website_news:2019200201

លោក ហ៊ុន សែន ជំរុញទៅមន្រ្តីក្រោមឱវាទឲ្យការពារសិទ្ធិ និងផលប្រយោជន៍ពលករចំណាកស្រុក

https://www.vodhotnews.com/ លោក ឃុត សុគន្ធ ១៩ កុម្ភៈ ២០១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញនេះ បានជំរុញទៅស្ថាប័នពាក់ព័ន្ធ ឲ្យសហការគ្នាឲ្យបានល្អ ដោយថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករចំណាកស្រុក។ សរសេរផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីល្ងាចម្សិលមិញនេះ លោក ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករទៅធ្វើការងារក្រៅប្រទេស និងត្រូវសហការឲ្យបានល្អជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស រួមទាំងមន្ត្រីតំណាងកម្ពុជានៅក្រៅប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ និងដាក់វិធានការនានាក្នុងគោលដៅបង្កើនសុវត្ថិភាពសម្រាប់ពលរដ្ឋដែលធ្វើចំណាកស្រុក។

លោក ហ៊ុន សែន សរសេររៀបរាប់បន្ថែមថា៖ «ត្រូវសហការឲ្យបានល្អជាមួយក្រសួងពាក់ព័ន្ធក្នុងគណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកតំណាងពីក្រៅប្រទេស ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ពលការិនី ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ក្នុងគោលដៅបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ទទួលស្គាល់ថា កន្លងមក ក្រសួងការងារបានធ្វើការងារជាច្រើន ដើម្បីសម្រួលដល់ពលករចំណាកស្រុក ប៉ុន្តែ លោកនៅតែមើលថា បញ្ហារបស់ពលករចំណាក់ស្រុកទាំងនោះ នៅតែបន្តកើតមាន។ លោក មឿន តុលា លើកឡើងថា ពលរដ្ឋខ្មែរបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការងារទាំងខុសច្បាប់នោះ ដោយសារតែនីតិវិធីដើម្បីទទួលបានភាពស្របច្បាប់នោះ មានភាពស្មុគស្មាញ ការចំណាយលុយច្រើន និងការរង់ចាំយូរ ខណៈបញ្ហាផ្សេងៗទៀតកើតឡើងដោយខ្សោយការអនុវត្តច្បាប់ និងខ្វះយន្តការទប់ស្កាត់។ លោក មឿន តុលា មានប្រសាសន៍ថា៖ «នីតិវិធីហ្នឹង យើងគួរតែធ្វើវាឲ្យសាមញ្ញ។ ទី២ រឿងតម្លៃ តម្លៃគួរតែប្រកាសជាសាធារណៈ ដូចជា តម្លៃ Passport [លិខិតឆ្លងដែន] តម្លៃជួសឈាម តម្លៃពិនិត្យសុខភាពរបស់ពលករ។ល។ និងដាក់ឲ្យវាមានតម្លាភាព និងកុំឲ្យមានអំពើពុករលួយក្នុងហ្នឹង។ តែកាលណាយកថែមពីលើតម្លៃដែលរដ្ឋចេញឲ្យទៀត អាហ្នឹងខាងក្រុមហ៊ុននឹងយកហួសជាងហ្នឹងទៀតហើយ។ ទី៣ កុំតម្រូវឲ្យក្រុមហ៊ុនចុះឈ្មោះពលករដោយឲ្យរង់ចាំយូរពេក ចាំមាន Order [ការបញ្ជា] ចាំចុះ។ បើសិនអត់មានទេ កុំចុះ យើងដឹងហើយពលរដ្ឋខ្មែរតែពេលទៅចុះឈ្មោះ គាត់ត្រូវបង់លុយ បើបង់លុយ គាត់ត្រូវខ្ចីលុយគេ។ អញ្ចឹង កាលណារង់ចាំកាន់តែយូរ គាត់ជំពាក់ការប្រាក់កាន់តែច្រើន»។ របាយការណ៍នៃសន្និបាតបូកសរុបការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បង្ហាញថា រដ្ឋាភិបាលកម្ពុជាបានផ្តល់សេវាស្វែងរកការងារធ្វើនៅក្រៅប្រទេសដល់ពលរដ្ឋចំនួនជាង ១លាន ២សែននាក់ ខណៈនៅឆ្នាំ២០១៩នេះ កម្ពុជាគ្រោងបញ្ជូនពលករខ្មែរចំនួន ៥ពាន់នាក់ទៀត ឲ្យទៅបម្រើការងារនៅប្រទេសគុយវ៉ែត។

របាយការណ៍របស់ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈពេល ៦ខែក្នុងឆ្នាំ២០១៨ ពលករខ្មែរចំនួន ១៩ ៨៦៩នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកពីប្រទេសចំនួន ១៨ បន្ទាប់ពីពួកគេចាញ់បោកមេខ្យល់ និងក្រុមហ៊ុននាំពលករទៅធ្វើការដោយខុសច្បាប់ ខណៈពលករខ្មែរ ១៨៥នាក់បានស្លាប់ ដោយបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនផងដែរ។ របាយការណ៍ដដែលនេះ បញ្ជាក់ថា ពលករខ្មែរបម្រើការងារនៅឯបរទេស បានរងការរំលោភបំពានពីសំណាក់និយោជក ការជួញដូរផ្លូវភេទ ការរៀបការក្លែងក្លាយ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម៕

website_news/2019200201.txt · Last modified: 2019/02/20 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki