website_news:2019200202

មន្ត្រីជំនាញត្រូវការពេលវេលាបន្ថែមទៀត ដើម្បីកែលម្អសេចក្ដីព្រាងច្បាប់ស្ដីពីការពរពោះជំនួស

https://www.rfa.org/khmer/news/ ដោយ សុ ជីវី 2019-02-19

ក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងកិច្ចការនារីកំពុងរួមគ្នាចងក្រងច្បាប់ ស្ដីពីការពរពោះជំនួសក្នុងគោលបំណងទប់ស្កាត់អំពើជួញដូរមនុស្ស និងបទល្មើស ដែលកើតឡើងក្នុងរង្វង់បញ្ហានេះ។ មន្ត្រីផ្នែកទប់ស្កាត់អំពើជួញដូរមនុស្សឲ្យដឹងថាច្បាប់នេះនៅមិនទាន់អាចចេញរួចនៅឡើយ គឺត្រូវរង់ចាំការផ្ទៀងផ្ទាត់បន្ថែមទៀត។ ស្ត្រីខ្មែរជាច្រើននាក់បានក្លាយជាជនរងគ្រោះដោយសារអាជីវកម្មពរពោះជំនួស។ មកដល់ពេលនេះមានស្ត្រីជាង៣០នាក់កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដើម្បីធានាថាពួកគេនឹងមិនលក់ដូរកូនៗ ទៅឲ្យក្រុមបរទេស ដែលជួលពួកគេឲ្យពរពោះ។ អ្នកការពារសិទ្ធិមនុស្សស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធអោយពិនិត្យអោយបានដិតដល់ ដើម្បីធានាថាច្បាប់នេះមានវិសាលភាពគ្រប់គ្រាន់នឹងការពារសិទ្ធិស្ត្រី និងកុមារពាក់ព័ន្ធនឹងការពរពោះជំនួស។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អោយដឹងថា ក្រុមការងារពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពីការពរពោះជំនួសកំពុងពិនិត្យបន្ថែមទៀតទៅលើគោលបំណងនៃច្បាប់នៃ៖ «ព្រោះឥឡូវហ្នឹងកំពុងតែជជែកគ្នាថា សេចក្ដីព្រាងច្បាប់នេះមានគោលដៅយ៉ាងម៉េច? បើសិនជានិយាយអំពីបទល្មើសបានន័យថា ត្រូវហាមឃាត់ គឺជាច្បាប់ដែលមានទំនោរទៅរកការហាមឃាត់មិនឲ្យធ្វើ។ អញ្ចឹងកំពុងតែយកមកមើលឡើងវិញ»។

សេចក្ដីព្រាងច្បាប់មួយមានកម្រាស់ ២៧ទំព័រ ៨ជំពូក រៀបចំដោយក្រសួងយុត្តិធម៌ ដែលអាស៊ីសេរីទទួលបានបង្ហាញថា គោលដៅនៃច្បាប់នេះ គឺធានាការអនុវត្តឲ្យបានត្រឹមត្រូវនូវការពរពោះជំនួស ដើម្បីការពារសិទ្ធិរបស់ជន ដែលពាក់ព័ន្ធទៅនឹងការពរពោះជំនួស ជាពិសេស ស្រ្តី និងកុមារអោយបានស្របតាមបញ្ញត្តិច្បាប់ និងការពារ ទប់ស្កាត់ មិនឲ្យមានអាជីវកម្មតាមរយៈសេវាពរពោះជំនួស។ ច្បាប់នេះគ្របដណ្ដប់ទៅលើការពរពោះជំនួស ដោយផ្អែកលើពាក្យសុំធ្វើនៅក្នុងប្រទេសកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះមានគោលការណ៍មូលដ្ឋានសំខាន់ចំនួន ៤រួមានគោរពសេរីភាពឆន្ទៈបុគ្គល ដែលពាក់ព័ន្ធនឹងការពរពោះជំនួសផ្ដល់លទ្ធភាពចំពោះប្ដីប្រពន្ធ ដែលពុំអាចពរពោះដោយខ្លួនឯងបានហាមឃាត់ការធ្វើអាជីវកម្មក្នុងរឿងពរពោះជំនួស គោរពសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ និងលើកកម្ពស់សុខុមាលភាព សុវត្ថិភាពរបស់ស្ត្រីជាពិសេសស្ត្រីពរពោះជំនួស និងគាំពារសុខុមាលភាព ឧត្ដមប្រយោជន៍នៃកុមារកើតដោយការពរពោះជំនួស។ បើតាមសេចក្ដីព្រាងច្បាប់ដដែលនេះ គេនឹងបង្កើតឲ្យមានគណៈកម្មាធិការជាតិគ្រប់គ្រងការពរពោះជំនួស គណៈកម្មការជំនាញ និងការិយាល័យទទួលពាក្យសុំ។ ច្បាប់នេះក៏នឹងសម្រេចពីបុត្តភាព ដែលកំណត់ថានរណាជាឪពុក និងម្ដាយរបស់កូនដែលកើតដោយការពរពោះជំនួស និងស្មុំកូន ដែលនិយាយពីការស្នើសុំកូនដែលកើតមកនោះយកទៅចិញ្ចឹម។ ក្រៅពីនេះ ច្បាប់ស្ដីពីការពរពោះជំនួស ក៏មានចែងពីទោសបញ្ញត្តិនានាទាក់ទងនឹងការទិញដូរមេជីវិតញី ឈ្មោល ឬអំប្រ៊ីយ៉ុង ដែលបង្កជាកំណើតកូន អំពើអន្តរការី ការធ្វើអាជីវកម្មការពរពោះ ការពរពោះជំនួសដោយមិនបានចុះបញ្ជីតាមច្បាប់ និងការផ្សព្វផ្សាយជាសាធារណៈទាក់ទងនឹងការពរពោះ។ អ្នកស្រី ជូ ប៊ុនអេង អោយដឹងទៀតថា សេចក្ដីព្រាងច្បាប់ស្ដីពីការពរពោះជំនួសនៅមានចំណុចត្រូវកែលម្អ ដែលអាចនឹងចំណាយពេលយូរបន្ថែមទៀត៖ «ដោយសារតែវានៅជាសេចក្ដីព្រាងច្បាប់នៅឡើយ ហើយបទល្មើសក៏កំពុងតែកើតមានថ្មី អញ្ចឹងយើងមិនប្រញាប់ប្រញាល់ពេកទេ»។ អ្នកស្រីបន្តថានៅពេលដែលច្បាប់នេះពុំទាន់អាចចេញរួចអាជ្ញាធរនៅតែអាចប្រើច្បាប់ព្រហ្មទណ្ឌ ដែលមានស្រាប់ចំពោះការប្រព្រឹត្តល្មើសដល់ការជួញដូរមនុស្សកើតពីករណីពរពោះជំនួសនេះ។

កាលពីឆ្នាំ២០១៧ តុលាការរាជធានីភ្នំពេញបានកាត់ទោសកាលពីពេលកន្លងទៅបានកាត់ទោសស្ត្រីជនជាតិអូស្ត្រាលី ឈ្មោះ ថាំមី ដាវីស ឆាស៍(Tammy Davis- Charles) និងខ្មែរ ២នាក់ទៀតដាក់ពន្ធនាគារម្នាក់ៗ មួយឆ្នាំកន្លះ ពិន័យប្រាក់ ៤លានរៀល ករណីអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពរពោះ និងផ្ដល់ឯកសារដោយទុច្ចរិត តាមមាត្រា៣៣២ និង មាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ។ ស្ត្រីជនជាតិអូស្ត្រាលីរូបនេះ បានជួលស្រីខ្មែរ ២នាក់ឱ្យពពោះកូនជំនួស និងបញ្ជូនក្មេងដែលកើតទៅឱ្យអតិថិជននៅក្រៅប្រទេស។ ក្នុងនោះអាជ្ញាធរបានរកឃើញថាមានការបន្លំឯកសារមួយចំនួនរួមមានឯកសារបញ្ជាក់អត្តសញ្ញាណរបស់ទារក មានសំបុត្រកំណើតជាដើម។

ក្នុងឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមនុស្ស ៥នាក់ មានជនជាតិចិនដែរ ដោយចោទប្រកាន់ពីបទជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្ត្រីពពោះនេះដែរ។ ក្នុងសំណុំរឿងនេះស្ត្រីខ្មែរជាង ៣០នាក់ ដែលសុទ្ធសឹងតែជាស្ត្រីមានផ្ទៃពោះ ដែលគេជួលអោយពរពោះជំនួសក៏ត្រូវអាជ្ញាធរឃាត់ខ្លួនពីបទ«ការជួញដូរមនុស្សដោយឆ្លងដែន»ក្រោមមាត្រា ១៦ នៃច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម។ ពួកគេប្រឈមនឹងទោសទណ្ឌនៃអំពើជួញដូរមនុស្សតាមរយៈការការលក់ដូរកូនក្នុងផ្ទៃ។ ពេលនេះពួកគេបាននៅក្រៅឃុំ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ពួកគេធានាអះអាងថាចិញ្ចឹមកូនដែលកើតពីផ្ទៃពួកគេ ដោយមិនយកកូននោះធ្វើអាជីវកម្មទេ។

ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើងថា ច្បាប់នេះមានភាពចាំបាច់នៅក្នុងពេលដែលបទល្មើសជួញដូរមនុស្សក្រោមរូបភាពពរពោះជំនួសនេះកើតឡើង។ លោកថាពេលនេះក្រុមស្ត្រីបានក្លាយជាជនរងគ្រោះនៃអាជីវកម្មនេះ ចំណែកកុមារក៏ទទួលរងផលប៉ះពាល់ដោយផ្ទាល់ដែរ។ លោក បន្តទៀតថាក្នុងន័យការពារសិទ្ធិមនុស្សច្បាប់នេះគួរតែបានឆ្លងកាត់ការពិភាក្សាផ្លាស់ប្ដូរយោបល់អោយបានពេញលេញ ដើម្បីធានាការពារសិទ្ធិស្ត្រី និងកុមារ ដែលងាយនឹងរងគ្រោះ៖ «ដើម្បីអោយច្បាប់ហ្នឹងល្អមានប្រសិទ្ធភាព គឺអនុវត្តទៅកុំឲ្យមានចម្រូងចម្រាស ហើយធានាថា ច្បាប់ហ្នឹង គឺដើម្បីការពារផលប្រយោជន៍របស់កុមារ និងផលប្រយោជន៍អ្នកដែលពាក់ព័ន្ធ»។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅក្នុងបេសកកម្មរបស់អ្នកស្រីនៅកម្ពុជាកាលពីចុងឆ្នាំ២០១៧ បានជំរុញអោយរដ្ឋាភិបាលកម្ពុជាពិភាក្សាបង្កើតច្បាប់ស្ដីពីការពរពោះជំនួស ក្នុងន័យការពារសិទ្ធិស្ត្រី និងកុមារទប់ស្កាត់អំពើជួញដូរមនុស្ស។ មន្ត្រីរដ្ឋាភិបាលធ្លាប់បញ្ជាក់ថាចង់អោយច្បាប់នេះមានស្តង់ដារកម្រិតអន្តរជាតិផង។

ទាក់ទងដល់បទល្មើសក្នុងការពរពោះជំនួស នៅពេលមិនទាន់មានច្បាប់នេះ អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បារម្ភពីបទល្មើសថានៅមិនទាន់បញ្ចប់នៅឡើយ ដ្បិតក្រុមអ្នក ដែលចង់បានកូននោះនៅតែមិនព្រមចេញមុខ ដើម្បីធ្វើយ៉ាងណាអោយស្របតាមច្បាប់៖ «ដោយសារតែវានៅតែមានទំនាក់ទំនងជាមួយអ្នកដែលចង់បាន ចង់យកកូនទៅ ប៉ុន្តែយើងអោយគាត់ដាក់បណ្ដឹង ដើម្បីអះអាងថាគាត់ជាឪពុកមែនអត់អីហ្នឹងគាត់អត់មក ហើយជាពិសេសយើងមិនអាចសន្និដ្ឋានថាជាឪពុកមែន ឬមិនមែនទេ ដោយសារតែរបៀបដែលគាត់ធ្វើនៅតែលាក់លៀមៗ ដែលយើងចាត់ទុកថា ជាចេតនានៃការប្រព្រឹត្តបទល្មើសច្រើនជាង»។

មន្ត្រីជំនាញការិយាល័យប្រឆាំងការជួញដូរធ្លាប់ឲ្យដឹងថា ស្ត្រីខ្មែរត្រូវមេខ្យល់បានជួលឲ្យពពោះជំនួស អោយជនបរទេសក្នុងតម្លៃ ១ម៉ឺនដុល្លារម្នាក់ ដោយពួកគេទទួលបានប្រាក់កក់ដំបូងពេលមានផ្ទៃពោះចំនួន ៥០០ដុល្លារ ហើយពេលកូនកើតមកពួកគេទទួលបាន ៣០០ដុល្លារក្នុងខែរហូតគ្រប់ចំនួន។ បើទោះជាយ៉ាងណាក្នុងជំនួញពរពោះជំនួសនេះមេខ្យល់បានប្រាក់ចំណេញកប់ក្ដោងពីលើក្រុមស្ត្រីខ្មែរក្រីក្រ ដែលប្ដូរផ្សងគ្រោះថ្នាក់ពរពោះជំនួស ដើម្បីប្រាក់ដោះស្រាយជីវភាព។ លើសពីនេះពួកគេទំនងមិនបានគិតដល់ថានេះជាទង្វើខុសច្បាប់ទៅទៀត។

អ្នកស្រី ជូ ប៊ុនអេង ផ្ដាំផ្ញើដល់ស្ត្រីខ្មែរអោយចៀសវាងប្រើប្រាស់មធ្យោបាយពរពោះជំនួស ដើម្បីរកប្រាក់នេះ ដ្បិតគឺជាបទល្មើស។ ចំពោះស្រ្តីទាំងជាង៣០នាក់ដែលត្រូវមេខ្យល់ជួលអោយពរពោះនោះពេលនេះភាគច្រើនបានឆ្លងទន្លេ ពួកគេធ្លាប់ទទួលបានការជួយទំនុកបម្រុងពីអង្គការមេត្រីអន្តរជាតិ ហៅកាត់ថា AIM ប្រចាំនៅកម្ពុជា។ ពួកគេក៏កំពុងជួបប្រទះការលំបាកដែរព្រោះត្រូវទទួលបន្ទុកចិញ្ចឹមកូន ដែលពួកគេធ្លាប់គិតថាត្រឹមតែជួយពរពោះដើម្បីបានប្រាក់ដោះស្រាយជីវភាព៕

website_news/2019200202.txt · Last modified: 2019/02/20 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki