website_news:2019191202

ថៃចាប់បញ្ជូនពលករខ្មែរតាមច្រកប៉ោយប៉ែត10ខែ ចំនួន 11.118 នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៤:៥៦ ណុប រក្សា

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្សថ្នាក់ខេត្ត(គ.ខ.ប.ជ) កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅនៅសាលាខេត្ត បានប្រជុំបូកសរុបលទ្ធផលការងារក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សថ្នាក់ខេត្ត ដោយមានការរួមចូលពីសំណាក់អ្នកពាក់ព័ន្ធ និងអង្គការដៃគូ ។ តាមរបាយការណ៍ឱ្យដឹងថា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩នេះ ពលករទេសន្តរប្រវេសន៍(ពលករខ្មែរ) ដែលអាជ្ញាធរថៃបញ្ជូនមកវិញមានចំនួនសរុប១១.១១៨នាក់(ស្រី ៣.៤៨៥នាក់)ក្នុងនោះកុមារចំនួន១.៤៥៧នាក់(កុមារី៥៩៣នាក់)។ បើប្រៀធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួន២៦.៩៨១នាក់ ឃេីញថាមានការថយចុះចំនួន១៥.៨៦៣នាក់ ។ ឯសពពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមតួលេខរបស់ការិយាល័យអន្តោប្រវេសន៍មានចំនួន៥នាក់(ស្រីម្នាក់) ។

លោកស្រី ប៉ុក ណាឌី បានមានប្រសាសន៍ ជំរុញដល់អ្នកពាក់ព័ន្ធត្រូវ ៖

-បន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។

-បន្តសហការជាមួយមន្ទីរទេសចរណ៍ខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ហាងខារ៉ាអូខេ កន្លែងកម្សាន្ត កន្លែងម៉ាស្សា ទប់ស្កាត់សកម្មភាពជួញដូរស្ត្រី និងកុមារ។

-បន្តលើកកម្ពស់បញ្ហាសុខុមាលភាពកុមារនៅក្នុងមណ្ឌល និងក្រៅមណ្ឌល។

-បន្តកិច្ចសហការជាមួយអង្គការដៃគូ ដើម្បីផ្ដល់សេវាដល់ជនរងគ្រោះដែលមានបញ្ហាពាក់ព័ន្ធ។

-សហការជាមួយនឹងអាជ្ញាធរក្រុង-ស្រុក អង្គភាពពាក់ព័ន្ធ និងអង្គការ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលរកឃើញ។

-ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ ស្ដីពីផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

-បន្តជំរុញការក្តាប់ទិន្នន័យចំណាកស្រុក និងបង្ក្រាបជនដែលលួចចេញ-ចូលទៅប្រទេសថៃ តាមច្រករបៀងគ្មានច្បាប់អនុញ្ញាត។

-បន្តសហការជាមួយអង្គការដៃគូនានា ដើម្បីផ្តល់សេវាដល់ជនរងគ្រោះដែលមានបញ្ហា ឲ្យបានទាន់ពេលវេលា និង-ត្រូវបន្តចុះអធិការកិច្ចការងារតាមសហគ្រាសគ្រឹះស្ថានឯកជន និងសេវាកម្សាន្តនានា ។

website_news/2019191202.txt · Last modified: 2019/12/19 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki