website_news:2019200203

ប្រធានស្តីទីសហគមន៍អេកូទេសចរណ៍ជីផាត៖ ការធ្វើចំណាកស្រុក ត្រូវកាត់បន្ថយស្ទើរ១០០%

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង 09:18

ថ្លែងប្រាប់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលជាអ្នកតាមប្រមាញ់តំបន់ទេសចរថ្មីៗនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សូ លីហៀង ប្រធានស្តីទីសហគមន៍អេកូទេសចរណ៍ជីផាត បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់បញ្ហាចំណាកស្រុក គឺកាត់បន្ថយបានសឹងតែ ១០០ភាគរយតែម្តង»។ នេះបើយោងតាមអត្ថបទព័ត៌មាន ដែលចុះផ្សាយដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩កុម្ភៈ។ លោក សូ លីហៀង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានងាកមកប្រកបរបរដាំដំណាំ នាំភ្ញៀវទេសចរដើរកម្សាន្តនិងប្រកបរបរផ្សេងៗទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។ លោក សូ លីហៀង បានបន្តថា អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ សហគមន៍អេកូទេសចរណ៍ជីផាត បានបែងចែកប្រាក់វិភាគទានសម្រាប់កសាងប្រព័ន្ធលូ ជួសជុលផ្លូវ និងបែងចែកដល់សមាជិកសហគន៍ ដែលបម្រើការសេវាជូនភ្ញៀវទេសចរ នៅក្នុងសហគន៍ផងដែរ។

បើតាមប្រធានស្តីទីរូបនេះ សព្វថ្ងៃឃុំជីផាត មានប្រជាពលរដ្ឋជាង ៦០០គ្រួសារ ហើយមានពលរដ្ឋ ៣៦២គ្រួសារ ជាសមាជិករបស់សហគមន៍ ដូច្នេះពួកគាត់អាចទាញប្រយោជន៍ពីសហគន៍ដូចជា៖ ធ្វើជាចុងភៅភូមិ ចុងភៅព្រៃ មគ្គុទេ្ទសក៏នាំភ្ញៀវដើរទស្សនាកន្លែងកម្សាន្តនានា នៅក្នុងតំបន់អេកូទេសចរណ៍ជីផាត។ លោក សូ លីហៀង បានបញ្ជាក់ថា នៅឆ្នាំ១៩៩៨ នៅជីផាត មានសកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានព្រៃយកដីធ្វើស្រែ និងបរបាញ់សត្វព្រៃ យ៉ាងអនាធិបតេយ្យ ប៉ុន្តែដោយមានការមើលឃើញ និងជួយជ្រោមជ្រែងពីអង្គការ វ៉ាយឡែហ្វ ឡាយអ៊ិន បានកាត់បន្ថយ និងលុបបំបាត់សកម្មភាពទាំងនេះជាបណ្ដើរៗ រហូតដល់មានការចងក្រងឯកសារមួយចំនួនជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំនួន ៤ភូមិ នៅក្នុងឃុំជីផាតនេះ បង្កើតទៅជាសហគមន៍ឡើង។

សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាដើម៕

website_news/2019200203.txt · Last modified: 2019/02/20 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki