាន់ញ្ជាការដ្ឋានដើម្បីសាកសួរ ។ មន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ការនាំខ្លួនអាជីវកររូបនេះធ្វើឡើងតាមបញ្ជាលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ម្តាយមីងនារីម្នាក់ដែលបាត់ខ្លួន ខណៈមកស្នាក់នៅធ្វើការនៅផ្ទះខាងលើ ។

តាមម្តាយមីងឈ្មោះ តូច សុផល អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្មួយស្រីរបស់គាត់ឈ្មោះ ចាន់ ស្រីណយ អាយុ១៨ឆ្នាំ បានបាត់ខ្លួនមិនដឹងទៅណា បន្ទាប់ពីមកធ្វើការជាអ្នកលក់បាយ និងស្នាក់នៅផ្ទះ ខាងលើ ។ ស្ត្រីជាម្តាយមីងបានឲ្យដឹងទៀតថា តាមរយៈអ្នកស្គាល់គ្នា គាត់បានយកកូនស្រី២នាក់និងក្មួយស្រីម្នាក់មកធ្វើការជាមួយឈ្មោះ លឹម វ៉ាន្នី ។ លុះក្រោយមក គាត់បានយកកូនទៅរៀនវិញ នៅសល់តែក្មួយមកធ្វើការជាអ្នកលក់បាយ រយៈពេលជាង១ខែមកហើយ ។ នៅពេលថ្មីៗនេះ ស្រាប់តែឃើញហ្វ្រេសប៊ុកកូនស្រីរបស់ឈ្មោះ លឹម វ៉ាន្នី បង្ហោះរូបថតក្មួយស្រីគាត់ជាមួយជនជាតិចិន ក៏មានការសង្ស័យថា ក្មួយរបស់គាត់ត្រូវបានគេនាំយកទៅលក់ឲ្យជនជាតិចិន និងបានទាក់ទងតាមទូរស័ព្ទតែក្មួយមិនលើក ។ បន្ទាប់មក គាត់បានធ្វើដំណើរមកភ្នំពេញសួរនាំឈ្មោះ លឹម វ៉ាន្នី តែគេមិនឆ្លើយ និងមិននិយាយ ថែមទាំងជេរទៀត ទើបគាត់ជាម្តាយមីងទៅប្តឹងសមត្ថកិច្ចតែម្តង ។

ទោះបីជាយ៉ាងណា គេពុំដឹងថានាងក្រមុំរូបនេះ ត្រូវបានគេលក់មែនឬយ៉ាងណានោះទេ ដោយសារតែស្ត្រីអាជីវករមិននិយាយ និងបានត្រឹមតែប្រកែកថា មិនដឹងទេ ដែលទំនងជាមានការលាក់បាំងអ្វីមួយ ។ បន្ទាប់ពីនាំខ្លួនអាជីវកររូបនេះ សមត្ថកិច្ចបានបញ្ចូនបន្តទៅកាន់បញ្ជា ការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនិងស្រាវជ្រាវរកនារីវ័យក្មេងដែលបាត់ខ្លួននោះ ។គិតត្រឹមវេលាម៉ោង៥ល្ងាចថ្ងៃដដែល នៅមិនទាន់ដឹងថា ការបាត់ខ្លួននាងក្រមុំរូបនេះដោយសារមូលហេតុអ្វីនៅឡើយទេ ៕

website_news/2019191107.txt · Last modified: 2019/11/19 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki